ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋអាមេរិកធ្វើបាតុកម្មប្រឆាំងការតែងតាំងចៅក្រមតុលាការកំពូលរបស់លោកត្រាំ

ចែករំលែក៖

វិវាទផ្ទៃក្នុងអ្នកនយោបាយ និងការខឹងសម្បារបស់ពលរដ្ឋអាមេរិកទៅលើនយោបាយដឹកនាំរបស់ប្រធានាធិបតីដូណាល់ ត្រាំ កាន់តែខ្លាំងឡើងៗ ពីមួយថ្ងៃទៅមួយថ្ងៃក្នុងពេលដែលការបោះឆ្នោតពាក់កណ្តាលអាណត្តិជិតមកដល់ ។ នៅពេលនេះពលរដ្ឋ ជាច្រើនបាននាំគ្នាធ្វើបាតុកម្មប្រឆាំង ការសម្រេចតែងតាំងចៅក្រមតុលាការកំពូល របស់លោកត្រាំ។

ពាក់ព័ន្ធនឹងការធ្វើបាតុកម្មនេះ ប៉ូលិសអាមេរិកបានចាប់ខ្លួនបាតុករ៣០២នាក់ ដែលតវ៉ាប្រឆាំងនឹងការតែងតាំងចៅក្រមតុលាការកំពូលរបស់លោក ដូណាល់ ត្រាំ។ តាមការចេញផ្សាយដោយសារព័ត៌មាន BBC នៅថ្ងៃសុក្រ ទី៥ ខែតុលា ឆ្នាំ២០១៨ បានផ្សាយថា ក្រុមបាតុកររាប់រយនាក់ ដែលនាំគ្នាធ្វើបាតុកម្មតវ៉ាប្រឆាំងនឹងបេក្ខភាពចៅក្រមតុលាការកំពូលរបស់ប្រធានាធិបតី អាមេរិក លោក ដូណាល់ ត្រាំ គឺ លោក Brett Kavanaugh ត្រូវបានប៉ូលិលអាមេរិកឃាត់ខ្លួននៅក្នុងទីក្រុងវ៉ាស៊ីនតោន ខណៈ លោក Kavanaugh ត្រូវបានគេរំពឹងថានឹងទទួលបានការគំាទ្រពីព្រឹទ្ធសភា អាមេរិក។

យោងតាមប៉ូលិសអាមេរិក ក្រុមបាតុករដែលភាគច្រើនគឺជាស្ត្រីបាននំាគ្នាដើរជា ក្បួនដង្ហែតវ៉ាប្រឆាំងនឹងលោក Kavana ugh នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ក្នុងរដ្ឋ ធានីវ៉ាស៊ីនតោន។ ក្រុមបាតុករទាំងនេះ បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំងចំពោះការតែងតាំង លោក Kavanaugh ដែល កំពុងត្រូវបាន FBI ស៊ើបអង្កេតលើការចោទប្រកាន់របស់ស្ត្រី២នាក់ ដែលចោទថា ប្រធានចៅក្រម សាលាឧទ្ធរណ៍រូបនេះ បានរំលោភបំពានផ្លូវភេទលើពួកនាង។

បន្ថែមពីលើនេះ ប៉ូលិសអាមេរិកក៏បានបញ្ជាក់ដែរថាពួកគេបានឃាត់ខ្លួនបាតុករ៣០២នាក់ ដោយក្នុងនោះរួមមានទាំង តារាកំប្លែង លោកស្រី Amy Schumer និងតារាម៉ូដែល នាង Emily Ratajkowski ទៀតផង បន្ទាប់ពីពួកគេបដិសេធរំសាយបាតុកម្មតវ៉ា នៅក្រៅអគារតុលាការកំពូល និងព្រឹទ្ធសភា។

គួរបញ្ជាក់ថា នៅថ្ងៃព្រហស្បតិ៍ដដែល នោះដែរ ក្រុមអ្នកសាធារណរដ្ឋបានប្រកាសថារបាយការណ៍ស៊ើបអង្កេតរបស់ FBI មិនអាចចោទប្រកាន់ឬដាក់បន្ទុកលើលោក Kavanaugh ពីបទរំលោភបំពានផ្លូវភេទ នោះទេ បើទោះជាក្រុមអ្នកប្រជាធិបតេយ្យអះអាងថា ការស៊ើបអង្កេតនេះមិនទាន់មានភាពពេញលេញ ដោយសារតែមានការដាក់កំហិតមួយចំនួនពីសេតវិមានក៏ដោយ។ ចំណែកឯ ព្រឹទ្ធសភា អាមេរិកនឹងដំណើរការនីតិវិធីបោះឆ្នោតមួយស្ដីពីការតែងតាំងលោក Kavanaugh ជាចៅក្រមតុលាការ កំពូលនៅថ្ងៃសុក្រនេះ (ម៉ោងនៅសហរដ្ឋ អាមេរិក)៕ ម៉ែវ សាធី


ចែករំលែក៖