ព័ត៌មានទាន់ហេតុការណ៍៖

ឆាយ មាស ឈ្នះពិន្ទុ ងួន គា ខណៈ បឺត សង្ឃឹម ឈ្នះសយ សី ក្នុងការប្រកួតកំពូលជើងឯក TV5 រដូវកាលទី៤ វគ្គជម្រុះជុំទី១

ចែករំលែក៖

ភ្នំពេញៈ ការប្រកួត​កីឡាប្រដាល់​កំពូលជើងឯក TV5 Boxing Knock out Series (K-Cement) វគ្គជម្រុះជុំទី១ នៅស្ទូឌីយ៉ូ ប៉ុស្តិ៍លេខ៥ ភូមិព្រែក​ថ្លឹង បានចាប់ផ្តើម យ៉ាងកក្រើកសង្វៀន​តែម្តង ដោយសារ​ការប្រកួត​របស់កីឡាករ​ គឺបញ្ចេញអស់ពីសមត្ថភាព អស់ពីក្បាច់​គុន​ដែល​រៀនចេះ​ទាំងប៉ុន្មាន យកមកប្រើនៅលើសង្វៀនផ្ទាល់តែម្តង ធ្វើឲ្យអ្នកទស្សនាជក់ចិត្ត ដិតអារម្មណ៍ ផ្ចង់ភ្នែក ហើបគូថពីកៅអី និងទះដៃ​យ៉ាងកងរំពង​ពេញផ្ទៃ​ស្ទូឌីយ៉ូ កាលពីព្រលប់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៨ ។

កម្មវិធីប្រដាល់ក្បាច់គុនខ្មែរ​ចាប់ផ្តើមពីវេលាម៉ោង​១៨រហូតដល់ម៉ោង​២០និង៣០នាទី នៅស្ទូឌីយូប៉ុស្តិ៍លេខ៥ ព្រែកថ្លឹង។ គណៈកម្មការរៀបចំការប្រកួត​បានផ្គូរផ្គរគូប្រកួត​ចំនួន៥គូ ក្នុងនោះ មានគូពិសេសចំនួន២គូ, គូពានរង្វាន់​២គូ និងគូអន្តរជាតិ​១គូ ដែលកីឡាករ វង្ស ណយ ប្រភេទទម្ងន់​៧០គីឡូក្រាម មកពីក្លិប កុលបុត្រ​គុនខ្មែរខណ្ឌទួលគោក បានប៉ះដៃគូដ៏ខ្លាំងរបស់ខ្លួនមកពី​ប្រទេសថៃ គឺកីឡាករ ឃុន ក្រុងថេប ដែលលទ្ធផល៥ទឹក កីឡាករ​កម្ពុជាចាញ់កីឡាករថៃ ដោយពិន្ទុ ។

ចំណែកគូពិសេស​មាន២គូ គឺបើកឆាកប្រកួត​កីឡាករ ទេស ជីវ៉ា ប្រភេទទម្ងន់​៦៣.៥គីឡូក្រាម មកពីក្លិបបញ្ជាការដ្ឋានកងពលតូច៧០ ប៉ះជាមួយ​ សំ ខាំប៉ាវចិន ដែលគូនេះប្រកួតគ្នា​យ៉ាងពេញសមត្ថភាព ធ្វើឲ្យអ្នកទស្សនាជក់ចិត្ត​យ៉ាងខ្លាំង មិនខុសគ្នាប៉ុន្មាននឹងគូចុងក្រោយ រវាងកីឡាករ ជា ឧត្តម ប្រភេទទម្ងន់​៦០គីឡូក្រាម មកពីក្លិប ម៉ៃទីក្រាំងយ៉ូវ នឹង​ ហ៊ុន សំណាង មកពីក្លិប​វិបុលដារិទ្ធិខណ្ឌពោធិ៍សែនជ័យនោះឡើយ ។ អ្នកទស្សនា​នៅបានស្ងើចសរសើរ​ថា ពិតជាគូ​ជក់ចិត្ត​ ទស្សនា​មិនជិនណាយសោះឡើយ ។

