ព័ត៌មានទាន់ហេតុការណ៍៖

ស្ពានឆ្លងសមុទ្រតភ្ជាប់ហុងកុងនិងប្រទេសចិនដីគោកក្លាយជាស្ពានវែងបំផុតលើពិភពលោក

ចែករំលែក៖

ក្នុងពេលដែលពលរដ្ឋចិនដីគោក បង្ហាញពីភាពសប្បាយរីករាយជាមួយនឹងស្ពាន ឆ្លងសមុទ្រថ្មី ចូលទៅកាន់កោះហុងកុង ដូចជាតំណាងនយោបាយផ្សារភ្ជាប់ រវាង ហុងកុងនឹងចិនដីគោកនោះ ពលរដ្ឋកោះ ហុងកុងបានចាត់ទុកថា ជាផ្នែកមួយនៃទឹកដីចិនមិនអាចកាត់ថ្លៃបាន។

ប្រធានាធិបតីចិន ស៊ី ជីងពីង កាលពី ថ្ងៃទី ២៣ខែតុលាបានប្រកាសសម្ពោធ ស្ពានតភ្ជាប់ កុងកុង ម៉ាកាវ ដោយមាន ប្រវែង៥៥គីឡូម៉ែត្រ ត្រូវចំណាយប្រាក់ រហូតដល់ ២០ពាន់លានដុល្លារក្នុងការ សាងសង់។ ស្ពាននេះដើរតួនាទីយ៉ាង សំខាន់យ៉ាងខ្លាំង ក្នុងការអភិវឌ្ឍតំបន់« Greeter Bay Area »ដែលជាមជ្ឈមណ្ឌល សេដ្ឋកិច្ច គ្របដណ្តប់ទាំងកោះហុងកុង និងម៉ាកាវ រួមទាំងទីក្រុង៩ផ្សេងទៀត ។

សម្រាប់រដ្ឋាភិបាលចិន ស្ពាននេះគឺជា និមិត្តរូប នៃការបើកច្រកផ្លូវសេដ្ឋកិច្ចទីផ្សារសេរី ឲ្យកាន់តែទូលំទូលាយ រវាងតំបន់ ស្វយ័តហុងកុង ជាមួយកោះម៉ាកាវ និង ខេត្តក្វាងទុងរបស់ចិន។ តែយ៉ាងណា សម្រាប់មតិមួយចំនួនបានលើកឡើងថា ស្ពាននេះ គឺជានិមិត្តរូបនៃការរឹតចំណង កាន់តែតឹង ក្នុងការប្រើអំណាចសេដ្ឋកិច្ច និងនយោបាយ មកលើដែនដីស្វយ័តហុង កុង ពីសំណាក់រដ្ឋាភិបាលកុម្មុយនីស្តិ៍ប៉េកាំង។

ស្ពានឆ្លងសមុទ្រតភ្ជាប់ពីកោះហុងកុង ទៅកោះម៉ាកាវ ឆ្លងកាត់ទីក្រុងជូហៃ ក្នុង ខេត្តក្វាងទុង ត្រូវបានដាក់សម្ពោធជា ផ្លូវការ ក្រោមអធិបតីភាព លោកស៊ី ជីន ពីង ប្រធានាធិបតីចិន កាលពីថ្ងៃអង្គារ ទី ២៣ ខែតុលា កន្លងមកនេះ។ ស្ពាននេះ មានប្រវែងសរុប ៥៥គីឡូម៉ែត្រ ដោយមានរាប់បញ្ចូលទាំងផ្លូវរូងក្រោមសមុទ្រមួយ ផ្នែក ប្រវែង៦,៧គីឡូម៉ែត្រ ដើម្បីកុំឲ្យប៉ះពាល់ដល់ផ្លូវចរាចរណ៍ចេញចូលរបស់ នាវាដឹកទំនិញ និងការចុះចតរបស់យន្ត ហោះ នៅព្រលានយន្តហោះហុងកុង។ ស្ពានឆ្លងសមុទ្រដែលមានប្រវែងវែងជាងគេលើលោកនេះ ត្រូវបានចំណាយពេល សាងសង់ អស់រយៈពេល៩ឆ្នាំ ដោយ ចំណាយប្រាក់អស់ជិត២ម៉ឺនលានដុល្លារ។ ការសាងសង់ សំណង់ដ៏អស្ចារ្យនេះ ត្រូវបានទទួលការសហការពីក្រុមហ៊ុនវិស្វកម្ម សំណង់បារាំង ឈ្មោះ Bouygues Construction។

