មិនមែនជារឿងចម្លែកនោះឡើយ នៅពេលដែលប្រទេសជាច្រើនជុំវិញពិភពលោក មិនមានទំនុចចិត្តលើប្រធានាធិបតីអាមេរិក ដោយសារតែ គោលនយោបាយ អត្មានិយម របស់លោកត្រាំ ។ ផ្ទុយទៅវិញ គូប្រជែង របស់លោក គឺប្រធានាធិបតីចិន ស៊ី ជីងពីន បែរជាមានទំនុកចិត្តខ្ពស់ ទៅវិញ។
តាមការលើកឡើងរបស់កាសែត អាមេរិក វ៉ាស៊ីនតោនប៉ុស្តិ៍ បានផ្សាយថា តាមការស្ទង់មតិ នៅលើ២៥ប្រទេសជុំវិញពិភពលោក បង្ហាញឲ្យឃើញថា ប្រធានាធិបតីចិន ស៊ី ជីងពីន មានទំនុកចិត្តខ្ពស់ជាង ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ។
ការស្ទង់មតិខាងលើដែល សារព័ត៌មានវ៉ាស៊ីនតោនប៉ុស្តិ៍បានផ្សាយថា គឺធ្វើឡើងដោយមជ្ឈមណ្ឌលស្រាវជ្រាវ ភ្យូ (Pew Research Center) បានឱ្យដឹងថា អំណាចរបស់ចិនបាន និងកំពុងកើនឡើងកាន់តែខ្លាំង ខណៈការជឿទុកចិត្តជាសកលលើប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ មានកម្រិតទាប បើធៀបទៅនឹងប្រធានាធិបតីចិន លោក ស៊ី ជិងពីន ។
យោងតាម Pew Research Center អត្រាគាំទ្រជាសកលរបស់លោក ដូណាល់ ត្រាំ មានកម្រិតទាបដោយអ្នកផ្តល់មតិ ៧០ភាគរយ បាននិយាយថា ពួកគេមិនជឿទុកចិត្តលើប្រធានាធិបតីអាមេរិករូបនេះថា កំពុងដើរលើផ្លូវត្រូវនៅក្នុងកិច្ចការពិភពលោក ខណៈ ២៧ភាគរយប៉ុណ្ណោះនិយាយថា ពួកគេជឿជាក់លើរូបលោក ត្រាំ។ ផ្ទុយពីលោក ត្រាំ ប្រធានាធិបតីចិនលោក ស៊ី ជិងពីន ទទួលបានការទុកចិត្តពីសកលលោក ៣៤ភាគរយ ហើយ ៥៦ភាគរយទៀតអះអាងថា ពួកគេមិនទុកចិត្តលើប្រធានាធិបតីចិន រូបនេះឡើយ។
ទោះជាយ៉ាងក៏ដោយ មនុស្សភាគច្រើនដែលត្រូវបានសម្ភាសន៍ នៅតែចង់ឲ្យសហរដ្ឋអាមេរិកដឹកនាំកិច្ចការពិភពលោកដដែល ស្របពេលឥទ្ធិពលរបស់ចិននៅលើពិភពលោក កាន់តែរីកសាយធំឡើង ។ សម្រាប់ការស្ទង់មតិនេះ គឺត្រូវបានធ្វើឡើងចំពោះប្រជាជន ដែលរស់នៅតាមបណ្តាប្រទេសនានា ជាសម្ព័ន្ធមិត្តជិតស្និទ្ធរាប់ទសវត្សរ៍ជាមួយសហរដ្ឋអាមេរិកដូចជា អាល្លឺម៉ង់ បារាំង អង់គ្លេស កាណាដា ស៊ុយអែដ ហ្វីលីពីន ម៉ិចស៊ីកូ និងអ៊ីស្រាអែលជាដើម។
គួរបញ្ជាក់ថា បើតាម Pew Research Center ប្រធានាធិបតីលោក ដូណាល់ ត្រាំ ទទួលបានការទុកចិត្តពីសកលលោក ទាបជាងមេដឹកនាំពិភពលោកចំនួន ០៤នាក់ នោះ គឺអធិការបតីអាល្លឺម៉ង់លោកស្រី អាន់ជែឡា មឺគែល ប្រធានាធិបតីបារាំងលោក អែមម៉ានុយអែល ម៉ាក្រុង ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន និងប្រធានាធិបតីចិន លោក ស៊ី ជិនពីង៕ ម៉ែវ សាធី