ភ្នំពេញ៖ ក្រោយចាយលុយច្រើនក្រាស់ក្រែលលើកាកែសម្រស់នៅក្រៅប្រទេស ដេនី ក្វាន់ បានប្រើប្រាស់ជីវិតប្រៀបបាននឹងសេដ្ឋីនី ។ ថ្មីៗនេះគ្រាន់តែទិញចិញ្ចៀន និងនាឡិកាពេជ្រ តារាស្រីរូបនេះចាយលុយប្រមាណជាង៧ម៉ឺនដុល្លារអាមេរិក ។
មានការភ្ញាក់ផ្អើលជាថ្មីសម្រាប់មហាជនក្រោយពីបានឃើញរូបថតតារាស្រី ដេនី ក្វាន់ បង្ហោះរូបថតជាច្រើនសន្លឹកនៅក្នុងហាងលក់ពេជ្រធំមួយនៅភ្នំពេញ ។ ទោះមិនមានអ្វីប្លែកខ្លាំងសម្រាប់នាងក្នុងការចាយលុយខ្ទង់ម៉ឺនដុល្លារសម្រាប់គ្រឿងលម្អខ្លួន ប៉ុន្តែសម្រាប់មនុស្សជាច្រើនបានស្ងើចសរសើរ នឹងវាសនាងនាង ដែលមានលុយចាយណែនដៃ ទិញរបស់ ទំនើបថ្លៃកប់ពពក ។
គ្រាន់តែ ចិញ្ចៀនស្រោបដោយពេជ្រ៩.៣លី ដែលនាងសម្រេចចិត្តទិញនោះមានតម្លៃជិត៥ម៉ឺនដុល្លារអាមេរិក ខណៈ ដែលនាងឡិកាដៃដាំពេជ្រមានតម្លៃជាង២ម៉ឺនដុល្លារអាមេរិក ។ តារាស្រីរូបនេះលើកឡើងថា ការចំណាយលុយទិញវត្ថុមានតម្លៃលើកនេះគឺជាលុយខ្លួនឯង និងជាកាដូសម្រាប់ខ្លួនឯង ។
នាងថា ការ ដែលនាងចំណាយលុយទិញគ្រឿងសម្ភារនិយម វាមិនមែនជាការខ្ជះខ្ជាយនោះទេ ប៉ុន្តែវាគឺជាកាដូជូនខ្លួនឯង ដែលខំប្រឹងរកលុយយូរមកហើយ ហើយគ្រាន់តែទិញនូវអ្វី ដែលនាងស្រឡាញ់គឺមិនមានអ្វីខុសនោះទេ ។
នាងថា “វាកាន់តែមានមោទនភាពចំពោះខ្លួនឯងបំផុត ដែលយើងមានលទ្ធភាពទិញរបស់ ដែលយើងស្រឡាញ់ដោយមិនចាំបាច់ពឹងលើលុយឪពុកម្តាយដូចកាលពីក្មេង” ។
គួរបញ្ជាក់ដែរថាក្រោយពីបង្ហាញមុខជំនួញលក់គ្រឿងសម្អាងដ៏ធំដុំ ដេនីក្វាន់ក៏ជាថៅកែហាងលក់រថយន្តនាតំបន់សំណង់១២ផងដែរ ។ នាងធ្លាប់ធ្វើឲ្យគេភ្ញាក់ផ្អើលនឹងទឹកលុយដ៏សម្បើមក្រោយពីបង្ហាញលុយទាំងដុំៗទិញសម្ភារៈមានតម្លៃ ចេញទៅកែសម្រស់ និងបង្ហាញផ្ទះលម្ហែប្រណីរបស់នាងផងដែរ ។
នាងបានចេញមុខក្នុងសិល្បៈរយៈពេលខ្លីប៉ុណ្ណោះ ហើយនាងចាប់ផ្តើមដកឃ្លាពីការងារនេះក្រោយពីនាងរវល់នឹងការងារមុខជំនួញ បើទោះបីជាបម្រាមហាមប្រឡូកសិល្បៈ១ឆ្នាំរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈព្រោះរូបសិចស៊ី បានផុតទៅហើយក៏ដោយ៕ វឌ្ឍនា