ប្រទេសទួរគី៖ នៅរសៀលថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារកំពូលទ្វេភាគីទល់មុខគ្នាមួយទល់មួយ ជាមួយ លោក រ៉េជីប ថាយ៉ីបអ៊ែដ៏វ៉ាន ប្រធានាធិបតីនៃសាធារណរដ្ឋទួរគី ដែលធ្វើឡើងនៅទីក្រុង អីស្តានប៊ុល សាធារណរដ្ឋទួរគី។ នៅក្នុងជំនួបកំពូលទ្វេភាគីនេះថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការជំរុញ កំណើនពាណិជ្ជកម្ម នៃប្រទេសទាំងពីរកម្ពុជា-ទួរគី ឲ្យឈានដល់១ពាន់លានដុល្លារ នៅក្នុងពេលដ៏ ខ្លីខាងមុខ។
នៅក្នុងជំនួបនេះដែរ លោកប្រធានាធិបតីទួរគី រ៉េជីប ថាយ៉ីប អ៊ែ ដ៏ វ៉ាន មានប្រសាសន៍ស្វាគមន៍ចំពោះវត្តមាន នៃដំណើរបំពេញទស្សនកិច្ចការងារ របស់សម្តេចតេជោ មកកាន់ប្រទេសទួរគី ពិសេសលោកបានចាត់ទុកថា នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងដោយ នាយករដ្ឋមន្រ្តីកម្ពុជា។ លោកបានបន្តដោយក្តីសង្ឃឹមថា ដំណើរទស្សនកិច្ចថ្នាក់ដឹកនាំជាន់ខ្ពស់ នៃប្រទេសទាំងពីរនឹងបន្តនៅពេលខាងមុខ។ លោកបន្តថា បច្ចុប្បន្ននេះ ទួរគីបានបើកស្ថាន ឯកអគ្គរដ្ឋទូត របស់ខ្លួននៅកម្ពុជា នោះគឺជាសូចនករបង្ហាញ ពីសារសំខាន់ចំពោះកម្ពុជា។ ជាមួយនឹងទិសដៅនៃការជំរុញទំហំពាណិជ្ជកម្មឲ្យមានការកើនឡើងរហូតដល់១ពាន់លាន ដុល្លា នៅពេលខាងមុខ លោកប្រធានាធិបតី និងសម្តេចតេជោនាយករដ្ឋមន្រ្តី បានឯកភាពគ្នាក្នុងការជំរុញផ្នែកធុរកិច្ច នៃប្រទេសទាំងពីរ ធ្វើកិច្ចសហប្រតិបត្តិការគ្នា ក្នុងការបណ្តាក់ទុនវិនិយោគ លើវិស័យអាទិភាពចំពោះមុខរបស់កម្ពុជា ពិសេសគម្រោងហេដ្ឋារចនាសម្ព័ន្ធធំៗនៅកម្ពុជា។
ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរ បានឯកភាពគ្នា ក្នុងការប្រារព្វរៀបចំខួបអនុស្សាវរីយ៍លើកទី៥០ នៃថ្ងៃបង្កើតទំនាក់ទំនងការទូតរបស់ប្រទេសទាំងពីរ នៅឆ្នាំ២០២០ តាមរយ:ការរៀបចំនូវសកម្មភាពនានា ដើម្បីឲ្យប្រជាជននៃប្រទេសទាំងពីរបានស្គាល់ពីប្រទេសនិមួយៗទៅវិញទៅមក។ ក្នុងជំនួបពិភាក្សាថ្នាក់កំពូលនោះដែរ មេដឹកនាំទាំងពីរបានធ្វើការពិភាក្សាគ្នាយ៉ាងយកចិត្តទុកដាក់ ទៅលើការជំរុញកំណើននៃវិស័យទេសចរណ៍នៃប្រ ទេសទាំងពីរ តាមរយ: ការបើកឲ្យមានការហោះហើរត្រង់ពីគ្នាទៅវិញទៅមក ក្រៅពីការដឹកជញ្ជូនទំនិញនាពេលបច្ចុប្បន្ន ឲ្យក្លាយទៅជាការដឹកជញ្ជូនអ្នកដំណើរ និងភ្ញៀវទេសចរណ៍ សម្រាប់ប្រទេសទាំងពីរ នៅថ្ងៃអនាគតដ៏ខ្លីខាងមុខ។ ដោយសាតែប្រទេសកម្ពុជាទទួលនូវមជ្ឈមណ្ឌលកំចាត់មីន អាស៊ាន នៅកម្ពុជា លោកប្រធានាធិបតីមានប្រសាសន៍ថា ទួរគីនឹងពិនិត្យលទ្ធភាពក្នុងការផ្តល់ជំនួយដល់មជ្ឈមណ្ឌលកំចាត់មីនអាស៊ាន ក្នុងប្រទេសកម្ពុជា ពិសេសផ្តល់នូវការគាំទ្រដល់អាស៊ាន។
ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ មេដឹកនាំនៃប្រទេសទាំងពីរកម្ពុជា-ទួរគី បានពិភាក្សាគ្នាយ៉ាងយក ចិត្តទុកដាក់ទៅលើបញ្ហាទំនាក់ទំនងទ្វេភាគី ពហុភាគី បញ្ហាតំបន់ និងអន្តរជាតិ ការគាំទ្រពីគ្នាទៅវិញទៅមកក្នុងក្របខណ្ឌអន្តរជាតិ ពិសេសធ្វើការប្តេជ្ញាចិត្តរួមគ្នា ក្នុងការប្រយុទ្ធ ប្រឆាំង ឧក្រិដ្ឋកម្ម និងប្រយុទ្ធប្រឆាំងទៅនឹងបណ្តាញអង្គការភេរវកម្មអន្តរជាតិ។ ក្រៅពីកិច្ចព្រមព្រៀងចំនួន៨ ដែលចុះហត្ថលេខាក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅពេលនេះ មេដឹកនាំនៃប្រទេសទាំងពីរ ក៏បានធ្វើការយ៉ាងយកចិត្តទុកដាក់ពិភាក្សាទៅលើការមិនយកពន្ធត្រួតគ្នានៃប្រទេសទាំងពីរ ។
ដោយសារតែប្រទេសទួរគី បានបើកស្ថានឯកអគ្គរាជទូតរបស់ខ្លួន ក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៣ សម្តេច តេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍ជំរាបជូន លោកប្រធានាធិបតីថា កម្ពុជានឹងបើកស្ថានឯកអគ្គរាជទូតរបស់ព្រះរាជាណាចក្រកម្ពុជា នៅទីក្រុងអង់ការ៉ា ប្រទេសទួរគី ក្នុង ឆ្នាំ២០១៩ខាងមុខ តាមរយ:ការទិញដីសាងសង់ស្ថានទូតដោយផ្ទាល់ ដើម្បីបញ្ជាក់ពីឆន្ទះរបស់កម្ពុជាលើមូលដ្ឋាន នៃទំនាក់ទំនងយូរអង្វែងនៃប្រទេសទាំងពីរ។ ក្នុងជំនួបកំពូលទ្វេភាគីនោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្តី បានស្នើលោកប្រធានាធិបតី បន្តបង្កើនការផ្តល់អាហារូបករណ៍ ដល់និស្សិតកម្ពុជាទៅបន្តការសិក្សា នៅប្រទេសទួរគី និងជួយទិញអង្គរ ផ្លែស្វាយ ពីប្រទេសកម្ពុជា ដើម្បីជួយដល់កសិករកម្ពុជា ។ ក្នុងព្រះបរមនាមព្រះករុណព្រះមហាក្សត្រ សម្តេច តេជោ នាយករដ្ឋមន្រ្តីបានគោរពអញ្ជើញដោយផ្ទាល់មាត់ ជូនលោកប្រធានាធិបតី ក្នុងការអញ្ជើញ បំពេញទស្សនកិច្ចផ្លូវរដ្ឋ នៅព្រះរាជាណាចក្រកម្ពុជាក្នុងពេលវេលាដ៏សមស្រប នាពេលខាងមុខ។ លោកប្រធានាធិបតីបានឆ្លើយតបទៅនឹងការអញ្ជើញរបស់សម្តេចតេជោ ក្នុងការ អញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា និងបានឆ្លើយតបទៅនឹងសំណូមពរមួយចំនួនដែលកម្ពុជា បានស្នើឲ្យទួរគីជួយ។
ជាមួយគ្នានេះ លោកប្រធានាធិបតីក៏បានសន្យាជួយដល់ប្រទេសកម្ពុជា ក្នុងការក្លាយជាអ្នកសង្កេតការណ៍របស់ អង្គការសម្រាប់កិច្ចសហប្រតិបត្តិការ ឥស្លាម ដែលប្រទេសទួរគីនឹងធ្វើជាប្រធាននៅឆ្នាំ២០១៩៕