ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារទ្វេភាគីជាមួយនាយករដ្ឋមន្រ្តីរុស្ស៊ី

ចែករំលែក៖

ប្រទេសបែលហ្សិក៖ នៅថ្ងៃដដែលនេះដែរ​ បន្ទាប់ពីជំនួបទ្វេភាគី​ ជាមួយនាយករដ្ឋមន្ត្រីចីនរួចមក​ សម្ដេចអគ្គមហាសេនាបតីតេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ បានបន្តជួបពិភាក្សាទ្វេភាគីជាមួយ​ លោក ដិមិទ្រី មីតដ្វេដែវ (Dmitry Medvedev) នាយករដ្ឋមន្រ្តីរុស្ស៊ី ដែលធ្វើឡើងនៅ នៅទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិក។

នៅក្នុងជំនួបនេះ​ លោក​នាយករដ្ឋមន្ត្រី​ រុស្ស៊ី​ បានមានប្រសាសន៍ថា លោកពិតជា​មានការ​រីករាយដោយបានជួបសម្តេចសាជាថ្មីម្តងទៀត បន្ទាប់ពីជួបសម្តេចតេជោក្នុង​ឱកាស នៃការ​អញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា កាលពីឆ្នាំ២០១៥។ លោកបានមានប្រសា​សន៍​​បន្តថា ទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងរុស្ស៊ី ពិតជាមានភាពល្អប្រសើរខ្លាំង​ណាស់ ក្នុងពេលបច្ចុប្បន្ន។លោកបន្តថា កិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុបនៅទីក្រុងប្រ៊ុចសែល គឺជា​ឱកាសដ៏ល្អ និងមានសារសំខាន់បំផុត ក្នុងការដែលផ្តល់ឱកាសឲ្យរូបលោក បានជួបសន្ទនា​ដោយផ្ទាល់ជាមួយសម្តេចតេជោសាជាថ្មីម្តងទៀត។

​​ក្នុងជំនួបពិភាក្សាគ្នានេះដែរ សម្តេចតេជោនាយករដ្ឋមន្ត្រី បានជំរាបជូនលោកនាយករដ្ឋមន្រ្តី រុស្ស៊ី ពីការដែល​កម្ពុជា​នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ក្នុងឆ្នាំ​២០២០ខាងមុខ និងសូមអញ្ជើញ​លោកនាយករដ្ឋមន្ត្រីរុស្ស៊ីចូលរួមក្នុងកិច្ចប្រជុំកំពូលនោះផងដែរ។ តាមរយ:កិច្ចសន្ទនាដោយផ្ទាល់នោះដែរ សម្តេចតេជោមានប្រសាសន៍ថ្លែង អំណរគុណយ៉ាង​ជ្រាលជ្រៅបំផុត ជូនចំពោះលោកម​នាយក​រដ្ឋមន្រ្តី ដែលបានផ្ញើសារលិខិតចូលរួមអបអរសា​ទរ និងជូនពរសម្តេចដែលត្រូវបាន​តែង​តាំងជានាយករដ្ឋមន្រ្តីសាជាថ្មីម្តងទៀត។

​​ទាក់ទិនទៅនឹងប្រសាសន៍លើកឡើង របស់សម្តេចតេជោ លោកនាយក​រដ្ឋមន្រ្តីរុស្សីមានប្រសាសន៍ថា រុស្សីតែងតែគាំទ្រសម្តេចតេជោនាយករដ្ឋមន្រ្តី និងប្រទេសកម្ពុជា​។ លោកបន្តថា លោកបានជួបសន្ទនាដោយផ្ទាល់ជាមួយសម្តេចមុនពេល ដែលកម្ពុជារៀប​ចំ​ការបោះឆ្នោត ហើយសម្តេចបានប្រាប់ដល់លោកពីការបោះឆ្នោតនៅកម្ពុជា​ ហើយតាមរយៈនោះ​លោកបានបញ្ជូនអ្នកសង្កេតការណ៍ការបោះឆ្នោតមកកាន់កម្ពុជាផងដែរ។ សម្តេចតេជោមានប្រសាសន៍ថា កម្ពុជានិងបន្តធ្វើកិច្ចសហប្រតិបត្តិការជាមួយនឹងរុស្ស៊ី ពិសេសសូមអរគុណចំពោះ​រុស្ស៊ីដែលបានបញ្ជូនអ្នកសង្កេតការណ៍ និងសម្ភារៈមួយចំនួនដល់ដំណើរការបោះឆ្នោតក្នុងប្រ​ទេសកម្ពុជា។

