ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានថ្លែងនៅលើបណ្តាញសង្គមហ្វេសប៊ុកកាលពីព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០១៨ ថា ក្នុងដំណើរតាមយន្តហោះជាង១៧ម៉ោងនេះ សម្តេចតេជោ សូមឆ្លៀតឱកាសរៀបរាប់ជូនជនរួមជាតិ ពីដំណើរបេសកម្មរបស់សម្តេច ដោយពាក្យសង្ខេបមួយថា « ជោគជ័យ! » ។
សម្តេចបានថ្លែងយ៉ាងដូច្នេះថា៖ «កម្ពុជាមាតុភូមិខ្ញុំ ទោះឃ្លាតឆ្ងាយក្នុងរយៈពេលយូរ ឬឆាប់យ៉ាងណាក៏អារម្មណ៍នៃការវិលត្រឡប់មកជាន់ទឹកដីកម្ពុជាមាតុភូមិនៅតែពោរពេញដោយក្តីទន្ទឹង។
ក្នុងដំណើរតាមយន្តហោះជាង១៧ម៉ោងនេះ ខ្ញុំសូមឆ្លៀតឱកាសរៀបរាប់ជូនជនរួមជាតិពីដំណើរបេសកម្មរបស់ខ្ញុំដោយពាក្យសង្ខេបមួយថា « ជោគជ័យ! » ។
ខ្ញុំសូមអរគុណ ដល់ជនរួមជាតិទាំងអស់ដែលតែងតែគាំទ្រនឹងតាមដានរាល់សកម្មភាពរបស់ខ្ញុំនៅអង្គការសហប្រជាជាតិលើកនេះ តាមរយៈFacebook Page របស់ខ្ញុំក្តី ឬតាមរយៈបណ្ដាញសារព័ត៌មានទាំងឡាយក្តី។ ការគាំទ្ររបស់បងប្អូនជនរួមជាតិទាំងក្នុង និងក្រៅប្រទេសបានផ្តល់ជាកម្លាំងចិត្តយ៉ាងខ្លាំងដល់រូបខ្ញុំ ជំនួសការនឿយហត់ផ្លូវកាយដោយសារការធ្វើដំណើរផ្លូវឆ្ងាយ និងការប្តូរម៉ោង យប់ជាថ្ងៃ។
ខ្ញុំក៏សូមអរគុណបងប្អូនខ្មែររស់នៅសហរដ្ឋអាមេរិក និងកាណាដាដ៏ច្រើនកុះករដែលបានចំណាយពេលវេលា និងធនធានស្កាត់មកពីគ្រប់រដ្ឋជិតឆ្ងាយមកជួបសំណេះសំណាលជាមួយខ្ញុំ ដើម្បីបានទទួលព័ត៌មានពីការអភិវឌ្ឍនានា និងសុខទុក្ខរបស់ប្រជាជនខ្មែរនៅក្នុងប្រទេសកម្ពុជា។ ខ្ញុំនឹងចងចាំនូវសំណើច ស្នាមញញឹម នឹងក្តីរឮករបស់បងប្អូនជាប់ជានិច្ច និងសូមសន្យាថាយើងនឹងជួបគ្នាជាថ្មីម្តងទៀត» ៕