ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមហ៊ុន CBLកសាងក្លោងទ្វារថ្មី និងរបងថ្មីជូនសាលាបឋមសិក្សាចុងព្រែក

ចែករំលែក៖

ភ្នំពេញ៖ កាលពីថ្ងៃព្រហស្បតិ៍ទី១ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា(CBL)ដែលមានផលិតស្រាបៀរដូចជាHeineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stoutបានរៀបចំពិធីសម្ពោធក្លោងទ្វារ និងរបងថ្មីជូនសាលាបឋមសិក្សាចុងព្រែកដែលមានទីតាំងស្ថិតនៅភូមិចុងព្រែក សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីលោកនេតសារ៉ែនចៅសង្កាត់ព្រែកឯងលោកហ៊ុយវុទ្ធី នាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុន CBLលោក រាម ភឿន នាយកសាលាបឋមសិក្សាចុងព្រែក ព្រមទាំងបុគ្គលិកនៃក្រុមហ៊ុន CBLឳពុកម្តាយអាណាព្យាបាលលោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃសាលាបឋមសិក្សាចុងព្រែកចំនួន ៣១៩នាក់។

ក្នុងឱកាសនោះលោក រាម ភឿន នាយកសាលាបឋមសិក្សាចុងព្រែក បានលើកឡើងថាកន្លងមកសាលារៀនបានជួបប្រទះផលលំបាកមួយចំនួនដូចជាក្លោងទ្វារនេះមានសភាពទ្រុឌទ្រោមគួរឲ្យព្រួយបារម្មណ៏និងរបងមានកំពស់ទាបងាយស្រួលឲ្យអ្នកទទៃផ្លោះរបងចូលបរិវេណសាលាធ្វើឲ្យពិបាកក្នុងការគ្រប់គ្រងសំភារៈផ្សេងៗក្នុងសាលានិងថ្នាក់រៀន។

លោកនាយកសាលាក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ក្រុមហ៊ុនCBLព្រមទាំងបុគ្គលិកទាំងអស់ដែលបានចំណាយថវិកា រួមទាំងកម្លាំងកាយចិត្ត ជួយកសាងក្លោងទ្វារថ្មី និងរបងថ្មីប្រវែង៦៧ម៉ែត្រជូនសាលាបឋមសិក្សាចុងព្រែកហើយលោកក៏ប្តេជ្ញាចិត្តនឹងការពារថែរក្សាសម្មិទ្ធិផលទាំងនេះឲ្យបានគង់រង្សដើម្បីបានជាប្រយោជន៏បន្តដល់ក្មេងៗជំនាន់ក្រោយទៀត។

ជាមួយគ្នានោះដែរ លោកហ៊ុយវុទ្ធីនាយកផ្នែកទំនាក់ទំនងកិច្ចការសហគ្រាសនៃក្រុមហ៊ុន CBL បានមានប្រសាសន៍ថានេះជាសាលារៀនទី៣ ដែលក្រុមហ៊ុន CBL និងបុគ្គលិកបានជួយកែលំអរសោភ័ណ្ឌនិងសុវត្ថិភាពឲ្យកាន់ប្រសើរក្នុងគោលបំណងដើម្បីជួយសម្រួលដោះស្រាយផលពិបាកនានារបស់សិស្សានុសិស្សនិងជម្រុញទឹកចិត្តពួកគាត់ឲ្យផ្តោតលើការសិក្សារបស់ខ្លួន។

លោកបន្ថែមទៀតថាសិស្សានុសិស្សក្នុងពេលបច្ចុប្បន្ននឹងក្លាយជាអ្នកដឹកនាំនាពេលអនាគតដូច្នេះការអប់រំល្អនឹងបណ្តុះបណ្តាលបានធនធានមនុស្សដ៏ល្អ ហើយធនធានមនុស្សដ៏ល្អ នឹងជួញអភិវឌ្ឍសហគមន៏របស់យើងឲ្យកាន់តែរីកចំរើន។

លោកក៏សង្ឃឹមថា កិច្ចខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុននិងបុគ្គលិក នឹងជួយបង្កើនសោភ័ណ្ឌភាពដល់សាលារៀនក៏ដូចជាផ្តល់នូវភាពកក់ក្តៅនិងអារម្មណ៏សុវត្ថិភាពបន្ថែមទៀតដល់ឳពុកម្តាយអាណាព្យាបាល លោកគ្រូអ្នកគ្រូ ជាពិសេសសិស្សានុសិស្សទាំងអស់ ហើយសង្ឃឹមប្អូនៗនឹងខិតខំរៀនសូត្រដើម្បីក្លាយជាធនធានមនុស្សដ៏ល្អនិងជួញអភិវឌ្ឍសហគមន៏ឲ្យកាន់តែប្រសើរឡើងនាពេលអនាគត។

គួររម្លឹកផងដែរថានេះគឺជាគម្រោងកែលម្អសាលារៀនទីបីរបស់ក្រុមហ៊ុនផលិតស្រាបៀរកម្ពុជា (CBL)បន្ទាប់ពីបញ្ចប់គម្រោងកែលម្អនិងជួសជុលសាលាវិទ្យាល័យព្រែកឯងនិងសាលាបឋមសិក្សារបោះអង្កាញ់។ ក្រុមហ៊ុនCBLដែលជាក្រុមហ៊ុនផលិតស្រាបៀរគុណភាពលំដាប់ពិភពលោកដូចជា Heineken, Tiger, Tiger Crystal, ABC Extra Stout, Anchor, Gold Crown និង Gold Crown Stout តែងតែចូលរួមរាល់សកម្មភាពនានាក្នុងការអភិវឌ្ឍសហគមន៍ និងផ្ដោតការយកចិត្ដទុកដាក់ជាពិសេសលើការប្រព្រឹត្ដខ្លួនជាសហគ្រាសមួយដែលមានស្មារតីទទួលខុសត្រូវខ្ពស់ចំពោះសង្គមជាតិ ៕

អត្ថបទ ៖ ថម សន


ចែករំលែក៖