បន្ទាប់ពីប្រកួត​គូពិសេស​ទី១ចប់ ចូលដល់គូទី​២ គឺការប្រកួត​ពានរង្វាន់ កំពូលជើងឯក TV5 Boxing Knock out Series (K-Cement) វគ្គជំរុះជុំទី១ រវាងកីឡាករ ឆាយ មាស ប្រភេទទម្ងន់៥៧គីឡូក្រាម មកពីក្លិបសំរោង​កោងកីឡាខេត្តបាត់ដំបង ប្រកួត​ជាមួយ ងួន គា មកពីក្លិបតាលីដំរីមានរិទ្ធ ដោយលទ្ធផល ឆាយ មាស ឈ្នះ ងួ​ គា ដោយពិន្ទុ ។

គូប្រកួតពានរង្វានមួយគូទៀត រវាងកីឡាករ បឺត សង្ឃឹម ប្រភេទទម្ងន់៥៧គីឡូក្រាម​ដូចគ្នា មកពីក្លិបរ៉ាហាប់ស្វាយប៉ាក ប៉ះប្រកួតជាមួយ កីឡាករ សយ សី មកពីក្លិប វិបុលដារិទ្ធិ ខណ្ឌពោធិ៍សែនជ័យ ដែលលទ្ធផល សយ សី ចាញ់ពិន្ទុ​បឺត សង្ឃឹម ក្នុងការប្រកួតរយៈពេល៣ទឹកប៉ុណ្ណោះសម្រាប់គូពានរង្វាន់នោះ ។

សូមបញ្ជាក់ថា នេះជាការប្រកួត​ជ្រើសរើសជើងឯក TV5 Boxing Knock out Series (K-Cement) រដូវកាលទី៤ ដែលមានកីឡាករ​ចូលរួមប្រកួតប្រជែងដណ្តើមយកពានលេខ១ រហូតដល់​៣២នាក់ ។

ក្នុងឱកាសបើកកម្មវិធីប្រកួត​ លោកតែម ម៉ឺន ប្រធានសហព័ន្ឋកីឡាប្រដាល់កម្ពុជា បានផ្តាំផ្ញើដល់កីឡាករទាំង៣២រូបដែលមានឈ្មោះប្រកួត ត្រូវតែបង្ហាញក្បាច់គុន ល្បិចប្រយុទ្ធ ឲ្យបានប្រសើរបំផុតតាមតែអាចធ្វើទៅបាន ដើម្បីលើកកម្ពស់គុនខ្មែរមួយនេះដែលល្អប្រសើរហើយនោះឲ្យរឹងរិតតែប្រសើរថែមទៀត និងថា គណៈកម្មការទាំងអស់ផងដែរ ត្រូវពង្រឹងការងារដាក់ពិន្ទុដោយឈរលើគោលការណ៍សុក្រិតភាព អាចឲ្យទស្សនិកជនទទួលយកបាន ។

ជាមួយគ្នា តំណាងស្ថានីយទូរទស្សន៍ប៉ុស្ដិ៍លេខ៥ លោក ឧត្តមសេនីយ៍ទោ សិន សុផាត បានថ្លែងថា ប៉ុស្ដិ៍លេខ៥ បានបើកការប្រកួតជ្រើសរើសជើងឯក ដោយប្រើរូបមន្តជម្រើសយកកីឡាករចំនួន៣២រូប ក្នុងប្រភេទទម្ងន់ដូចៗគ្នា ឲ្យមកចាប់គូគ្នាប្រកួត ចាញ់គឺធ្លាក់ៗ ដូចការប្រកួតកន្លងមកអីចឹងដែរ ។

លោកថា នេះជាការបណ្ដុះកីឡាករថ្មីៗ ឲ្យក្លាយជាកីឡាករមានឈ្មោះបោះសំឡេង ហើយក្នុងនោះ កីឡាករម្ចាស់ពាន ក៏មានមុខឡើងប្រកួតជាគូឯក និងជាគូអន្តរជាតិផងដែរ ៕ ស តារា


ចែករំលែក៖