ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍១កើត ខែកត្តិក ឆ្នាំចសំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបសំណេះសំណាលនិងផ្ដល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗ សិស្សានុសិស្សដែល បានប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)ដែលទទួលបាននិទ្ទេស(A)ចំនួន៤០៨នាក់ ដែលពិធីនេះបានធ្វើឡើងនៅវិមានសន្តិភាព រាជធានីភ្នំពេញ។ សូមបញ្ជាក់ផងដែរថា សម័យប្រឡងកាលពីថ្ងៃទី ២០ ខែសីហា ឆ្នាំ២០១៨ កន្លងទៅនេះ មានសិស្សប្រឡងជាប់ ៧៦,០៣៤នាក់ ស្មើនឹង ៦៧.០៧%។ ក្នុងនោះបេក្ខជនជាប់និទ្ទេស (A) មានចំនួន ៤០៨នាក់ និទ្ទេស (B) ចំនួន ២,២២២នាក់ និទ្ទេស (C) ចំនួន ៦,០៤១នាក់ និទ្ទេស (D) ចំនួន ១៥,១៨០នាក់ ព្រមទាំងនិទ្ទេស (E) ចំនួន ៥,២១៨៣នាក់។ ដើម្បីលើកទឹកចិត្តដល់ក្មួយៗ ដែលខិតខំរៀនសូត្រហើយប្រឡងជាប់បាននិទ្ទេសខ្ពស់ (A) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី តែងតែផ្តល់កិត្តិយសអញ្ជើញជួបសំណេះសំណាលនិងផ្តល់រង្វាន់លើកទឹកចិត្តដល់ក្មួយៗ ចៅៗមក ពីទូទាំងប្រទេស។ ក្នុងនោះក៏មានវត្តមាន លោកនាយកសាលា ឪពុកម្តាយ និងអាណាព្យាបាលសិស្ស បានចូលរួមជារៀងរាល់ឆ្នាំ។
ថ្ងៃនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី សប្បាយរីករាយ និងមានមោទនភាពយ៉ាងខ្លាំង ចំពោះការខិតខំប្រឹងប្រែងរបស់កូនក្មួយ និងចៅៗ ទាំងអស់ដែលបានខិតខំប្រឹងប្រែងរៀនសូត្រទទួល បាននិទ្ទេស (A) នាពេលនេះ។ សម្តេចតេជោនាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា នៅក្នុងតំណែង សម្តេចនៅតែជានាយករដ្ឋមន្ត្រី សម្តេចតេជោនឹងនៅតែបន្តជួបសំណេះសំណាលជាមួយសិស្សនិទ្ទេស (A) រៀងរាល់ឆ្នាំ។ សម្តេចតេជោ បានកោតសរសើរចំពោះក្មួយៗចៅៗដែលបានខិតខំប្រឹងប្រែងរៀនសូត្រទទួលបានលទ្ធផលល្អបែបនេះ និងបានថ្លែងអំណរគុណចំពោះក្រសួងអប់រំយុវជន និងកីឡា , មន្ត្រីក្រសួងអប់រំ នៅតាមបណ្តាខេត្តនានា លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្សទាំងអស់ ដែលបានរួមចំណែកនាំមកនូវភាពជោគជ័យសម្រាប់ក្មួយៗ និងចៅៗ។ ជាមួយគ្នានេះដែរ សម្តេច តេជោនាយករដ្ឋមន្ត្រីបានរំលឹកដល់ក្មួយៗ និងចៅៗ ទាំងអស់ត្រូវខិតខំប្រឹងប្រែងថែមទៀត ជាពិសេស ត្រូវមានការដឹងគុណចំពោះគ្រូបង្រៀង ដែលជាអ្នកមានគុណទី២របស់យើងដែលធ្លាប់បានអប់រំ បណ្តុះចំណេះវិជ្ជាដល់យើង។ ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានលើក ទឹកចិត្តដល់សិស្សានុសិស្សដែលប្រឡងមិនជាប់ពេលនេះ គឺត្រូវខិតខំបន្ថែមទៀតនៅឆ្នាំក្រោយ ហើយ បើប្រឡងមិនជាប់ទៀតគឺ អាចបន្តរៀនបរិញ្ញាបត្ររងសិនដើម្បីបន្តបរិញ្ញាបត្រក៏បាន។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថ្លែងអំណរគុណ នឹងកោតសរសើរចំពោះលោកគ្រូ អ្នកគ្រូ ,អាជ្ញាធរ និងអ្នកពាក់ពន្ធ័ទាំងអស់ដែលបានចូលរួមវគ្គបំប៉នដល់សិស្សានុសិស្សកន្លងមក មុនការ ប្រឡងនៅតាមបណ្តាខេត្តផ្សេងៗ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានរលឹកពីភាពខ្ទេចខ្ទាំនៃវិស័យអប់រំក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ដែលពេលនោះធនធានអ្នកចេះដឹងជាច្រើនត្រូវបានសំលាប់ចោល ហើយសាលារៀនមួយចំនួន ត្រូវបានក្លាយទៅជាគុក និងជាកន្លែងឃុំឃាំងដាក់មនុស្ស។ ក៏ប៉ុន្តែក្រោយពីយើងទទួលបាននូវសុខ សន្តិភាព គឺយើងបានបណ្តុះបណ្តាលធនធានមនុស្សកើនឡើងជាបន្តបន្ទាប់ ជាពិសេស រាជរដ្ឋា ភិបាលបានពង្រាយសាលារៀនតាំងពីទីប្រជុំជនរហូតដល់ទីជនបទដាច់ស្រយាលរាប់ពាន់ខ្នងដើម្បីទុកអោយកូនចៅប្រជាពលរដ្ឋបានសិក្សារៀនសូត្រគ្រប់ៗគ្នា។
បច្ចុប្បន្ន ប្រាក់ខែគ្រូបង្រៀនមិនតិចជាង១លាននោះទេ ហើយចាប់ពីឆ្នាំ២០១៩ទៅ គ្រូបង្រៀន និង មន្ត្រីរាជការគឺចាប់ផ្តើមអនុវត្តបើក២ដងក្នុង១ខែ តាមប្រព័ន្ធធនាគារ។
នៅក្នុងឱកាសនេះដែរ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានផ្តល់រង្វាន់លើកទឹកចិត្ត ដល់កូនក្មួយសិស្សានុសិស្សនិទ្ទេស (A)ទាំងអស់ ដែលក្នុងម្នាក់ៗទទួលបានថវិកា ២លានរៀល ជាមួយ សៀវភៅអប់រំទូន្មានរបស់ ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង សៀវភៅចំនួន២ ក្បាល និង iPad ម្នាក់មួយគ្រឿង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរ (បោះពុម្ពឆ្នាំ ១៥១៤ ដែលបានស្រាវជ្រាវយក ពីប្រទេសហូឡង់មកវិញ) ចំនួន១ ជាអនុស្សាវរីយ៍ផងដែរ។ ចំពោះលោកគ្រូអ្នកគ្រូដែលជា នាយកសាលា បានអញ្ជើញចូលរួមសរុបចំនួន ១៧១ នាក់ ដែលម្នាក់ៗទទួលបាន ថវិការចំនួន ១លានរៀល ជាមួយសៀវភៅអប់រំទូន្មានរបស់ភិរម្យ អ៊ូ (ក្រម ង៉ុយ) និងបណ្ឌិត អ៊ូ ចុង ព្រមទាំងប្រាក់កាក់ស្លឹងខ្មែរមួយគ្រឿង ហើយសាលានីមួយៗដែលមានសិស្សជាប់និន្ទេស (A) គឺក្នុង១សាលាទទួលបានថវិការ ៣លានរៀល។
សម្តេចតេជោ ហ៊ុន សែន បានជូនពរដល់ លោកគ្រូ អ្នកគ្រូ អាណាព្យាបាល និងកូនក្មួយ ព្រមទាំងចៅៗ សិស្សានុសិស្សទាំងអស់ជួបតែសេចក្តីសុខចម្រើន និងទទួលបានជោគជ័យថ្មីៗជាបន្ត ទៀតក្នុងការសិក្សារៀនសូត្រ និងក្នុងការអប់រំផ្តល់នូវចំណេះដឹងដល់កូនខ្មែរជំនាន់ក្រោយជាបន្តទៀត។
មុននឹងបញ្ចប់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានអញ្ជើញផ្តល់កិត្តិយសថតរូប អនុស្សាវរីយ៍ជាមួយកូនក្មួយ និងចៅៗ សិស្សានុសិស្សដែលជាប់និទ្ទេស (A) ទាំង ៤០៨ នាក់ ក្នុងបរិយាកាសស្និទ្ឋស្នាល និងសប្បាយរីករាយក្រៃលែង៕