អធិការបតីអាល្លឺម៉ង់ លោកស្រី Angel Merkel បានបញ្ជាក់ថា ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ មើលឃើញតែមួយចំហៀងប៉ុណ្ណោះ គឺជ័យជំនៈ ដោយមិនមានដំណោះស្រាយពិភាក្សាដើម្បីភាគីទាំងអស់ រួមគ្នាឈ្នះដូចគ្នានោះឡើយ ។
មានប្រសាសន៍នៅក្នុងព្រឹត្តិការណ៍ឃោសនាបោះឆ្នោតនៅក្នុងរដ្ឋ Bavaria កាលពីថ្ងៃទី៣០ ខែកញ្ញា អធីការបតីអាល្លឺម៉ង់ បានព្រមានថា លោក ដូណាល់ ត្រាំ កំពុងតែបំផ្លាញ នូវទម្រង់របស់អង្គការសហប្រជាជាតិ ។
អធិការបតីអាល្លឺម៉ង់់ លោកស្រី Angela Merkel បានព្រមានប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ ថា គំនិតគាំពារនិយមរបស់លោក កំពុងបំផ្លាញអង្គការសហប្រជាជាតិ ហើយថា វាអាចនឹងបង្កគ្រោះថ្នាក់ដល់ពិភពលោកទាំងមូល ។ នេះបើ តាមការចេញផ្សាយដោយសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃចន្ទ ទី១ ខែតុលា ឆ្នាំ២០១៨។
លោកស្រី Merkel ដែលជាសម្ព័ន្ធមិត្តដ៏ជិតស្និទ្ធរបស់អតីតប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានកត់សម្គាល់បែបនេះ នៅក្នុងយុទ្ធនាការឃោសនាបោះឆ្នោតថ្នាក់តំបន់មួយរៀបចំឡើងនៅក្នុងរដ្ឋ បាវ៉ារៀ (Bavari) កាលពីថ្ងៃអាទិត្យ ។ ថ្លែងនាឱកាសនោះ លោកស្រី Merkel បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ថា ការបំផ្លាញអ្វីមួយដោយមិនមានការអភិវឌ្ឍ អ្វីថ្មីមួយ មកជំនួស គឺជារឿងដ៏គ្រោះថ្នាក់បំផុត ហើយខ្ញុំជឿថា គំនិតពហុភាគីនិយម គឺជាដំណោះស្រាយគ្រប់បញ្ហាទាំងអស់របស់ពិភពលោក»។
គួរជម្រាបថា បើតាមលោកស្រី Merkel លោក ដូណាល់ ត្រាំ បានបរាជ័យក្នុងការស្វែងរកដំណោះស្រាយឈ្នះៗ ពោលគឺលោកចង់ឈ្នះតែម្នាក់ នៅក្នុងកិច្ចចរចាអន្តរជាតិ តាមរយៈការប្រឆាំង នឹងគំនិតសកលភាវូបនីយកម្ម និងគាំទ្រគំនិតស្នេហាជាតិ ៕ ម៉ែវ សាធី