ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកបន្ថែមអាវុធទំនើបៗទៅកាន់ប្រទេសស៊ីរីត្រៀមសង្គ្រាមទ្រង់ទ្រាយធំ

ចែករំលែក៖

សារព័ត៌មាន Business Insider បានផ្សាយថា នាវាផ្ទុកយន្តហោះអាមេរិក បានដឹកយន្តហោះចម្បាំងបំបាំងកាយប្រភេទ F-35 ដែលជាយន្តហោះទំនើបបំផុតលើពិភពលោក ទៅកាន់មជ្ឈិមបូព៌ា ក្រោយពេលរុស្ស៊ីបានព្រមានវាយប្រហារទាំងទាហានអាមេរិក នៅក្នុងប្រទេសស៊ីរី ដែលបានការពារក្រុមឧទ្ទាម។

នេះជាសកម្មភាពបង្ហាញពីសមត្ថភាពយោធារបស់ប្រទេសមហាអំណាចបរមាណូទាំងពីរ។ រុស្ស៊ីក៏បានបញ្ជូនមួយកងពលទាហានជើងទឹក ទៅសហការជាមួយរដ្ឋាភិបាលស៊ីរី ក្នុងការវាយប្រហារលើក្រុមប្រឆាំងដណ្តើមទីតាំងចុងក្រោយមកវិញនៅក្នុងខេត្ត Idlib។

ជាមួយគ្នានោះ រុស្ស៊ីក៏បានបញ្ជាក់ផងដែរថា អាមេរិកបានរៀបចំសម្តែងឈុតឆាកនៃការវាយប្រហារ ដោយអាវុធគីមីរួចទម្លាក់កំហុសទៅលើទាហានរដ្ឋាភិបាលស៊ីរី ដើម្បីជាមូលហេតុឲ្យអាមេរិក និងសម្ពន្ធមិត្តបើកការវាយប្រហារ។

សេតវិមានបានប្រកាសថា អាមេរិក និងសម្ពន្ធមិត្ត នឹងបើកការវាយប្រហារភ្លាមៗ នៅពេលដែលទទួលបានព័ត៌មានថា ទាហានស៊ីរីប្រើប្រាស់អាវុធគីមីនោះ។ អាមេរិកនឹងបើកការវាយប្រហារដោយមីស៊ីលទៅលើទីតាំងរបស់រដ្ឋាភិបាល។

សារព័ត៌មាន CNN បានផ្សាយថា រុស្ស៊ីបានព្រមានបើកការវាយប្រហារទៅលើទីតាំងយោធានៅភាគខាងត្បូងប្រទេសស៊ីរី ដែលជាកន្លែងមានទាហានអាមេរិកឈរជើង។ រដ្ឋាភិបាលទីក្រុងមូស្គូបានបញ្ជាក់ថា បានឃើញក្រុមឧទ្ទាមលាក់ខ្លួននៅទីតាំងអាមេរិកគ្រប់គ្រង។ អាមេរិកបានបង្ហាញក្តីបារម្ភថា ទាហានរបស់ខ្លួននឹងជួបគ្រោះថ្នាក់ បើរុស្ស៊ីវាយប្រហារនោះ។

សង្គ្រាមវាយប្រហារផ្ទាល់រវាងទីក្រុងមូស្គូ នឹងវ៉ាស៊ីនតោន មិនប្រាកដថា នឹងកើតឡើងនោះឡើយ នៅពេលដែលភាគីទាំង២ បានសហការគ្នាដើម្បីបញ្ចៀសការប៉ះទង្គិចគ្នាដោយផ្ទាល់ អាចជំរុញឲ្យមានសង្គ្រាមវាយប្រហារជាទ្រង់ទ្រាយធំ។

ប៉ុន្តែស៊ីរី គឺជាសមរភូមិក្តៅបំផុតលើពិភពលោកនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ។ កន្លងមកមានយន្តហោះរបស់អុីស្រាអែល រុស្ស៊ី ត្រូវកាំជ្រួចមីស៊ីលបាញ់ទម្លាក់។ ទឹកដីស៊ីរីត្រូវបានចាត់ទុកថា ជាទីលានក្នុងការសាកល្បងអាវុធរបស់ប្រទេសមហាអំណាច។

នៅពេលនេះអាចនិយាយបានថា ក្នុងទឹកដីស៊ីរីមិនមែនជាសង្គ្រាមស៊ីវិល រវាងទាហានរដ្ឋាភិបាល នឹងក្រុមប្រឆាំងទៀតឡើយ គឺជាសង្វៀនបង្ហាញសាច់ដុំ សមត្ថភាពយោធារបស់ប្រទេសមហាអំណាចក្នុងតំបន់។ នៅក្នុងទឹកដីស៊ីរីតូចមួយ ពេលនេះមានទាហានប្រទេសមហាអំណាចជាច្រើនចូលរួម ដោយម្ខាងដឹកនាំដោយអាមេរិក មានអុីស្រាអែល បារាំង អង់គ្លេស… និងម្ខាងទៀតដឹកនាំដោយរុស្ស៊ី មាន អុីរ៉ង់ ទួរគី …។

នៅពេលនេះ រុស្ស៊ីមិនអាចដកខ្លួនចេញពីសង្គ្រាមនៅក្នុងប្រទេសស៊ីរីបានឡើយ។ ក្រុមអ្នកឯកទេសបានលើកឡើងថា រុស្ស៊ីបានធ្លាក់ចូលក្នុងអន្ទាក់អាមេរិក ឲ្យជាប់ផុងនៅក្នុងសង្គ្រាមប្រទេសស៊ីរី ដូចដែលអាមេរិកធ្លាប់ជាប់ផុងនៅក្នុងប្រទេសអាហ្វហ្គានីស្ថានផងដែរ៕ ម៉ែវ សាធី


ចែករំលែក៖