ព័ត៌មានទាន់ហេតុការណ៍៖

ណាហ្គាវើលដ៍ គាំទ្រទិវាសម្អាតពិភពលោក

ចែករំលែក៖

រាជធានីភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៨ ដើម្បីគាំទ្រដល់គម្រោងថ្នាក់ជាតិក្នុងការជួយធ្វើឲ្យប្រទេសកម្ពុជាកាន់តែស្អាត មានអនាម័យជាងមុន និងគ្មានសំរាម បុគ្គលិកការងារសង្គមរបស់ក្រុមហ៊ុនណាហ្គាវើលដ៍ ឬហៅកាត់ថា “ណាហ្គាវើលដ៍បេះដូងសប្បុរស” ជាង ១៣០ នាក់បានចូលរួមក្នុងទិវាសម្អាតពិភពលោកកាលពីថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា។ កម្មវិធីនេះ ត្រូវបានរៀបចំដោយក្រសួងបរិស្ថានក្រោមប្រធានបទ “តោះ! ចូលរួមថែរក្សាបរិស្ថានទាំងអស់គ្នា!” ដែលមានការសហការពីអង្គការ GoGreen Cambodia ។ ទិវាសម្អាតពិភពលោក បានក្លាយជាចលនាដ៏ធំបំផុតរបស់ប្រជាជនក្នុងការប្រយុទ្ធប្រឆាំងនឹងបញ្ហាសំរាមដែលមានអ្នកស័្មគ្រចិត្តប្រមាណ ១៣ លាននាក់មកពី​ ១៥៥ ប្រទេសទូទាំងពិភពលោកបានចូលរួមដើរប្រមូលសំរាម។

យោងតាមអង្គការ GoGreen Cambodia មានសំរាមប្រមាណ ២,១២ ពាន់លានតោន ត្រូវបានចាក់ចោលដោយគ្មានការគ្រប់គ្រងច្បាស់លាស់នៅក្នុងសកលលោកជារៀងរាល់ឆ្នាំ។ ដោយឡែក ប្រទេសកម្ពុជា មានសំរាមប្រមាណ ១,៤២ លានតោនកាលពីឆ្នាំមុនដោយក្នុងនោះទីក្រុងភ្នំពេញមានសំរាមរហូតដល់ ២.៧០០ តោនជារៀងរាល់ថ្ងៃ ខណៈការចោលសំរាម គឺជាបញ្ហាដ៏គួរឲ្យព្រួយបារម្ភនៅក្នុងប្រទេស។

បន្ទាប់ពីពិធីបើកទិវាសម្អាតពិភពលោកនៅក្រសួងបរិស្ថានកាលពីព្រឹកថ្ងៃសៅរ៍ បុគ្គលិកស្ម័គ្រចិត្តនៃក្រុមការងារសង្គមណាហ្គាវើលដ៍បេះដូងសប្បុរសជាមួយអ្នកស្ម័គ្រចិត្តរាប់ពាន់នាក់ បានរួមគ្នាដើរប្រមូលសំរាមនៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញ ហើយសិស្ស និស្សិត និងប្រជាជនមកពី ១.៦៤៦ ឃុំ/សង្កាត់ទូទាំង ២៥ រាជធានី-ខេត្តក៏បានរួមគ្នាប្រមូលសំរាមទូទាំងប្រទេសផងដែរ។

នាយកគ្រប់គ្រងណាហ្គាវើលដ៍លោក Pern Chen បានមានប្រសាសន៍ថា “ការចូលរួមរបស់ណាហ្គាវើលដ៍បេះដូងសប្បុរសនៅក្នុងយុទ្ធនាការសកលនេះ គឺដើម្បីជួយលើកកម្ពស់ការយល់ដឹងដល់ប្រជាជនស្តីអំពីបរិស្ថាន និងអប់រំពួកគេឲ្យចេះស្រឡាញ់បរិស្ថានសម្រាប់អនាគតរបស់ប្រទេសកម្ពុជាទាំងមូល។ យើងត្រូវរួមគ្នាគ្រប់គ្រងសំរាម និងការពារបរិស្ថានដើម្បីពិភពលោកកាន់តែបៃតង និងស្អាតជាងមុន!”។

អំពីណាហ្គាវើលដ៍បេះដូងសប្បុរស

ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ ១៩៩៥ ណាហ្គាវើលដ៍បាន និងកំពុងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៃប្រទេសកម្ពុជាប្រកបដោយភាពវិជ្ជមាន។ ក្នុងខែមីនា ឆ្នាំ​ ២០១៤ ក្រុមការងារណាហ្គាវើលដ៍បេះដូងសប្បុរស ត្រូវបានបង្កើតឡើងដោយបុគ្គលិកណាហ្គាវើលដ៍ដោយមានការគាំទ្រយ៉ាងពេញទំហឹងពីក្រុមហ៊ុនណាហ្គាវើលដ៍ជាមួយគោលបំណងផ្តោតទៅលើសសរស្តម្ភ ៤ គឺ លើកកម្ពស់ការអប់រំ ចូលរួមក្នុងសហគមន៍ អភិវឌ្ឍវិស័យកីឡា និងអភិរក្សបរិស្ថាននៅក្នុងប្រទេសកម្ពុជា។ បច្ចុប្បន្ន មានប្រជាជនកម្ពុជាជាង ១៦០.០០០ នាក់បានទទួលផលប្រយោជន៍ពីគំនិតផ្តួចផ្តើមនេះ។ សម្រាប់សំណួរទាក់ទងនឹងការផ្សព្វផ្សាយ ឬរូបភាព សូមទាក់ទងមកកាន់ ៖

Ms. Melanie Loong

Senior Marketing Communications Manager

Tel: (+855) 10 737 684

Email: melanieloong@nagaworld.com

 

កញ្ញា ភោគ សូលីនដា

Brand Executive, Marketing Communications

Tel: (+855) 15 61 88 86

Email: phouksolinda@nagaworld.com

បុគ្គលិកស្ម័គ្រចិត្តណាហ្គាវើលដ៍បេះដូងសប្បុរស ដើរប្រមូលសំរាមក្នុងរាជធានីភ្នំពេញ

រួមគ្នាធ្វើឲ្យពិភពលោកកាន់តែស្អាត និងបៃតងជាងមុន!

អរគុណដល់ក្រុមហ៊ុនណាហ្គាវើលដ៍ដែលបានឧបត្ថម្ភគាំទ្រដល់ទិវាសម្អាតពិភពលោកឆ្នាំ២០១៨


ចែករំលែក៖