ព័ត៌មានទាន់ហេតុការណ៍៖

សិស្សប្រឡងជាប់មធ្យមសិក្សាទុតិយភូមិ​ទទួលអំណោយលើកទឹកចិត្តពីលោក សន វី

ចែករំលែក៖

ខេត្តកណ្តាល៖ សិស្សានុសិស្ស​ចំនួន​ជិត៥០នាក់ ដែលបានប្រឡង​ជាប់សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ នៅស្រុកស្អាង បានទទួលអំណោយពីលោកសន វី ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកទូរគមនាគមន៍កម្ពុជា ជាអនុប្រធាន​ក្រុមការងារថ្នាក់ជាតិចុះជួយស្រុកស្អាងទទួលបន្ទុកឃុំព្រែកគយ និងជាតំណាងដ៏ខ្ពង់ខ្ពស់​លោកប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាប្រធានក្រុមការងារថ្នាក់ជាតិ ទទួលបន្ទុកចុះជួយស្រុកស្អាង ដើម្បីជាការលើកទឹកចិត្ត​ទទួលជោគជ័យ ក្នុងការប្រឡង យកសញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ ។

ពិធី​ប្រគល់រង្វាន់​ដល់សិស្សជ័យលាភី ប្រឡងជាប់សញ្ញាបត្រ​មធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ ប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ នៅវិទ្យាល័យហ៊ុន សែន ស្អាង ខេត្តកណ្តាល ដោយមានការចូលរួម​ពី​អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សជ័យលាភីក្នុងការប្រឡង ជាច្រើននាក់​។

នៅក្នុងឱកាសនោះ លោក សន វី បានមានមតិសំណេះសំណាលជាមួយ​សិស្សានុសិស្ស ដែលបានប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ថ្ងៃទី២០-២១ ខែសីហា ឆ្នាំ២០១៨ និងបានកោតសរសើរ​ចំពោះការខិតខំប្រឹងប្រែងរៀនសូត្ររហូតទទួលបានជ័យលាភីដ៏គួរជាទីមោទនៈ ។ លោកក៏បាន​ផ្តាំផ្ញើ​ឲ្យសិស្សានុសិស្ស​ទាំងអស់​បន្តខិតខំរៀនសូត្រ ទទួលចំណេះដឹង ដើម្បីក្លាយខ្លួនជាទំពាំងស្នងឫស្សីនាពេលអនាគត ។ ជាមួយគ្នានេះដែរ សិស្សានុសិស្ស ដែលមានបំណង​បន្តការសិក្សានៅសាកលវិទ្យាល័យ​ក៏ត្រូវតែ​ខិតខំបន្តទៀត ។

ក្នុងឱកាសនោះដែរ លោកសន វី បានឧបត្ថម្ភលើកទឹកចិត្តដល់សិស្សប្រឡងជាប់ចំនួន៤៧នាក់ តាមនិទ្ទេសនីមួយៗ ដោយ៖ និទ្ទេស A ១នាក់ ទទួលបានម៉ូតូម៉ាកស៊ុយហ្សូគីនិក ១គ្រឿង, និទ្ទេស B ៤នាក់ ក្នុងម្នាក់ៗទទួលបាន៤០០.០០០រៀល, និទ្ទេស C ៧នាក់ ក្នុងម្នាក់ៗ ២០០.០០០រៀល, និទ្ទេស D ១០នាក់ ក្នុងម្នាក់ៗទទួលបាន ១៥០.០០០រៀល, និទ្ទេស E ២៥នាក់ ក្នុងម្នាក់ៗ ទទួលបាន១០០.០០០រៀល, នាយក នាយករង និងលោកគ្រូ អ្នកគ្រូ ៦នាក់ ក្នុងម្នាក់ៗ ១០០.០០០រៀល និងក្រុមប្រឹក្សាឃុំព្រែកគយ ចំនួន២០០.០០០រៀលផងដែរ ៕ ប្រាថ្នា


ចែករំលែក៖