ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់មានរោគស្កន់ ផឹកស្រាស្រវឹងប្រកាច់ធ្លាក់ទឹកលង់ស្លាប់យ៉ាងអាណោចអាធ័ម

ចែករំលែក៖

ខេត្តសៀមរាប ៖ បុរសម្នាក់មានរោគស្កន់ជាន់ ផឹកស្រាស្រវឹងលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៧និង៣០នាទី ថ្ងៃចន្ទ ១៣កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចទឹកទក្សិណក្នុង ភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោកវរសេនីយ៍ឯក មិន ចន្ថា អធិការនគរបាល ស្រុកប្រាសាទបាគងបានឲ្យដឹងថា បន្ទាប់ពីទទួលសេចក្ដីរាយការណ៍រួច កំលាំងនគរបាលប៉ុស្តិ៍បាគង ជំនាញផ្នែកព្រហ្មទណ្ឌ និងផ្នែកបច្ចេកទេស បានចុះទៅដល់កន្លែងកើតហេតុ ដើម្បីធ្វើការពិនិត្យលើសាកសពដែលមានឈ្មោះ ហ៊ុល គឹមសាន្ត ភេទប្រុស អាយុ២៦ឆ្នាំ ដែលមានទីលំនៅភូមិឪឡោក ឃុំបាគង ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

តាមការបញ្ជាក់ពីសមត្ថកិច្ច បានឲ្យដឹងថា៖ សាកសពបានពិនិត្យយ៉ាងល្អិតល្អន់ ពុំមានស្លាកស្នាមអ្វីដែលពាក់ព័ន្ធ នឹងបទល្មើសព្រហ្មទណ្ឌឡើយ។

យោងតាមការបំភ្លឺរបស់ម្តាយជនរោងគ្រោះនោះថា៖ កូនគាត់បានបាត់តាំងយប់ ថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ដោយមិនដឹងទៅណាទេ ហើយកូនគាត់តែងតែផឹកស្រាជាប្រចាំ និង មានរោគស្កន់ជាន់ រយៈពេលកន្លះខែម្តង ឬ១ខែម្តង ពេលផឹកស្រវឹងខ្លាំងអាច ប្រកាច់ផងដែរ រីឯអ្នកជិតខាងដែលមាន ឈ្មោះ ស៊ុយ សុខឃី ភេទស្រី អាយុ៤១ឆ្នាំ នៅភូមិជាមួយបានបំភ្លឺថា នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ម៉ោង១៩និង០០នាទី ឈ្មោះ ហ៊ុល គឹមសាន្ត ខាងលើបានដើរទៅផឹកផ្ទះគាត់ រហូតដល់ម៉ោង ២០និង៣០នាទី ទើបដើរមកផ្ទះវិញម្នាក់ឯង ។

ក្រោយពីត្រួតពិនិត្យ និងបានធ្វើកោសល្យវិច័យនៅកន្លែងកើតហេតុឃើញថា មិនមានពាក់ព័ន្ធ និងរឿងឃាតកម្មទេ ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។

សមត្ថកិច្ចក៏ប្រគល់សាកសពជនរងគ្រោះជូនឪពុកម្តាយ និងក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕ ប៊ុនរិទ្ធី


ចែករំលែក៖