គួរកត់សម្គាល់ថា សំណង់ស្ពានឆ្លង សមុទ្រនេះ ស្ថិតនៅក្នុងគោលនយោបាយរបស់រដ្ឋាភិបាលចិន ដែលចង់បើកច្រក សេដ្ឋកិច្ច តំបន់ភាគខាងត្បូងចិនដីគោក ក្នុងខេត្តក្វាងទុង ដែលមិនសូវជារីកចម្រើន ខ្លាំងនោះ ឲ្យមានទំនាក់ទំនងសេដ្ឋកិច្ច ដោយផ្ទាល់ជាមួយនឹងដែនដីហុងកុង និង កោះម៉ាកាវ។ ជាងនេះទៅទៀត ការបើក សម្ពោធស្ពាននេះ ក៏ជួនចំថ្ងៃបុណ្យខួប នៃការផ្តើមគោលនយោបាយ កំណែទម្រង់ សេដ្ឋកិច្ចទីផ្សារសេរី ក្រោមគំនិតផ្តួចផ្តើម របស់លោកតេង ស៊ាវភីង។

លោក ហាន ចេង នាយករដ្ឋមន្ត្រីស្តីទី របស់ចិន បាននិយាយថា ស្ពាននេះ នឹង ជំរុញការដោះដូរពាណិជ្ជកម្ម ចរាចរណ៍ មនុស្ស និងចរាចរណ៍ទំនិញ រវាងហុងកុង ម៉ាកាវ នឹងក្វាងទុង។ ចំណែកតំណាងរដ្ឋ បាលហុងកុង បានលើកឡើងថា ស្ពាននេះនឹងពង្រឹកដែនដីហុងកុងឲ្យស្ថិតនៅជា ចំណុចស្នូលដ៏សំខាន់ នៃទីតាំងយុទ្ធសាស្ត្រផ្នែកចរាចរណ៍ទំនិញ សម្ភារមិនថាតាម​ផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសនោះទេ។

ដោយឡែក សម្រាប់មនុស្សមួយចំនួន ស្ពានតភ្ជាប់ពីហុងកុង ទៅកាន់ដែនដីភាគខាងត្បូងរបស់ចិននេះ គឺបានស្តែងឲ្យឃើញនូវចេតនារបស់ទីក្រុងប៉េកាំង ក្នុងការ ពង្រឹកពង្រីកអំណាចនយោបាយ រដ្ឋបាល និងសេដ្ឋកិច្ច មកលើដែនដីហុងកុង ដែល ជាតំបន់ស្វយ័ត។ បន្តិចម្តងៗ ដែនដីស្វយ័ត ហុងកុង គឺមាននៅតែលើក្រដាសប៉ុណ្ណោះ ឯការពិតជាក់ស្តែង សិទ្ធិនយោបាយ សិទ្ធិ សេរីភាពក្នុងការបញ្ចេញមតិ ត្រូវស្ថិតក្រោមគំនាបរបស់ប៉េកាំងទាំងស្រុង។ តាមពិត ទៅ គម្រោងសាងសង់ស្ពានតភ្ជាប់នេះ គឺមានតាំងតែពីទសវត្សឆ្នាំ៨០មកម៉្លេះ ក៏ ប៉ុន្តែរដ្ឋបាលកោះហុងកុង កាលជំនាន់ នោះ បានប្រកែកមិនព្រមទទួលជាដាច់​ខាត ព្រោះគេមិនចង់ភ្ជាប់ចំណងដោយ ផ្ទាល់ ជាមួយនឹងដែនដីចិនដីគោក ដែល គ្រប់គ្រងដោយរបបកុម្មុយនីស្ត៕ ម៉ែវ សាធី


ចែករំលែក៖