ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីកូរ៉េខាងត្បូង ថ្លែងសុន្ទរកថា ជាលើកទីមួយ ទៅកាន់មន្ត្រី និងពលរដ្ឋកូរ៉េខាងជើង ជាង១៥០.០០០នាក់

ចែករំលែក៖

ប្រធានាធិបតីកូរ៉េខាងត្បូងលោក មូន ជេអុីន បានថ្លែងសុន្ទរកថា ជាលើកដំបូង ទៅកាន់មន្ត្រី និងពលរដ្ឋកូរ៉េខាងជើងជាង១៥០.០០០នាក់ នៅក្នុងពហុកីឡដ្ឋានដ៏ធំបំផុតក្នុងទីក្រុងព្យុងយ៉ាង។ លោក មូន និយាយទៅកាន់ពលរដ្ឋកូរ៉េខាងជើងថា «សូមបោះមួយជំហានដ៏វែងឆ្ពោះទៅរក សន្តិភាព និងបោះមួយជំហានទៅរកអនាគតរុងរឿងរួមគ្នា»។

អញ្ជើញចូលរួមនៅក្នុងពិធីថ្លែងសុន្ទរកថានោះ មានមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើងជាច្រើន និងមេដឹកនាំ គីម ជុងអ៊ុន ផងដែរ។ មុនពេលលោក មូន ឡើងថ្លែងសុន្ទរកថា មេដឹកនាំ គីម ជុងអ៊ុន បានបញ្ជាក់ថា «ព្រឹត្តិការណ៍នេះ នឹងក្លាយជាព្រឹត្តិការណ៍ដ៏អស្ចារ្យនៅក្នុងប្រវត្តិសាស្ត្រ»។ ស្ថាន ភាពនៅឧបទី្វបកូរ៉េមានការកែប្រែ រីក ចម្រើនជាលំដាប់ក្រោយពេលដែលមាន ជំនួបលើកទីមួយ នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០១៨ មកទល់ពេលនេះ។

មិនតែប៉ុណ្ណោះកាលពីថ្ងៃទី១២ ខែ មិថុនា លោក គីម ជុងអ៊ុន បានព្រមព្រៀងជាមួយប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ថា នឹងរំសាយអាវុធបរមាណូ ដើម្បី ទទួលបាននូវការលុបទណ្ឌកម្មសេដ្ឋកិច្ច មកលើកូរ៉េខាងជើង។

នៅក្នុងសេចក្តីប្រកាសរួមទីក្រុងព្យុងយ៉ាងបានសន្យាថា នឹងរុះរើទីតាំងសាក ល្បងបរមាណូ កាំជ្រួចមីស៊ីល នឹងបន្ត សហប្រតិបត្តិការផ្លូវដែក ផ្លូវគោកតភ្ជាប់ ប្រទេសទាំងពីរនៅចុងឆ្នាំនេះ។

ជាមួយគ្នានេះកូរ៉េខាងត្បូង និងកូរ៉េ ខាងជើងបានសន្យាថា ប្រទេសទាំងពីរ ចាប់ផ្តើមដំណាក់កាលគ្មានសត្រូវ គ្មាន សង្គ្រាម។

កាលពីថ្ងៃទី១៩ ខែកញ្ញា ក្រោយជំនួបពិភាក្សារវាងប្រធានាធិបតីកូរ៉េខាងត្បូង នឹងកូរ៉េខាងជើង ប្រទេសទាំងពីរបានប្រកាស ពីកិច្ចព្រមព្រៀងដ៏សំខាន់ក្នុងការបើកផ្លូវ នូវទំនាក់ទំនងទ្វេភាគីកាន់តែល្អប្រសើរ ក៏ដូចជាបញ្ហាសន្តិសុខ និងការរំសាយ អាវុធបរមាណូនៅឧបទ្វីបកូរ៉េ។

ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន បានបញ្ជាក់នៅក្នុងសន្និសីទកាសែតរួមថា កូរ៉េខាងជើងនឹងបិទទីតាំងសាកល្បង បរមាណូ និងមីស៊ីលដ៏សំខាន់ ក្រោមវត្ត មានត្រួតពិនិត្យពីអន្តរជាតិ។ ទន្ទឹមនឹង នោះ នឹងមានគម្រោងបំផ្លាញតំបន់សម្រាប់ អភិវឌ្ឍអាវុធបរមាណូជាបន្តទៀត ប្រសិនបើអាមេរិកមានសកម្មភាពបន្ធូរបន្ថយដល់កូរ៉េខាងជើងនោះ។

ការប្រកាសខាងលើត្រូវបានសារព័ត៌មាន CNN ផ្សាយថា ជាការខិតខំរបស់ប្រធានាធិបតីកូរ៉េខាងត្បូង មូន ជេអុីន នៅក្នុងការខិតខំធ្វើឲ្យឧបទ្វីបកូរ៉េគ្មានអាវុធបរមាណូ។ មេដឹកនាំទាំងពីរបានសន្យាថានឹងនាំមកនូវសន្តិភាពដល់ឧបទ្វីបកូរ៉េ ចាប់ តំាងពីពេលនេះ និងពេលអនាគតជារៀង រហូត។