សម្តេចតេជោក៏បានលើកពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងរុស្ស៊ី លើការ​ប្រ​យុទ្ធ​ប្រឆាំងភេរវកម្ម តាមរយៈនេះសម្តេចស្នើឲ្យមានការពង្រឹងថែមទៀត លើកិច្ចសហប្រតិបត្តិ​ការ​លើការប្រយុទ្ធប្រឆាំងអំពើភេរវកម្ម ពិសេសការបង្កើនកិច្ចសហប្រតិបត្តិការ និងការគាំទ្រ​ពីរុស្ស៊ី លើវិស័យព័ត៌មាន ពិសេសកិច្ចសហប្រតិបត្តិការរវាង ទីភ្នាក់ងារសារព័ត៌មានកម្ពុជា ជាមួយ​នឹងទីភ្នាក់ងារសារព័ត៌មានតាស់របស់រុស្សី ដែលគ្រោងបើកនៅប្រទេសកម្ពុជានាពេល​ខាងមុខ។

ក្នុងជំនួបទ្វេភាគីនោះដែរ សម្តេចតេជោ​ បានមានប្រសាសន៍លើកឡើងពី​បំណុល​ដែល​កម្ពុជាជំពាក់អតីតសហភាពសូវៀត ពោលគឺកម្ពុជាចង់បង្វែបំណុលនោះ ទៅជាការវិនិយោគ​នៅកម្ពុជា។ សម្តេចក៏បានអរគុណចំពោះរុស្ស៊ី ដែលបានសន្យាជួយដល់ការធ្វើឲ្យទំនើបនីយកម្ម នៃមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត។ សម្តេចបានចាត់ទុកថា មន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត គឺពិតជាមាន​តម្លៃ​បំផុតសម្រាប់កម្ពុជា រួមទាំងវិទ្យាស្ថាបច្ចេកវិទ្យាកម្ពុជាតិចណូផងដែរ។

​​លោកនាយករដ្ឋមន្រ្តីរូស្ស៊ីបានមានប្រសាសន៍បន្តថា រុស្សីនឹងបន្តសហការជាមួយកម្ពុជា ទៅលើវិស័យជាច្រើនរួមទាំងវិស័យសន្តិសុខ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ដើម្បីឲ្យទំនាក់ទំនង​ នៃប្រ​ទេសទាំងពីរកាន់តែរឹងមាំទ្វេឡើងថែមទៀត។ លោកបន្តថា ចាប់ពីឆ្នាំ២០១៩ទៅ រុស្ស៊ីនឹងផ្តល់​ជំនួយ​មួយចំនួនដល់ប្រទេសកម្ពុជា ហើយតាមរយៈការបញ្ជូនប្រធានថ្មីរុស្សី នៃគណៈកម្មការ​អន្តររដ្ឋាភិបាលរបស់ប្រទេសទាំងពីរ ដែលគ្រោងនឹងបើកកិច្ចប្រជុំនៅក្នុងខែមករា ឆ្នាំ២០១៩។

ពាក់ព័ន្ធទៅនឹងបំណុលដែលកម្ពុជាជំពាក់នោះលោកនាយករដ្ឋមន្រ្តីរុស្ស៊ីមានប្រសាសន៍ថា រុស្ស៊ីនឹងប្រើប្រាស់បំណុលនោះ សម្រាប់ជាការវិនិយោគនៅកម្ពុជា ដែលនោះគឺជាអាទិភាពដ៏ល្អ​សម្រាប់កម្ពុជាដែលរុស្ស៊ីចង់ជួយ។ លោកក៏បានជំរាបជូនសម្តេច ពីការផ្តល់ជំនួយបច្ចេកទេស​មួយចំនួន ក្រៅពីការជួយដល់ការជួសជុលមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត រុស្ស៊ីក៏មានបំណងជួយ​ដល់ការជួសជុលប្រាសាទបុរាណមួយចំនួនរបស់កម្ពុជាផងដែរ ដោយសារតែមានអ្នកទេសចរណ៍​រុស្ស៊ីជាច្រើន បានទៅទស្សនា និងចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រទេសកម្ពុជា៕


ចែករំលែក៖