ព័ត៌មានទាន់ហេតុការណ៍៖

ចិនទទួលនូវការអញ្ជើញរបស់អាមេរិកបន្តពិភាក្សាលើបញ្ហាពាណិជ្ជកម្ម

ចែករំលែក៖

ក្រោយមួយថ្ងៃដែលអាមេរិកបានប្រកាសព័ត៌មានថាបានអញ្ជើញចិនឲ្យតភ្ជាប់កិច្ច ពិភាក្សាលើវិស័យពណិជ្ជកម្ម អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិន បានប្រកាសថា ចិនបានទទួលនូវការអញ្ជើញរបស់អាមេរិក ឲ្យបន្តកិច្ចពិភាក្សា លើវិស័យពាណិជ្ជ កម្មជាថ្មីឡើងវិញ។

ការអញ្ជើញត្រូវបានរដ្ឋមន្ត្រីក្រសួង ហិរញ្ញវត្ថុអាមេរិក លោក Steven Mnuchinផ្ញើទៅកាន់ភាគីចិនកាលពីថ្ងៃទី១២ ខែ កញ្ញា។ ជំនួបអាមេរិកចិននាពេលខាងមុខនឹងធ្វើឲ្យ មានភាពល្អប្រសើរឡើងវិញនៅក្នុងសង្គ្រាមពាណិជ្ជកម្ម ដែលកំពុងតែ តានតឹងបំផុត។ កិច្ចពិភាក្សាកន្លងមក រវាងគណប្រតិភូចិន នឹងអាមេរិក កាលពី ថ្ងៃទី២២-២៣ ខែសីហា ដោយមិនមាន លទ្ធផល នោះឡើយ។

សារព័ត៌មានស៊ីនហួបានផ្សាយថា បច្ចុប្បន្ន ភាគីទាំងពីរកំពុងតែពិភាក្សា លើរបៀបវារៈនៃកិច្ចពិភាក្សានាពេលខាងមុខ ។ សារព័ត៌មាន China Daily បានផ្សាយថា ចិន នឹងមិនចុះចាញ់នៅក្នុងសង្គ្រាមពាណិជ្ជកម្មជាមួយអាមេរិកនោះឡើយ ហើយចិនក៏មិនបដិសេធរាល់សំណើពិភាក្សាជាមួយអាមេរិកនោះដែរ។

សារព័ត៌មាន China Daily នៅថ្ងៃទី ១៤ខែកញ្ញាបានផ្សាយថា ប្រសិនបើ អាមេរិក សម្រេចដំឡើ ងពន្ធលើទំនិញចិន មានតម្លៃ ២០០ពាន់លានដុល្លារនោះចិនក៏បានប្រកាស តបតវិញ ដូចអ្វីដែលអាមេ រិកធ្វើចំពោះចិន ។ មន្ត្រីពាណិជ្ជកម្មចិន បានប្រកាសថា ការដំឡើងពន្ធជាឯកតោភាគីរបស់អាមេរិក មិនអាចដោះស្រាយ បញ្ហា ពាណិជ្ជកម្មបានឡើយ។

បើទោះបីសង្គ្រាមពាណិជ្ជកម្ម កំពុងតែ កើតឡើង តែពាណិជ្ជកម្ម ប្រទេសទាំង ពីរនៅតែកើនឡើង ។ ទំនិញចិន នៅអាមេ រិក បានកើនឡើង៧,៧ភាគរយ(ប្រមាណ១៨១ពាន់លានដុល្លារ)ក្នុងរយៈពេល ៨ ខែដើមឆ្នាំ ២០១៨ ។ ចំណែកការនាំទៅ កាន់អាមេរិកក៏កើន ៦,៥ភាគរយផងដែរ។ ទំនិញចិន នាំទៅកាន់អាមេរិកកើនឡើង ដោយសារតែទីផ្សារក្នុងស្រុកអាមេរិក មាន តម្រូវការច្រើន ៕ ម៉ែវ សាធី


ចែករំលែក៖