រយៈពេលចុងក្រោយនេះអំពើហិង្សាការវាយប្រហារកើនឡើងខ្ពស់នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ក្នុងពេលដែលប្រទេសនេះរៀបចំការបោះឆ្នោតជ្រើសរើសដំណាងរាស្ត្រ ។ នៅយុទ្ធនាការឃោសនាបោះឆ្នោតនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ចាប់ផ្តើមកាលពីថ្ងៃទី២៨ ខែកញ្ញា កន្លងមក ។ តាមតួលេខផ្លូវការពីរដ្ឋាភិបាល មានមនុស្សស្លាប់៥០នាក់ ក្នុងនោះមានបេក្ខភាព តំណាងរាស្ត្រ៧នាក់ ។
នៅពេលនេះ ការវាយប្រហារបានរាលដាល់ដល់ទាហានអាមេរិក ដោយក្រុមតាលីបង់នៅអាហ្វហ្គានីស្ថានបានប្រកាសថា បានបាញ់ទម្លាក់យន្តហោះដឹកជញ្ជូនអាមេរិក ។
យន្តហោះដឹកជញ្ជូន សម្រាប់យោធា C-130 របស់អាមេរិកបានធ្លាក់នៅក្នុងប្រទេស អាហ្វហ្គានិស្ថាន បណ្តាលឲ្យមនុស្ស១១នាក់ស្លាប់ ក្នុងនោះមានទាំងទាហាន និងពលរដ្ឋអាមេរិក ។
កាលពីថ្ងៃទី៣ ខែកញ្ញ មន្ត្រីការពារជាតិអាមេរិកបានបញ្ជាក់ពីព័ត៌មានធ្លាក់យន្តហោះដឹកជញ្ជូនខាងលើ ។ តាមអ្នកនាំពាក្យកម្លាំងទាហានអាមេរិកបានឲ្យដឹងថា មានទាហាន៦នាក់ស្លាប់ និងមេការសំណង់៥នាក់ជាជនស៊ីវិល នៅលើយន្តហោះដឹកជញ្ជូន C-130 ដែលជួបគ្រោះថ្នាក់ ។
ក្រុមតាលីបង់ បានចេញមុខប្រកាសទទួលស្គាល់ថាជាសកម្មភាពវាយប្រហាររបស់ខ្លួន ទៅលើយន្តហោះដឹកជញ្ជូនអាមេរិក ។ ប៉ុន្តែរដ្ឋាភិបាលអាមេរិកមិនទាន់បញ្ជាក់ពីមូលហេតុបណ្តាលឲ្យគ្រោះថ្នាក់ខាងលើនោះឡើយ ។ ចំណែកអ្នកនាំពាក្យក្រុមតាលីបង់ លោក Zabihullah Mujahid បានប្រកាសថា «ក្រុមឧទ្ទាមរបស់យើងបានបាញ់ទមា្លក់យន្តហោះដឹកជញ្ជូនអាមេរិក នៅតំបន់ Jalalabad ។
លោក Brian Tribus អ្នកនាំពាក្យកម្លាំងទាហានអាមេរិកនៅអាហ្វហ្គានីស្ថានបានបញ្ជាក់ថា យន្តហោះដឹកជញ្ជូន C-130 Hercules បានធ្លាក់នៅវេលាម៉ោង៣ និង៣០នាទីរសៀល (ម៉ោងនៅអាហ្វហ្គានីស្ថាន) ។
យន្តហោះ C-130 Hercules មានម៉ាស៊ីន៤ ត្រូវបានទាហានអាមេរិក ប្រើប្រាស់ដើម្បីដឹកជញ្ជូនទំនិញ និងទាហាន ។ ប្រភពព័ត៌មានពីមន្ទីរបញ្ចកោណអាមេរិកបានបញ្ជាក់ យន្តហោះខាងលើអាចនឹងរងការបាញ់ប្រហារ ។ ប៉ុន្តែទីបញ្ជាការទ័ពអាកាសអាមេរិកបានបញ្ជាក់ថា ការធ្លាក់យន្តហោះខាងលើគឺជាគ្រោះថ្នាក់តែប៉ុណ្ណោះ ។
តាមកិច្ចព្រមព្រៀងវាងអាមេរិក នឹងអាហ្វហ្គានិស្ថាន បច្ចុប្បន្នអាមេរិកមានកម្លាំងទាហាន ៩.៨០០នាក់ នៅក្នុងប្រទេសនេះ ។ កន្លងមក អាមេរិកបានព្រមព្រៀងកាត់បន្ថយទាហាននៅសល់ត្រឹមតែ ៥.៥០០នាក់ប៉ុណ្ណោះ ដល់ចុងឆ្នាំ២០១៨នេះ៕ ម៉ែវ សាធី