ព័ត៌មានទាន់ហេតុការណ៍៖

លោក អូស្មាន ហាស្សាន់៖ ទទួលបានសញ្ញាបត្របណ្ឌិតកិត្តិយសគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យហ្វាតូនី ប្រទេសថៃ

ចែករំលែក៖

ប្រទេសថៃ៖ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស តំណាងរាជរដ្ឋាភិបាលកម្ពុជា បានទទួលសញ្ញាបត្របណ្ឌិតកិត្តិយសគ្រប់គ្រងធុរកិច្ច ពីសាកលវិទ្យាល័យហ្វាតានី នៅភាគខាងត្បូងប្រទេសថៃ ពី សាកលវិទ្យាល័យអន្តរជាតិ ដ៏ធំជាងគេក្នុងតំបន់ភាគខាងត្បូងប្រទេស ថៃនេះ។ ពិធី ប្រគល់និងទទួល សញ្ញាបត្រនេះ បានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃអាទិត្យ ១៤រោចខែស្រាពណ៏ ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវនិងថ្ងៃទី០៩ កញ្ញា ឆ្នាំ២០១៨ ។

ការប្រគល់ជូនសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ក្រោមការឯកភាព និង ជំរុញពី សហក្រុមប្រឹក្សាភិបាល ដែលមាន លោក Wan Muhamad Noor Matha ជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ ដែលជាអតីតប្រធានរដ្ឋសភា និង ឧបនាយករដ្ឋមន្រ្តីប្រទេសថៃផងដែរ ។

លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តី បានលើកឡើងថា ៖ ខ្ញុំជឿជាក់ថា តាមរយៈការផ្តល់សញ្ញាបត្របណ្ឌិតកិត្តិយសមកដល់រូបខ្ញុំនៅថ្ងៃនេះ ពិតជាអាច​ជួយដាស់ស្មារតី ពង្រឹងអារម្មណ៍របស់យុវជនយើងទាំងកម្ពុជា និងថៃ ត្រូវតែភ្ញាក់រលឹក ប្រឹងប្រែង​បន្ត​ទៀត ដើម្បីសម្រេចឲ្យបាននូវគោលដៅរួមរបស់យើងម្នាក់ៗ នោះគឺអភិវឌ្ឍន៏សហគមន៍យើង​ ដោយឲ្យទទួល​បាន​នូ​វការបញ្ចប់ការសិក្សាកម្រិតឧត្តមសិក្សាទាំងផ្នែកចំណេះដឹងទូទៅ ឬផ្នែកឥស្លាម ទទួលបា​នការងារធ្វើល្អៗ បង្កើត​ជាមុខរបរ​ បង្កើតរោងចក្រ សហគ្រាស មន្ទីរពេទ្យ
និងមានច្រើនផ្នែកទៀត ។ ពិសេស​គឺខិតខំ​ធ្វើឲ្យ​សហគមន៍យើង​អាច​រស់នៅប្រកបដោយសុខសន្តិភាព និងអភិវឌ្ឍន៍ ក្រោមការយកចិត្តទុកដាក់ខ្ពស់ និងស្រឡាញ់អំពី​ប្រមុខ​រាជ​រដ្ឋាភិបាល​របស់​យើង។ សម្រាប់មុស្លិមកម្ពុជា ខ្ញុំពិតជាមានមោទនភាពណាស់ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ និងគិតគូរខ្ពស់ដល់ប្រជាពលរដ្ឋទូទៅ រួមទាំងសហគមន៍ខ្មែរឥស្លាមផងដែរ។

សូមបញ្ជាក់ថា៖ ពិធីខាងលើ ធ្វើឡើងស្របជាមួយនឹងពិធីប្រគល់សញ្ញាបត្រលើកទី១៥ របស់សាកលវិទ្យាល័យ ដែលសរុប មានចំនួន ៩៧១រូប ដែលក្នុងនោះឥស្សរជនបណ្ឌិតកិត្តិយសប្រចាំឆ្នាំរបស់សាកលវិទ្យាល័យ១រូប គឺលោកទេសរដ្ឋម ន្រ្តី អូស្មាន ហាស្សាន់ និង ១០រូប ទៀតទទួលសញ្ញាបត្រអនុបណ្ឌិត ព្រមទាំង៩៦០ រូប បរិញ្ញាបត្រ និងបរិញ្ញាបត្ររង៕ សំរិត


ចែករំលែក៖