លោក គីម ជុងអ៊ុន បានថ្លែងទៅកាន់ ពលរដ្ឋនៅជុំវិញពិភពលោក និងពលរដ្ឋ កូរ៉េទាំងពីរថា «ពិភពលោក នឹងមើលឃើញ ប្រទេសទាំងពីររួមគ្នាបង្កើតអនាគតរុងរឿង»។

មេដឹកនាំទាំងពីរបានលើកឡើងថា នឹង រៀបចំជំនួបជាលើកទី៤ នៅទីក្រុងសេអ៊ូល កូរ៉េខាងត្បូង។ ជាមួយនឹងលទ្ធផលទាំង នោះ លោក គីម ជុងអ៊ុន អាចនឹងបំពេញ ទស្សនកិច្ចទៅកាន់កូរ៉េខាងត្បូងយ៉ាងឆាប់បំផុត។ ឪពុករបស់លោក គីម ជុងអ៊ុន គឺលោក គីម ជុងអុីល ធ្លាប់យល់ព្រម បំពេញទស្សនកិច្ចទៅកាន់ទីក្រុងសេអ៊ូលតែមិនអាចធ្វើទៅបាន។

មន្ត្រីយោធាប្រទេសទាំងពីរបានចុះ ហត្ថលេខាបញ្ចប់សកម្មភាពប្រឈមមុខដាក់គ្នា និងលុបបំបាត់នូវកត្តាដែលអាច ជំរុញឲ្យមានសង្គ្រាមកើតឡើង។

ថ្ងៃទី៣នៃដំណើរទស្សនកិច្ចមេដឹកនាំ កូរ៉េទាំងពីរធ្វើដំណើរកម្សាន្តបង្កើតទំនាក់ទំនងផ្ទាល់ខ្លួន

ទំនាក់ទំនងបុគ្គលមានភាពល្អប្រសើរគឺជារឿងចាំបាច់នៅក្នុងការឆ្ពោះទៅរក ទំនាក់ទំនងនយោបាយកាន់តែប្រសើរ ឡើងទៀត ដោយសារតែបុគ្គលទាំងពីររូបមានភាពជិតស្និទ្ធ និងមានទំនុកចិត្តគ្នា យល់ចិត្តគ្នាទៅវិញទៅមក។ ទាំងនោះ ហើយ នៅថ្ងៃទី៣ នៃដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រទៅកាន់ទីក្រុងព្យុងយ៉ាង របស់លោក មូន ជេអុីន ក៏មានដំណើរ កម្សាន្តរួមគ្នាផងដែរ។

នៅព្រឹកថ្ងៃទី២០ ខែកញ្ញា លោក មូន និងលោក គីម បានធ្វើទស្សនកិច្ចនៅ រមណីយដ្ឋាន ភ្នំ Paekduកូរ៉េខាងជើង។ ដំណើរកម្សាន្តនោះជាឱកាសបង្កើនទំនាក់ទំនងផ្ទាល់ខ្លួន ក៏ដូចជាបង្ហាញពីភាពជោគជ័យនៅក្នុងកិច្ចពិភាក្សាពីរថ្ងៃកន្លងមក។ មេដឹកនាំទាំងពីរ បានចាកចេញពីអាកាស យានដ្ឋាន Sunan នៅទីក្រុងព្យុងយ៉ាងនា វេលាម៉ោង៧ និង៣០នាទី ឡើងយន្តហោះ ផ្ទាល់ខ្លួនទៅកាន់កន្លែងកម្សាន្ត។ មេដឹកនាំនីមួយៗជិះយន្តហោះផ្ទាល់ខ្លួនទៅកាន់ទីតាំងភ្នំ Paekdu។

មេដឹកនាំ គីម ជុងអ៊ុន និងភរិយា Ri Sol Ju បានចុះចតដល់អាកាសយានដ្ឋាន Samjiyon មុន ហើយស្វាគមន៍លោក មូន និងភរិយាជាក្រោយ។ ក្រោយចុះពីយន្ត ហោះ លោក គីម និងលោក មូន បានឡើងរថយន្តបន្តទៅកាន់ខេត្តPaekdu។

ក្រោយបញ្ចប់ដំណើរកម្សាន្ត មេដឹកនាំ កូរ៉េខាងត្បូង និងមេដឹកនាំកូរ៉េខាងជើងនឹងទៅកាន់ទីក្រុងព្យុងយ៉ាងវិញ ដើម្បីរៀប ចំវិលត្រឡប់ទៅកាន់កូរ៉េខាងត្បូងវិញនៅល្ងាចថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨៕ ម៉ែវ សាធី


ចែករំលែក៖