គ្មានទីកន្លែងណានៅលើពិភពលោកដែលពលរដ្ឋអាចចូលទៅកាន់ផ្សារទំនើប ដើម្បីទិញកាំភ្លើងដូចនៅអាមេរិកឡើយ។ ក្រោយពេលមានការបាញ់ប្រហារសម្លាប់មនុស្សជាច្រើនដោយកាំភ្លើងម្តងៗ ចំនួនពលរដ្ឋទៅទិញកាំភ្លើងកាន់តែកើនឡើងជាលំដាប់។
មកទល់ពេលនេះ គ្មានអ្នកណាដឹងថា មានកំភ្លើងប៉ុន្មានលានដើមត្រូវបានប្រើប្រាស់នៅក្នុងជួរពលរដ្ឋអាមេរិកនោះឡើយ។ ប៉ុន្តែតាមរបាយការណ៍វាយតម្លៃបង្ហាញឲ្យឃើញថា មានកាំភ្លើងគ្រប់ប្រភេទរហូតដល់ទៅជាង ២៧០លាន ត្រូវបានពលរដ្ឋអាមេរិក ជាង៣៣០លាននាក់ប្រើប្រាស់។ ចំនួនអ្នកប្រើប្រាស់គឺមានច្រើនបំផុតនៅលើពិភពលោក ហើយការបាញ់ប្រហារក៏ច្រើនជាងគេបង្អស់ផងដែរ។
តាមតួលេខបង្ហាញឲ្យឃើញថា ជារៀងរាល់ឆ្នាំមានកាំភ្លើង ជាង៩,៣លានដើម ត្រូវបានផលិត និងលក់ចេញនៅអាមេរិក។ មិនតែប៉ុណ្ណោះ មានគ្រួរសារអាមេរិកពាក់កណ្តាលមានកាំភ្លើងរក្សាទុកនៅក្នុងផ្ទះ។ ក្រោយការបាញ់ប្រហារដោយកាំភ្លើងម្តងៗ គឺពលរដ្ឋអាមេរិកនាំគ្នាទៅទិញកាំភ្លើងកាន់តែច្រើនឡើង។ ទឹកប្រាក់ដែលត្រូវចំណាយសម្រាប់ទិញកាំភ្លើងខ្លីនៅអាមេរិក មានប្រហែលតែ២០០ដុល្លារប៉ុណ្ណោះ។ ចំណែកកាំភ្លើង AR-15 ពេលបញ្ចុះតម្លៃសល់តែ ៤២៥ដុល្លារតែប៉ុណ្ណោះ។
ចាប់តាំងពីឆ្នាំ២០០៨ មកទល់ពេលនេះ មានកាំភ្លើងដល់ទៅ៧០លានដើមត្រូវបានលក់នៅលើទីផ្សារដោយមានកាំភ្លើងគ្រប់ប្រភេទ ទាំងកាំភ្លើងយន្តផងដែរ។ អ្វីដែលចាប់អារម្មណ៍នោះ គឺកាំភ្លើងយន្តដល់ទៅ៤លានដើម បានលក់នៅលើទីផ្សារច្រើនជាងកាលពីឆ្នាំ២០១០ ដែលមានតែ ១,៨លានដើមប៉ុណ្ណោះ។
ហាងលក់កាំភ្លើងនៅអាមេរិក គឺមិនខុសទៅនឹងហាងលក់វែនតា ឬនាឡិកាឡើយ ដោយមានគ្រប់ធុន គ្រប់ម៉ូដ គ្រប់តម្លៃ សម្រាប់បម្រើដល់តម្រូវការរបស់អតិថិជន។
នៅក្នុងមាត្រាកែប្រែបំពេញបន្ថែមលើកទីពីរ នៃរដ្ឋធម្មនុញ្ញអាមេរិកបានលើកឡើង ពីការធានាសិទ្ធកាន់កាប់ និងប្រើប្រាស់កាំភ្លើង ក៏ដូចជាយកកាំភ្លើងជាប់តាមខ្លួន។
កាលពីខែកុម្ភៈ ឆ្នាំ២០១៨ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មានសកម្មភាពជាវិជ្ជមាននៅក្នុងការកាត់បន្ថយការលក់កាំភ្លើងយន្តនៅលើទីផ្សារ ដោយសារតែអាវុធនេះសម្លាប់មនុស្សច្រើន ក្នុងរយៈពេលខ្លី។ ប៉ុន្តែប៉ុន្មានខែក្រោយមក លោកបែជាថ្កោលទោសលើច្បាប់គ្រប់គ្រងអាវុធតឹងតែនៅបារាំងទៅវិញ ដែលជាហេតុធ្វើឲ្យពលរដ្ឋគ្មានអាវុធសម្រាប់តដៃជាមួយក្រុមភេរវកម្ម។
ប្រភេទកាំភ្លើងដែលបានប្រើប្រាស់នៅក្នុងការបាញ់ប្រហារសម្លាប់មនុស្សច្រើនជាងគេបំផុតនៅអាមេរិកនោះគឺ កាំភ្លើងប្រភេទ AR-15 ដែលបានបាញ់ប្រហារនៅសាលាបឋមសិក្សា Sandy Hook នៅរដ្ឋ Connecicut កាលពីឆ្នាំ២០១២ សម្លាប់កុមារ២០នាក់ និងរបួស៦នាក់។ ប្រភេទកាំភ្លើងនេះក៏ត្រូវបានប្រើប្រាស់នៅក្នុងការបាញ់ប្រហារ ពីលើអគារកម្ពស់២៣ជាន់ សម្លាប់មនុស្ស៥៨នាក់ នៅឡាសវីហ្គា និង២៦នាក់ស្លាប់នៅរដ្ឋតិចសាស។
តាមរបាយការណ៍បង្ហាញឲ្យឃើញក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះមានអ្នកស្លាប់ដោយសារកាំភ្លើងនៅអាមេរិកកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន ក្នុងរយៈពេល១០ឆ្នាំកន្លងមក។
តាមតួលេខរបស់ FBI ការសម្លាប់មនុស្សដោយកាំភ្លើងនៅអាមេរិក កើនឡើង ជិត ១១.០០០ករណី កាលពីឆ្នាំ២០១៧ កើនឡើងខ្ពស់ ជាកាលពីឆ្នាំ២០១៦ដែលមានតែ ៩.៦០០ករណីបាញ់ប្រហារសម្លាប់មនុស្សប៉ុណ្ណោះ។
សុរបចំនួនអ្នកស្លាប់ដោយសារកាំភ្លើងនៅឆ្នាំ២០១៧ ជាង ៣៨.០០០នាក់ កើនឡើងខ្ពស់បំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១១ មកទល់ពេលនេះ។ នៅក្នុងឆ្នាំ២០១៨នេះ អាចនឹងមានអ្នកស្លាប់ច្រើនជាងនេះ ដោយរយៈពេលកន្លងមក មានការបាញ់ប្រហារសម្លាប់មនុស្សជាបន្តបន្ទាប់៕ ម៉ែវ សាធី