ព័ត៌មានទាន់ហេតុការណ៍៖

សាលាឧទ្ធរណ៍​ ពុំ​មាន​សវនាការ​រឿង​ក្តី​លោក​កឹម​ សុខា​ ទេ

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ផែង​ ហេង​ មេធាវី​ការពារ​ក្តី​លោក​កឹម​ សុខា​ អតីត​ប្រធាន​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ចេញ​មុខ​មក​បញ្ជាក់​ថា​ នៅ​ថ្ងៃ​ចន្ទ​ទី១៧ ខែកញ្ញា ឆ្នាំ២០១៨ គឺមិនមានសវនាការលើបណ្តឹងឧទ្ធរណ៍នឹងដីកាសម្រេចពន្យារពេលឃុំខ្លួនលោក​ កឹម សុខា ទេ​ ។

សូម​បញ្ជាក់​ថា​ លោក​ កឹម​ សុខា​ ត្រូវ​បាន​លោក​គី​ ឫទ្ធី​ ចៅក្រម​ស៊ើបសួរ​សាលាដំបូង​រាជធានី​ភ្នំពេញ​ សម្រេច​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ កាលពី​ថ្ងៃទី​១០​ ខែ​កញ្ញា​ ឆ្នាំ​២០១៨​ ដោយសារ​មូលហេតុ​នៃ​សុខភាព​របស់​លោក​កឹម​ សុខា​ ។

ទោះបី​ជា​មាន​ការ​អនុញ្ញាត​ឱ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះអាសន្ន​ក្តី​ តែ​លោក​លោក​កឹម​ សុខា​ ត្រូវ​ស្ថិត​ក្រោម​ការ​ត្រួតពិនិត្យ​តាម​ផ្លូវ​តុលាការ​ ដោយ​ភ្ជាប់​លក្ខខណ្ឌ​មួយ​ចំនួន​ ដូចជា​ ក្រៅ​ពី​លំនៅឋាន​ផ្ទះ​លេខ​៣១៣​ មិន​ត្រូវ​ចេញ​ក្រៅ​ពី​ព្រំប្រទល់​នៃ​ដែនដី​ខណ្ឌ​។ ក្នុង​ករណី​ចាំបាច់​ ដោយសារ​ហេតុផល​សុខភាព​ ដែល​ត្រូវ​ចាកចេញ​ពី​ព្រំប្រទល់​ដែនដី​នេះ​ ត្រូវ​រាយការណ៍​សុំ​ការ​អនុញ្ញាត​ពី​ចៅក្រម​ស៊ើបសួរ​ ឬ​ ចៅក្រម​ដែល​មាន​សមត្ថកិច្ច​ ។

ត្រូវ​ឆ្លើយ​តប​នឹង​ដីកា​កោះ​ហៅ​ពី​គ្រប់​បុគ្គល​ដែល​ចាត់​តាំង​ដោយ​ចៅក្រម​ស៊ើបសួរ​ ។

មិន​ត្រូវ​ជួប​បុគ្គល​មួយ​ចំនួន​ ដូចជា​ អតីត​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ បុគ្គល​ដែល​អាច​ពាក់ព័ន្ធ​នឹង​សំណុំរឿង​ ។

ជនបរទេស​ ជា​ពិសេស​ ជនបរទេស​ដែល​អាច​មាន​ការ​ពាក់ព័ន្ធ​សំណុំរឿង​ ។

លោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបទសន្ធិដ្ឋិភាព ជាមួយបរទេស តាមមាត្រា ៤៤៣ នៃក្រមព្រហ្មទណ្ឌ។ បទសន្ធិដ្ឋិភាពជាមួយបរទេស ជាអំពើត្រូវរ៉ូវគ្នាដោយសម្ងាត់ជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស ដើម្បីបង្កើតឲ្យមានអំពើប្រទូស្តរ៉ាយ ឬឲ្យមានអំពើឈ្លានពានប្រឆាំង នឹងព្រះរាជា ណាចក្រកម្ពុជា។ បទល្មើសនេះ ត្រូវជាប់ពន្ធនាគារពី១៥ឆ្នាំដល់៣០ឆ្នាំ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅពាក់ កណ្តាលអាធ្រាត្រ ឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧៕ ចេស្តា


ចែករំលែក៖