ព័ត៌មានទាន់ហេតុការណ៍៖

ទួរគីដោះលែងគ្រូគង្វាល(អាចារ្យ)ជនជាតិអាមេរិកដើម្បីបញ្ចប់វិបត្តិ

ចែករំលែក៖

ការកាត់ទោសដាក់ពន្ធនាគារដល់គ្រូ គង្វាលជនជាតិអាមេរិក បង្កឲ្យមានវិវាទ យ៉ាងខ្លាំង រវាងទួរគី នឹងអាមេរិក។ ការ ប្រឈមមុខដាក់គ្នានឹងត្រូវបញ្ចប់ ក្រោយពេលទួរគីបានសម្រេចដោះលែងអាចារ្យខាងលើឲ្យមានសេរីភាព។ ប្រធានាធិបតី អាមេរិក ដូណាល់ ត្រាំ ក៏បានបង្ហាញការ អបអរសាទរដល់សកម្មភាពខាងលើផង ដែរ។

ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានជួបជុំគ្នាជាមួយក្រុមអ្នកគាំទ្ររបស់លោកនៅរដ្ឋអូហាយ៉ូ កាលពីថ្ងៃ សុក្រ ជាកន្លែងដែលលោកបានសម្តែងការសាទរយ៉ាងខ្លាំងដល់ការដោះលែងគ្រូគង្វាល សហរដ្ឋអាមេរិក ពីប្រទេសទួរគី និងបាន បង្ហាញសាមគ្គីភាពជាមួយជនរងគ្រោះដោយ សារព្យុះកំណាច Michael ។

គ្រូគង្វាល អ៊ែនឌ្រូ ប្រាន់សុន ត្រូវបានគេរំពឹងថានឹងធ្វើដំណើរមកដល់មូលដ្ឋានទ័ព Joint Base Andrews ស្ថិតនៅជិតទីក្រុង វ៉ាស៊ីនតោន ក្រោយពីឈប់សំចតនៅប្រទេស អាល្លឺម៉ង់ ដើម្បីពិនិត្យសុខភាពរបស់ លោក។

លោក ត្រាំ បាននិយាយថា លោក ប្រាន់សុន មិនមានបញ្ហាសុខភាពអ្វីនោះ ទេ។

សូមបញ្ជាក់ថា លោក ប្រាន់សុន ត្រូវ បានគេដាក់ពន្ធនាគារ កាលពី២ឆ្នាំមុន ហើយស្ថិតក្រោមការបង្ខាំងខ្លួនឲ្យនៅក្នុងផ្ទះ ចាប់តាំងពីខែកក្កដារហូតមក។ លោក ត្រូវបានគេចោទប្រកាន់ថា មានទំនាក់ ទំនងជាមួយក្រុមជីវពលឃើដ និងក្រុមអ្នក គាំទ្រ លោក ហ្វេធូឡា ហ្គេឡេន គឺជាបព្វ ជិតមួយរូប ដែលត្រូវបានថ្កោលទោស ដោយរដ្ឋាភិបាលទួរគី សម្រាប់ការប៉ុនប៉ងធ្វើរដ្ឋប្រហារមិនបានសម្រេចកាលពីឆ្នាំ ២០១៦។

តុលាការទួរគី បានកាត់ទោសលោក ប្រាន់សុន ឲ្យជាប់ពន្ធនាគាររយៈពេល៣ ឆ្នាំ ១ខែ ១៥ថ្ងៃ លើបទចោទប្រកាន់ពីអំពើ ភេរវកម្ម ប៉ុន្តែពួកគេបានអះអាងថា លោក លែងជាប់ពន្ធនាគារទៀតហើយ និងបានដោះលែងរូបលោកឲ្យមានសេរីភាពឡើងវិញ។

ទោះបីជាយ៉ាងណាក៏ដោយ លោក ប្រាន់សុន ដែលបានរស់នៅក្នុងប្រទេស ទួរគី អស់រយៈពេលជាង២០ឆ្នាំនោះ បានច្រានចោលរាល់ការចោទប្រកាន់ទាំងអស់ ហើយទីក្រុងវ៉ាស៊ីនតោន បានទាមទារឲ្យមានការដោះលែងរូបលោកជាបន្ទាន់៕ ម៉ែវ សាធី


ចែករំលែក៖