ព័ត៌មានទាន់ហេតុការណ៍៖

រោងចក្រច្នៃសំរាមទៅជាគ្រឿងសង្ហារឹមរបស់ជប៉ុន នឹងមានវត្តមានក្នុងទឹកដី ខេត្តស្វាយរៀង

ចែករំលែក៖

ខេត្តស្វាយរៀង៖ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៨លោក ម៉ែន វិបុល អភិបាលខេត្ត បានទទួលជួបពិភាក្សាជាមួយលោក YUSUKE OKUMURA នាយកក្រុមហ៊ុន GOMI RECYCLE 110 CO.,LTD ប្រទេសជប៉ុន និងលោក Yasuhara តំណាងអង្គការ JICA និងសហការី ។ ការពិភាក្សាការងារនេះ​ ត្រូវបានយកចិត្តទុកដាក់យ៉ាងខ្លាំង ពាក់ព័ន្ធនឹងការគ្រប់គ្រងរថយន្តដឹកសំរាម និងការសាងសង់រោងចក្រកែច្នៃ សំរាមទៅជាគ្រឿងសង្ហារឹម ក្នុងទឹកដីខេត្តស្វាយរៀង។

ក្នុងឱកាសនោះលោក YUSUKE OKUMURA បានថ្លែងពីវឌ្ឍនភាព នៃការអនុវត្តគម្រោងនេះ ដែលរហូតមកដល់បច្ចុប្បន្ន បាននិងកំពុងត្រៀម ធ្វើការនាំចូលរថយន្តដឹកសំរាម និងការសាងសង់រោងចក្រ នៅទីតាំងដែលក្រុមហ៊ុន និងរដ្ឋបាលខេត្ត បានជ្រើសរើសរួចមកហើយនោះ។ ជាមួយនេះ លោកក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះលោកអភិបាលខេត្ត ដែលតែងតែគាំទ្រ និងសហការជាមួយក្រុមហ៊ុន។

នាយកក្រុមហ៊ុនជាជនជាតិជប៉ុនរូបនេះបានថ្លែងទៀតថា ព្រោះតែកិច្ចសហការគាំទ្រយ៉ាងល្អប្រសើរនេះ ទើបក្រុមហ៊ុនរបស់លោក ឈានមកដល់សម្រេចលទ្ធផលគួរជាទីមោទនៈបែបនេះ។ លោកក៏បានសំណូមពរ ដល់លោកអភិបាលខេត្ត បន្តជួយសហការ ដើម្បីអនុវត្តកិច្ចការដែលនៅសេសសល់ ឲ្យសម្រេចបានលទ្ធផលស្ថាពរ នាពេលឆាប់ៗខាងមុខនេះ។

លោក ម៉ែន វិបុល បានថ្លែងអំណរគុណចំពោះក្រុមហ៊ុន ដែលបានជ្រើសរើសការវិនិយោគ នៅក្នុងខេត្តស្វាយរៀង ហើយក្នុងនាមរដ្ឋបាលខេត្ត នៅតែបន្តគាំទ្រ សហការតទៅមុខទៀត ដើម្បីឲ្យគម្រោងនេះ សម្រេចបានលទ្ធផលជោគជ័យ១០០ភាគរយ។

លោកថា ការបង្កើតរោងចក្រកែច្នៃសំរាម ទៅជាផលិតផលសម្ភារសំណង់ និងគ្រឿងសង្ហារឹមនេះ មិនត្រឹមតែបានផ្ដល់ការងារ ធ្វើបន្ថែមជូនប្រជាពលរដ្ឋ ខេត្តស្វាយរៀងប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមលើកកម្ពស់ អនាម័យបរិស្ថាន និងសោភ័ណទីក្រុង គាំទ្រទៅដល់ផែនការរបស់រដ្ឋបាលខេត្ត ក្នុងការជំរុញលទ្ធភាព នៃការប្រឡងប្រណាំងទីក្រុងស្អាត នាពេលខាងមុខផងដែរ។

ជាមួយនេះ ដើម្បីសម្របសម្រួលកិច្ចការនានា ដែលនៅសេសសល់ ជាពិសេសពាក់ព័ន្ធ នឹងរថយន្តដឹកសំរាម និងការសាងសង់រោងចក្រ របស់ក្រុមហ៊ុន លោកអភិបាលខេត្តក៏ បានចាត់តាំងលោកអភិបាលរងខេត្ដ ដើម្បីទទួលធ្វើការពិភាក្សា និងសហការជាមួយ ក្រុមហ៊ុនបន្តទៀត ទៅលើចំណុចលម្អិតនានា ដែលគាំទ្រ និងជំរុញកិច្ចការនេះ ឲ្យសម្រេចលទ្ធផលជោគជ័យ ល្អប្រសើរតាមការគ្រោងទុក៕ យឹម សុថាន


ចែករំលែក៖