ពលរដ្ឋនៅជុំវិញពិភពលោកបង្ហាញពីទំនុកចិត្តទៅលើប្រធានាធិបតីរុស្សី លោក វ្ល៉ាឌីមៀ ពូទីន ច្រើនជាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
តាមការស្ទង់មតិរបស់មជ្ឈមណ្ឌលស្រាវជ្រាវ Pew មានទីតាំងនៅទីក្រុងវ៉ាស៊ីនតោន បានប្រកាសថា ពលរដ្ឋនៅជុំវិញពិភពលោកបានផ្តល់ទំនុកចិត្តខ្ពស់ទៅលើប្រធានាធិបតីរុស្ស៊ីលោក ពូទីន ច្រើនជាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ។
តាមការស្ទង់មតិទៅលើពលរដ្ឋជាង២៦ពាន់នាក់ មកពី២៥ប្រទេសជុំវិញពិភពលោក បានបង្ហាញឲ្យឃើញថា ពលរដ្ឋ៣០ភាគរយយល់ថា លោក ពូទីន មានការសម្រេចត្រឹមត្រូវលើឆាកអន្តរជាតិ និង៣៤ភាគរយ ផ្តល់ទំនុកចិត្តទៅលើប្រធានាធិបតីចិន ស៊ី ជីនពីង។ រីឯប្រធានាធិបតីអាមេរិកវិញ មានតែ២៧ភាគរយប៉ុណ្ណោះ។ ចំណែកអធិការបតីអាល្លឺម៉ង់ លោកស្រី ម៉ាគែល គឺទទួលបានការគាំទ្រខ្ពស់បំផុតរហូតដល់៥២ភាគរយ។
ពលរដ្ឋនៅជុំវិញពិភពលោកបានបង្ហាញក្តីបារម្ភយ៉ាងខ្លាំង ចំពោះគោលនយោបាយអាមេរិកនៅលើពិភពលោក ធ្វើឲ្យពិភពលោកទាំងមូលធ្លាក់ចូលក្នុងអសន្តិសុខ វិបត្តិសេដ្ឋកិច្ច ដោយសារតែគោលនយោបាយអាត្មានិយម។
ពលរដ្ឋនៅជុំវិញពិភពលោកបានយល់ឃើញថា អាមេរិកមិនបានឲ្យតម្លៃដល់ផលប្រយោជន៍របស់ប្រទេសផ្សេងទៀត ក្នុងគោលនយោបាយការបរទេស។ មិនតែប៉ុណ្ណោះ អាមេរិកមិនបានខិតខំដោះស្រាយបញ្ហាធំៗនៅជុំវិញពិភពលោកក្នុងនាមជាមហាអំណាច៕ ម៉ែវ សាធី