សារព័ត៌មាន Sputnik នៅថ្ងៃទី ១៦ខែតុលាបានដកស្រង់ប្រភពព័ត៌មានពីក្រសួងការពារជាតិអង់គ្លេសដែលបានចេញរបាយការណ៍មួយដោយបញ្ជាក់ថា ប្រទេសរុស្ស៊ីនឹងធ្វើការភ្ជាប់ទំនាក់ទំនងជាសកលនៅគ្រប់របៀបវារៈទាំងអស់នៅក្នុងប៉ុន្មានឆ្នាំខាងមុខនេះទៀតប៉ុណ្ណោះ ដែលវានឹង ក្លាយជាឥទ្ធិពលថ្មីមួយសម្រាប់រុស្ស៊ីនៅលើឆាកអន្តរជាតិ។
ក្រសួងការពារជាតិនៃចក្រភពអង់គ្លេស បានចេញផ្សាយនូវរបាយការណ៍យុទ្ធសាស្ត្រសកល GST លើកទី ៦ ដែលជាការបន្ថែមនូវយុទ្ធសាស្ត្រការពារជាតិថ្មី ពីលើយុទ្ធ សាស្ត្រដែលត្រូវបានបង្កើតឡើងកាលពី៣ឆ្នាំមុន។ នៅក្នុងរបាយការណ៍នោះបាន បញ្ជាក់យ៉ាងដូច្នេះថា «ការផ្សារភ្ជាប់របស់ រុស្ស៊ីទៅក្នុងទំនាក់ទំនងនានាជាសកល កំពុងតែមានការកើនឡើង ជាពិសេសនៅក្នុងដែនសមុទ្រទឹកកកអាក់ទិក ក៏ដូចជា មជ្ឈិមបូព៌ា និងអាហ្វ្រិកខាងជើងផង ដែរ…»។
ចំពោះចំណុចខាងលើនេះ គឺចង់សំដៅទៅលើការពង្រីកវិស័យជំនួញផ្នែកថាមពល ដែលជាគោលចម្បងមួយ នៃការអភិ វឌ្ឍសេដ្ឋកិច្ចរុស្ស៊ី បូករួមទាំងការបង្កើត ទំនាក់ទំនងជាមួយប្រទេសស្ថិតនៅក្នុង គម្រោងយុទ្ធសាស្ត្រនៅថ្ងៃអនាគតរុស្ស៊ី ហើយបង្កើតមូលដ្ឋានយោធានៅទីនោះតែម្តង ជាក់ស្តែងដូចជារបាយការណ៍ដ៏រសើបមួយ ដែលត្រូវបានចេញផ្សាយកាលពី ពេលថ្មីៗនេះ អំពីការបង្កើតមូលដ្ឋានទ័ព រុស្ស៊ី នៅភាគខាងកើតលីប៊ីជាដើម។
គួរបញ្ជាក់ថា របាយការណ៍ខាងលើនេះ គឺជាការព្រមានមួយផងដែរទៅដល់បណ្តាសម្ពន្ធមិត្តរបស់អង់គ្លេស អំពីឥទ្ធិពលដែលនឹងកើនឡើងរបស់ប្រទេសរុស្ស៊ី តាមរយៈការបង្កើនតួនាទីរបស់ខ្លួននៅលើឆាកអន្តរជាតិ និងធ្វើឲ្យមានតុល្យភាពអំណាចឡើងវិញជាមួយសហរដ្ឋអាមេរិក៕ ម៉ែវ សាធី