បាងកក៖ លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុន SCG (អេសស៊ីជី) សម្រាប់ត្រីមាសទីបី និងរយៈពេល ៩ ខែនៃឆ្នាំ ២០១៨ បានបង្ហាញឲ្យឃើញពីការកើនឡើងនូវប្រាក់ចំណូល ប៉ុន្តែ ប្រាក់ចំណេញបានធ្លាក់ចុះដោយសារតែការកើនឡើងនូវតម្លៃវត្ថុធាតុដើម និងថាមពល ការធ្លាក់ចុះនៃពាណិជ្ជកម្មសកលលោក និងការខូចបង់នូវទ្រព្យសកម្ម។
ក្រុមហ៊ុនអេសស៊ីជី ពិតជាដឹងអំពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្ម និងភាពមិនច្បាស់លាស់នៃសេដ្ឋកិច្ចសកលលោក ហើយបានដាក់ចេញនូវទិសដៅចំនួន ៦ សម្រាប់ជាផែនការបុរេសកម្ម រួមមានពង្រីកឱកាសនាំចេញ ស្របតាមលំហូរទីផ្សារសកលលោក គ្រប់គ្រងការចំណាយលើថាមពល ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើនប្រសិទ្ធភាពផលិតកម្ម និងកាត់បន្ថយចំណាយ អភិវឌ្ឍនូវផលិតផល និងសេវាកម្មដែលមានតម្លៃបន្ថែមខ្ពស់ (HVA) និងប្រកបដោយនវានុវត្តន៍ ពង្រឹងប្រសិទ្ធភាពទុនប្រតិបត្តិការ និងពិនិត្យឡើងវិញលើកម្មវិធីវិនិយោគ និងការចំណាយវិនិយោគរបស់ខ្លួន ក្នុងបំណងរក្សាឲ្យបាននូវភាពប្រកួតប្រជែងនៃអាជីវកម្មរបស់ក្រុមហ៊ុន។
លោក Roongrote Rangsiyopash ដែលជាប្រធាន និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន SCG បានបង្ហាញនូវលទ្ធផលប្រតិបត្តិការមុនសវនកម្មរបស់ក្រុមហ៊ុន សម្រាប់ត្រីមាសទីបី ឆ្នាំ ២០១៨ ដោយក្នុងនោះប្រាក់ចំណូលពីការលក់ដែលបានចុះបញ្ជីរួចគឺមានទំហំទឹកប្រាក់១៥.១៣៣ ពាន់លានរៀល (៣.៧១៦លានដុល្លារសហរដ្ឋអាមេរិក) គឺកើនឡើង ២ភាគរយ បើធៀបនឹងត្រីមាសមុន និងកើនឡើង ៩ភាគរយ បើធៀបនឹងត្រីមាសទីបី ឆ្នាំ ២០១៧ ដែលកំណើននេះគឺដោយសារតែមានការលូតលាស់សម្រាប់គ្រប់ផ្នែកអាជីវកម្មទាំងអស់។ ចំណែកឯប្រាក់ចំណេញក្នុងរយៈពេលនេះ គឺមានចំនួន១.១៧០ ពាន់លានរៀល (២៨៧ លានដុល្លារ) ដែលបានធ្លាក់ចុះ ២៤ភាគរយ បើធៀបនឹងត្រីមាសមុន ហើយធ្លាក់ចុះ ២០ភាគរយ បើធៀបនឹងត្រីមាសទីបីឆ្នាំ ២០១៧ដែលការធ្លាក់ចុះនេះក៏ដោយសារតែថ្លៃខូចបង់លើទ្រព្យសកម្មនានាក្នុងទំហំទឹកប្រាក់ ២០៦ ពាន់លានរៀន (៥១ លានដុល្លារ) ដោយយោងទៅតាមបទដ្ឋានគណនេយ្យ និងការចំណាយខ្ពស់លើសារធាតុ naphtha ដែលបានកើនឡើងព្រមជាមួយនឹងតម្លៃប្រេងសកលលោក។ ប្រសិនបើគ្មានការខូចបង់បែបនេះទេនោះ ក្នុងរយៈពេលនេះ អេសស៊ីជីប្រហែលជាទទួលបានប្រាក់ចំណេញចំនួន ១.៣៧៦ពាន់លានរៀល (៣៣៨ លានដុល្លារ)។
សម្រាប់ប្រតិបត្តិការក្នុងរយៈកាល ៩ ខែ ឆ្នាំ ២០១៨ វិញ អេសស៊ីជី បានកត់ត្រាប្រាក់ចំណូលពីការលក់ក្នុងទំហំទឹកប្រាក់ ៤៥.៤៥៧ពាន់លានរៀល (១១.២៣៨លានដុល្លារ) ដែលបានកើនឡើង ៧ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដោយសារតែក្រុមហ៊ុនទទួលបានប្រាក់ចំណូលខ្ពស់ពីគ្រប់ផ្នែកអាជីវកម្មទាំងអស់។ ប្រាក់ចំណេញក្នុងរយៈពេលនេះមានចំនួនសរុប ៤.៣១៤ពាន់លានរៀល (១.០៦៧ លានដុល្លារ) ដែលបានធ្លាក់ចុះ 19% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន ដែលការធ្លាក់ចុះនេះភាគច្រើនគឺដោយសារតែលទ្ធផលទាបសម្រាប់អាជីវកម្មគីមី និងការខូចខាតទ្រព្យសកម្មកាលពីត្រីមាសទី 3។ បន្ថែមលើនេះ ប្រាក់ចំណូលពីការនាំចេញមានទំហំ ១២.៣២៣ពាន់លានរៀល ( ៣.០៤៧លានដុល្លារ) ដែលបានកើនឡើង ៧ភាគរយ បើធៀបនឹងឆ្នាំមុន ហើយដែលទំហំ ប្រាក់ចំណូលនេះគឺស្មើនឹង ២៧ភាគរយនៃប្រាក់ចំណូលសរុបពីការលក់របស់ក្រុមហ៊ុនអេសស៊ីជី។
លោក Roongrote បានមានប្រសាសន៍ថា៖ “លទ្ធផលប្រតិបត្តិការរបស់ក្រុមហ៊ុនអេសស៊ីជីសម្រាប់ត្រីមាសទីបី ឆ្នាំ ២០១៨ និងសម្រាប់រយៈពេល ៩ ខែ ឆ្នាំ ២០១៨ បានបង្ហាញឲ្យឃើញពីការកើនឡើងនូវប្រាក់ចំណូលសម្រាប់ផ្នែកអាជីវកម្មទាំងអស់ ដោយសារតែស្ថានភាពមានភាពល្អប្រសើរសម្រាប់គ្រប់ទីផ្សារ តម្រូវការខ្ពស់ពីសំណាក់វិស័យរដ្ឋ និងឯកជន ចំពោះផលិតផលស៊ីម៉ង់ត៍ និងសម្ភារសំណង់ពីប្រទេសថៃ និងនៅតាមគម្រោងវិនិយោគបរទេសនានា លំនឹងតម្រូវការទីផ្សារសម្រាប់សារធាតុគីមី និងអាជីវកម្មក្រដាស បើទោះបីជាប្រាក់ចំណេញបានធ្លាក់ចុះ ដោយសារតែតម្លៃវត្ថុធាតុដើម និងថាមពលកើនខ្ពស់ គួបផ្សំនឹងការធ្លាក់ចុះនៃពាណិជ្ជកម្មសកលលោក និងការខាតបង់ដោយសារការខូចទ្រព្យសកម្ម៕ វឌ្ឍនា