ព័ត៌មានទាន់ហេតុការណ៍៖

ទេសរដ្ឋមន្ដ្រី គន់ គីម អនុញ្ញាតឲ្យប្រតិភូសមាគមអតីតយុទ្ធជនវៀតណាម ចូលជួបសម្ដែងការគួរសម

ចែករំលែក៖

ខេត្តសៀមរាប៖ ទេសរដ្ឋមន្រ្តី គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បានអនុញ្ញាតឲ្យប្រតិភូ សមាគមអតីតយុទ្ធជនវៀតណាម អង្គទ័ពទី៣ ដឹកនាំដោយឧត្តមសេនីយ៍ទោ ង្វៀន គួកធឿក ចូលជួបសវនាការ នៅទីបញ្ជាការយោធភូមិភាគទី៤។

ថ្លែងឱកាសនោះ ទេសរដ្ឋមន្រ្តី គន់ គីម បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានរបស់ប្រតិភូមិត្ត នៅលើទឹកដីអង្គរ ដែលកាលពីជាង៣៩ឆ្នាំមុន កងទ័ពស្ម័គ្រចិត្តវៀតណាម បានជួយក្នុងការរំដោះប្រទេសចេញពីរបបប្រល័យពូជសាសន៍ និងជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន កងទ័ពប្រជាជនវៀតណាមនៅបានជួយកងទ័ពកម្ពុជាលើគ្រប់វិស័យ ដោយឡែកសមាគមអតីតយុទ្ធជន យើងទាំងពីរក៏មានទំនាក់ទំនងសហការគ្នាបានល្អប្រសើរ ហើយជានិច្ចជាកាលសមាគមអតីតយុទ្ធជនកម្ពុជា តែងបានសមាគមអតីតយុទ្ធជនវៀតណាម ជួយឧបត្ថម្ភ ការជួបគ្នាពេលនេះ ជាការជួបគ្នារវាងយុទ្ធមិត្តរួមអាវុធពីមុន ប្រៀបដូចជាបងប្អូនក្នុងគ្រួសារតែមួយ។

បន្ថែមពីនេះ ទេសរដ្ឋមន្ដ្រី គន់ គីម ក៏បានលើកឡើងសង្ខេបពីលទ្ធផលសកម្មភាពធំៗជាច្រើន ដែលសមាគមអតីតយុទ្ធជនកម្ពុជាធ្វើបានក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា។

ជាការឆ្លើយតប ឧត្តមសេនីយ៍ទោ ង្វៀន គួកធឿក បានសំដែងនូវការរីករាយបំផុតដែលបានមកបំពេញទស្សនកិច្ចនៅកម្ពុជា ទីដែលពួកគាត់ធ្លាប់បានរួមជាមួយកងទ័ពកម្ពុជា ធ្វើការរំដោះប្រទេសកម្ពុជាចេញពីពួក ប៉ុល ពត ដែលនៅពេលនោះកម្ពុជាត្រូវរបបវាលពិឃាទបំផ្លាញទាំងស្រុង តែពេលនេះកម្ពុជាក្រោមការដឹកនាំរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន មានការរីកចម្រើនលើគ្រប់វិស័យហួសពីការស្មាន និងសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ទេសរដ្ឋមន្រ្តី ដែលបានអនុញ្ញាតឲ្យប្រតិភូបានចូលជួបសម្តែងការគួរសម និងរៀបចំហូបបាយសាមគ្គីជូនប្រតិភូ៕


ចែករំលែក៖