ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីស្រាអែលប្រកាសថា មានសម្ថភាពគ្រប់គ្រាន់ក្នុងការបំផ្លាញS-300 នឹងបន្តវាយប្រហារស៊ីរី

ចែករំលែក៖

អ៊ីស្រាអែលបានប្រកាស ថា ប្រព័ន្ធការពារ S-300 រុស្ស៊ី ដែលបានបញ្ជូនទៅកាន់ស៊ីរី អាចនឹងត្រូវយន្តហោះចម្បាំង អ៊ីស្រាអែល វាយប្រហារកម្ទេចយ៉ាងងាយស្រួលបំផុត ហើយអ៊ីស្រាអែល នៅតែបន្តវាយប្រហារស៊ីរី ។

រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីស្រាអែល លោក Avigdor Lieberman បានប្រកាសថា អ៊ីស្រាអែល មិនសប្បាយចិត្តឡើយ ពេលឃើញវត្តមាន S-300 នៅក្នុងប្រទេសស៊ីរី ប៉ុន្តែអ៊ីស្រាអែលមិនបោះបង់ការវាយប្រហារទៅលើប្រទេសស៊ីរីនោះឡើយ ។

នេះជាលើកទីមួយ ដែលរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល បានវិភាគ លើបញ្ហាខាងលើ ក្រោយពេលសមភាគីរុស្ស៊ី លោក Sergei shoigu បានប្រកាសបញ្ជូន មីស៊ីលការពារទៅកាន់ប្រទេសស៊ីរី ក្រោយយន្តហោះយាមល្បាត រុស្ស៊ី Il-20 និង ទាហាន១៥នាក់រងការបាញ់ទម្លាក់ កាលពីថ្ងៃទី១៧ ខែកញ្ញា ក្រោយពេលដែលប្រព័ន្ធការពារ មីស៊ីលស៊ីរី បាញ់ប្រហារទៅលើយន្តហោះអ៊ីស្រាអែល តែទៅចំយន្តហោះរបស់រុស្ស៊ី ។

រដ្ឋមន្ត្រីការពារជាតិ អ៊ីស្រាអែល Lieberman បានបញ្ជាក់ថា «ខ្ញុំមិនអាចនិយាយបានថា ខ្ញុំសប្បាយចិត្តដោយសារមានវត្តមាន S-300 ប៉ុន្តែយើងមិនមានជម្រើសផ្សេងឡើយ ។ យើងមានឱកាសដើម្បីសម្រេចបន្តសកម្មភាពយោធានៅស៊ីរី» ។

លោក Lieberman បានប្រកាសថា នៅពេលនេះ លោកចាំមើលថា តើប្រព័ន្ធមីស៊ីលS-300 ភាគីណាមួយជាអ្នកបញ្ជា មីស៊ីលទាំងនោះ រុស្ស៊ី ឬស៊ីរី។ លោកបញ្ជាក់ទៀតថា ប្រព័ន្ធមីស៊ីលទាំងនោះ នឹងរងការបាញ់ប្រហារ កម្ទេចពីមីស៊ីល ការពារ ទាំងនោះ ដោយយន្តហោះចម្បាំងបំបាំងកាយអ៊ីស្រាអែល។

លោកLieberman បញ្ជាក់ថាយន្តហោះចម្បាំងបំបាំងកាយ F-35 ដែលអ៊ីស្រាអែលទទួលបានពីអាមេរិក កាលពីឆ្នាំទៅ គឺជាយន្តហោះចម្បាំងទំនើបបំផុតនៅលើពិភពលោក ដោយប្រព័ន្ធមីស៊ីល S-300 មិនអាចចាប់បានឡើយ ។

នៅពេលនេះប្រព័ន្ធខែលការពារអាកាសរុស្ស៊ី S-300 ត្រូវបានបញ្ជូនទៅដល់ទឹកដីប្រទេសស៊ីរី ហើយបើតាមការបញ្ជាក់ពីរដ្ឋមន្រ្តីការពារជាតិរុស្ស៊ី លោក Sergei Shoigu វានឹងជួយធានាសុវត្ថិភាពដល់កងទ័ពរុស្ស៊ី ដែលឈរជើងនៅទីនោះ។

លោក Sergei Shoigu បានឲ្យដឹងថា ប្រព័ន្ធ S-300 ដែលបានទៅដល់ប្រទេសស៊ីរី កាលពីដើមសប្តាហ៍នេះ មានចំនួន០៤គ្រឿង ហើយការប្រគល់សព្វាវុធនេះ ត្រូវបានធ្វើឡើងក្រោមវិធានការ ដែលមានគោលដៅពង្រឹង សមត្ថភាពការពារដែនអាកាសនៅស៊ីរី និងបង្កើនការការពារសម្រាប់យោធារុស្ស៊ីនៅទីនោះ។

គួរជម្រាបថា កាលពីថ្ងៃទី១៧ ខែកញ្ញា កន្លងទៅនេះ យន្តហោះឈ្លបការណ៍មួយគ្រឿងរបស់រុស្ស៊ីធុន Il-20 ត្រូវបានប្រព័ន្ធការពារដែនអាកាស S-200 របស់ស៊ីរី ច្រឡំបាញ់ទម្លាក់ នៅពេលយន្តហោះនោះ ត្រៀមខ្លួនចុះចតនៅបន្ទាយទ័ពអាកាសរុស្ស៊ី Hmeymin ស្របពេលដែលកងយន្តហោះចម្បាំងអ៊ីស្រាអែលចំនួន៤គ្រឿង កំពុងបើកការវាយប្រហារទៅលើប្រទេសស៊ីរី នៅក្បែរតំបន់នោះដែរ ៕ ម៉ែវ សាធី


ចែករំលែក៖