ភ្នំពេញ៖ ក្រុមហ៊ុនខ្មែរ-ថៃចំនួន២ បានរួមគ្នាបង្កើតកិច្ចសហប្រតិបត្តិការ ដោយនាំចូលជី និងថ្នាំកសិកម្មសម្រាប់ផ្តល់សុវត្ថិភាពផលិតកម្មកសិកម្ម និងជំរុញទិន្នផល។ ការបញ្ជាក់នេះ ធ្វើឡើងក្នុងពិធីអបអរអនុស្សរណៈយោគយល់គ្នារវាងក្រុមហ៊ុន សីហា ផៅវើរីច និងក្រុមហ៊ុនថៃ ផៅវើរីច នេតវើក កាលពីថ្ងៃអាទិត្យទី១៦ ខែកញ្ញា ឆ្នាំ២០១៨។
កិច្ចសហការខាងលើនេះត្រូវគេជឿថា នឹងអាចជួយជំរុញកំណើនកសិផល និងបំពេញតម្រូវការទីផ្សារក្នុងស្រុកឲ្យកាន់តែល្អប្រសើរប្រកបដោយភាពប្រកួតប្រជែង និងមានសុវត្ថភាពសម្រាប់ប្រជាជនខ្មែរ។
លោក សាង អ៊ាប បានថ្លែងឲ្យដឹងថា កិច្ចសហប្រតិបត្តិការរួមគ្នាលើកនេះរវាងក្រុមហ៊ុនទាំងពីរនេះធ្វើឡើងក្នុងគោលបំណងនាំចូលផលិតផលនៃជី និងថ្នាំកសិកម្មក្រុមហ៊ុន ផៅវើរីច នេតវើក ក្នុងការជំរុញកំណើនកសិផល និងបំពេញតម្រូវការទីផ្សារក្នុងប្រទេសកម្ពុជាឲ្យកាន់ទូលំទូលាយ និងពង្រីកវិសាលភាពឲ្យកាន់ធំជាងមុនសម្រាប់ប្រជាកសិករខ្មែរយើងយល់ដឹង និងជឿជាក់ជី និងថ្នាំរបស់ក្រុមហ៊ុនទាំងពីរដែលមានសុវត្ថិភាព និងជាផលិតផលមានគុណភាពក្នុងការផ្តល់កំណើនកសិផលរបស់ខ្មែរ។
លោក សាង អ៊ាប បានបញ្ជាក់ថា ដោយសារទីផ្សារ និងតម្រូវការផ្គត់ផ្គង់ជីលើដំណាំកសិកម្មខ្មែរយើងមានតម្រូវការខ្ពស់ដែលជាហេតុឲ្យផលិតផលរបស់ក្រុមហ៊ុនគឺជី“សានសេត”មានការកើនឡើង។ ស្ថានភាពកសិកម្មខ្មែរបច្ចុប្បន្ននេះមានភាពល្អប្រសើរឡើងច្រើនដែលនាំឲ្យតម្រូវការជីដើម្បីបង្កើនទិន្នផលមានការកើនឡើងផងដែរ។ ជីនេះក្រុមហ៊ុនមានអ្នកលក់ និងចែកចាយគ្រប់២៥ខេត្តក្រុងនៃប្រទេសកម្ពុជា។
ជាមួយគ្នាតំណាងពីរាជរដ្ឋាភិបាលលោក ឡោ រស្មី អនុរដ្ឋលេខាធិការនៃក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទបានសម្តែងការអបអរនូវក្រុមហ៊ុនទាំងពីរ ដែលរួមគ្នាក្នុងការបម្រើទីផ្សារកសិកម្មកម្ពុជាឲ្យទទួលភាពល្អប្រសើរទៅថ្ងៃខាងមុខបន្តទៀត ខណៈប្រជាជនកម្ពុជាប្រមាណជិត៨០ភាគរយជាអ្នកប្រកបមុខរបបកសិកម្ម៕ វឌ្ឍនា