ខេត្តស្ទឹងត្រែង ៖ លោកឌួង ពៅ អញ្ជើញចុះចែកគ្រាប់ពូជបន្លែបួនមុខ ដល់ប្រជាកសិករ ដែលរងគ្រោះដោយសារ ទឹកជំនន់កន្លងមក ធ្វើឲ្យខូចខាតផលដំណាំ និងបាត់បងគ្រាប់ដំណាំផ្សេងៗទៀតដោយសារគ្រោះធម្មជាតិនេះ ដែលអញ្ជើញចូលរួមអមដំណើរមានលោកឌៀប ចន្ធី ស្នងការរងខេត្ត រូមនឹងមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត មេបញ្ជាការរងវរៈការពារព្រំដែន១០១ លោកអ៊ុក ចាន់ថន អភិបាលរងស្រុកថាឡាបរីវ៉ាត់ និងលោកវ៉ា សុខា នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរីវ៉ាត់ អញ្ជើញចូលរួមចែកអំណោយចែកគ្រាប់ពូជបន្លែ ចំនួនបួនមុខ ក្នុងមួយកញ្ចប់ម្នាក់ ជូនដល់ពលរដ្ឋរងគ្រោះចំនួន៤៨០គ្រួសារ នៅរសៀលម៉ោង២.០០នាទី ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ឋិតនៅវត្ត នទីអម្អវណរាម ស្ថិតក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកថាឡាបរីវ៉ាត់ ខេត្តស្ទឹងត្រែង។
ក្នុងនោះផងដែរ លោកឌួង ពៅ អភិបាលរងខេត្ត បានមានប្រសាសន៍សំណេះសំណាលដល់ពលរដ្ឋ ទាំង៤០០អ្នក ស្ថិតនៅវត្តអូរស្វាយថា នេះជាអំណោយបន្តិចបន្តួចរបស់សាលាខេត្ត ជាគ្រាប់ពូជបន្លែមានបួនមុខជូនដល់បងប្អូន ដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក ដែលធ្វើឲ្យបងប្អូនខូចខាតផលដំណាំជាច្រើន ហើយគ្រាប់បន្លែនេះ បងប្អូនអាចយកទៅបណ្តុះរួចដាំ បានផលផ្លែផ្កាលក់ដូរ អាចដោះទាល់ ដល់ជីវភាពគ្រូសារជាប្រចាំថែមទៀតផង។
លោកអភិបាលខេត្តបានបញ្ជាក់ទៀតថា អំណោយជាគ្រាប់ពូជបន្លែនេះ ជាគំនិតផ្តួចផ្តើមរបស់លោកអភិបាល នៃគណៈអភិបាលខេត្ត បានរៀបចំជាគ្រាប់ពូជបន្លែដូចជាគ្រាប់ស្ពៃ គ្រាប់ត្រប គ្រាប់ស្ពៃ ដល់បងប្អូន ហើយលោកអភិបាលរងខេត្ត បញ្ជាក់បន្ថែមថា សូមបងប្អូនយកទៅដាំ កុំយកទៅចោលឲ្យកណ្តុរពាំ ដើម្បីជីវភាព និងជីវិតគ្រួសារ ត្រូវតែប្រកបរបរនេះ ជាដំណាំដាំឆាប់បានផល ដោះទាល់ ម្យ៉ាងទៀត បងប្អូនរស់នៅជិត នឹងដងទន្លេ ងាយស្រួលដល់ការថែទាំ ។
លោក សម្បត្តិ ពិសិទ្ធ ស្មៀនឃុំអូស្វាយ លោកបានបញ្ជាក់ថា ក្នុងការដែលលោកអភិបាលរងខេត្តអញ្ជើញចុះចែកគ្រាប់ពូជបន្លែ ជូនដល់បងប្អូនរងគ្រោះទាំង ៤៨០គ្រួសារ ពួកគាត់សុទ្ធតែជាអ្នករងគ្រោះដោយសារទឹកជំនន់កន្លងមក។
លោកបន្តថា នេះជាលើកទីប្រាំហើយ ហើយលើកទីប្រាំនេះ ជាអំណោយគ្រាប់ពូជបន្លែជូនដល់ពួកគាត់ ដាំដុះងាយដាំ ងាយដុះ ងាយបានផល យកទៅលក់នៅទីផ្សារផង និងបរិភោគប្រចាំថ្ងៃផង ជៀសវាងទិញពីផ្សារមកបរិភោគ ខ្លាចប៉ះជាតិគីមី និងប៉ះពាល់ដល់សុខភាពទៀតផង ហើយលោកក៏អរគុណដល់គំនិតផ្តួចផ្តើមដ៏ល្អមួយនេះ គិតគូរដល់សុខទុក្ខប្រជាពលរដ្ឋ ក្នុងខេត្ត ទាំងមូល ដែលរងគ្រោះដោយសារទឹកជំនន់កន្លងមក ។ សូមជូនពរដល់លោកអភិបាល នៃគណៈអភិបាលខេត្ត និងលោកអភិបាលរងខេត្ត និងមន្ត្រីជុំវិញខេត្ត ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំង៣ផងដែរ ឲ្យជួបតែពុទ្ធពរទាំងបួនប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ជាចុងក្រោយ លោកឌួង ពៅ អភិបាលរងខេត្ត និងក្រុមការងារអញ្ជើញ ចែកអំណោយជាគ្រាប់ពូជបន្លែ ជូនដល់បងប្អូនប្រជាកសិករទាំង៤៨០គ្រួសារ ម្នាក់ៗទទួលបានមួយថង់ ស្មើបួនកញ្ចប់ ស្មើបីមុខ ១.គ្រាប់ស្ពៃពីកញ្ចប់ ២.គ្រាប់ត្រកួនមួយកញ្ចប់ ៣.គ្រាប់ត្របមួយកញ្ចប់ ៕ មាស សុផាត