ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា បានសម្រេចកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី-ខេត្ត- ក្រុង-ស្រុក-ខណ្ឌ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ។
សេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ផ្សព្វផ្សាយនៅថ្ងៃព្រហស្បតិ៍ ៨រោច ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៨ បានឲ្យ ដឹងថា ការបោះឆ្នោតក្រុមប្រឹក្សារាជធានី- ខេត្ត-ក្រុង-ស្រុក-ខណ្ឌ នៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៩ ជាការបោះឆ្នោត លើកទី៣ ។
ច្បាប់ស្តីពី ការបោះឆ្នោតជ្រើសតាំង សមាជិកក្រុមប្រឹក្សារាជធានី-ខេត្ត-ក្រុង ស្រុក-ខណ្ឌ បានកំណត់ថា សមាជិកក្រុម ប្រឹក្សាត្រូវជ្រើសរើសឡើងដោយការបោះឆ្នោតអសកល មិនចំពោះ ដោយសេរី ត្រឹមត្រូវនិងយុត្តិធម៌តាមវិធីជ្រើសរើសឆ្នោត ជាសម្ងាត់។ ចំណែកបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាត្រូវ បញ្ចូលឈ្មោះរបស់ខ្លួន ទៅក្នុងបញ្ជីបេក្ខ ជននៃគណបក្សនយោបាយណាមួយ។ ដោយឡែក អ្នកបោះឆ្នោត គឺជាសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ នៅក្នុងមុខតំណែង។
សូមរម្លឹកថា លទ្ធផលសំឡេងឆ្នោត និងអាសនៈ នៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានីខេត្ត អាណត្តិទី២ ឆ្នាំ២០១៤ ត្រូវបាន គ.ជ.ប កាលពីថ្ងៃទី ២៧ ខែឧសភា ឆ្នាំ២០១៤ ដោយបង្ហាញ ថា ក្នុងរាជធានី ខេត្ត ទាំង ២៥ គឺមាន៣ គណបក្ស ដែលទទួលបានអាសនៈនៅ ក្រុមប្រឹក្សារាជធានីខេត្ត សរុប ៣៩៣ រូប ក្នុងនោះ រួមមាន៖ គណបក្សប្រជាជន កម្ពុជាទទួលបាន ៣០៦អាសនៈ ( ប្រធាន ២៥រូប និងសមាជិក២៨១រូប) គណបក្ស សង្គ្រោះជាតិ ទទួលបាន៨៦អាសនៈ និងគណបក្សហ្វុ៊នស៊ិនប៉ិច ទទួលបាន ១អាសនៈ ។
ដោយឡែកតារាងលទ្ធផលសំឡេង ឆ្នោត និងអាសនៈនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ អាណត្តិទី២ ឆ្នាំ២០១៤ ក៏ត្រូវបានគ.ជ.ប ចេញផ្សាយ កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៤ ដោយបង្ហាញថា នៅក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌទូទាំងប្រទេស ដែលមានអាសនៈសរុប ២៩៣១ រូប មកពី ៤ គណបក្ស រួមមាន៖ គណបក្សប្រជាជនកម្ពុជា ចំនួន ២២៣៤ រូប (ប្រធាន ១៩៥ រូប និងសមាជិក ២០៣៩ រូប ) គណបក្សសង្គ្រោះជាតិ ៦៧៩ រូប ( ប្រធាន ២ រូប និងសមាជិក ៦៧៧ រូប ) គណបក្សហ្វុ៊នស៊ិនប៉ិច ១៧រូប និងគណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ ១រូប។
ក៏ប៉ុន្តែក្រោយថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៧ អាសនៈក្រុមប្រឹក្សារាជធានី ខេត្តក្រុងស្រុកខណ្ឌរបស់គណបក្ស សង្គ្រោះជាតិ សរុបចំនួន ៧៦៥ រូប ( ក្រុមប្រឹក្សារាជធានីខេត្ត ចំនួន ៨៦រូប និងក្រុមប្រឹក្សាក្រុងស្រុកខណ្ឌ ចំនួន ៦៧៩រូប) ត្រូវបានបែងចែងឲ្យទៅគណ បក្សប្រជាជនកម្ពុជានិងគណបក្សហ្វុ៊នស៊ិនប៉ិច ដោយសារតែតុលាការកំពូល បាន សម្រេចរំលាយគណបក្សសង្គ្រោះជាតិ។ គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យបានប្រកាសមិនទទួលយកអាសនៈរបស់គណបក្សសង្គ្រោះជាតិទេ ។
ចំណែកលទ្ធផលនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៤ ត្រូវបានគ.ជ.ប ចេញផ្សាយកាលពីថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ២០១៧ ដោយបង្ហាញថា ក្នុងចំណោមសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុបចំនួន១១៥៧២ រូប មកពីគណបក្ស នយោបាយចំនួន៧រួមមាន គណបក្ស ប្រជាជនកម្ពុជា ៦៥០៣ រូប ( មេឃុំ ១១៥៦ រូប ជំទប់ទី១ ចំនួន ១១៣៩រូប និងជំទប់ទី២ ចំនួន ៥១០រូប ) គណបក្ស សង្គ្រោះជាតិ ចំនួន ៥០០៧រូប ( មេឃុំ ៥៥៣រូប ជំទប់ទី១ ចំនួន ៥០៣រូប និងជំទប់ទី២ ចំនួន ១០៨៧ រូប) គណបក្សហ្វុ៊នស៊ិនប៉ិច ចំនួន ២៨រូប ( មេឃុំចំនួន ១រូប ជំទប់ទី១ ចំនួន ២៦រូប និងជំទប់ទី២ ចំនួន ៤រូប ) គណបក្សសម្ព័ន្ធ ដើម្បីប្រជាធិបតេយ្យចំនួន៤រូប ( ជំទប់ ទី២ ) គណបក្សខ្មែររួបរួមជាតិចំនួន ២៤រូប ( មេឃុំ ១រូប ជំទប់ទី១ ចំនួន ២រូប និងជំទប់ទី២ ចំនួន ១៦រូប ) គណបក្ស សំបុកឃ្មុំសង្គមប្រជាធិបតេយ្យចំនួន១រូប (ជំទប់ទី២) និងគណបក្សប្រជាធិបតេយ្យ មូលដ្ឋានចំនួន៥ រូប ( ជំទប់ទី១ ចំនួន ១រូប និងជំទប់ទី២ ចំនួន ២រូប )។
យ៉ាងណាក៏ដោយសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ សរុប ៥០០៧ រូប របស់គណ បក្សសង្គ្រោះជាតិ ត្រូវបានបែងចែកទៅឲ្យគណបក្សប្រជាជនកម្ពុជាគណបក្សហ្វុ៊នស៊ិនប៉ិច គណបក្សសំបុកឃ្មុំនិងគណបក្សខ្មែររួបរួមជាតិក្រោយពីគណបក្សសង្គ្រោះជាតិ ត្រូវបានតុលាការកំពូលសម្រេចរំលាយ ចោល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០១៧។ ដោយឡែក គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យនិងគណបក្សប្រជាធិបតេយ្យមូលដ្ឋាន មិនទទួលយកអាសនៈ របស់អតីតគណបក្សសង្គ្រោះជាតិនោះ ឡើយ៕ ហេង សូរិយា