ព័ត៌មានទាន់ហេតុការណ៍៖

ភ្លើងឆេះព្រៃនៅអាមេរិក មិនទាន់រលត់ហើយថែមទាំងខ្លាំងឡើង ស្លាប់កើនឡើងជាង៤០នាក់

ចែករំលែក៖

សារព័ត៌មាន sputnik នៅថ្ងៃទី១៣ ខែវិច្ឆិកា បានផ្សាយថា ភ្លើងឆេះព្រៃ នៅរដ្ឋ កាលីហ្វ័រនីញ៉ា អាមេរិក មិនទាន់មានសញ្ញាថយចុះនៅឡើយ ចំណែកអ្នកស្លាប់បានបន្តកើនឡើងជាបន្តបន្ទាប់ ។ នេះជាភ្លើងឆេះព្រៃដែលបានសម្លាប់ជីវិតមនុស្សច្រើនបំផុត មិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រអាមេរិក ។

រដ្ឋភាគពាយ័ព្យនៃសហរដ្ឋអាមេរិកគឺ អាឡាស្កា (Alaska) បានបញ្ជូនក្រុមភ្នាក់ងារពន្លត់អគ្គិភ័យរបស់ខ្លួន ជាបន្ទាន់ទៅកាន់រដ្ឋកាលីហ្វរនីញ៉ា ដើម្បីជួយពន្លត់ភ្លើងឆេះព្រៃនៅភាគខាងជើងរដ្ឋឈ្មោះថា Camp Fire ដែលបានផ្តាច់ជីវិតមនុស្សយ៉ាងតិច ៤២នាក់ហើយ ។

ពីដំបូងឡើយ រដ្ឋកាលីហ្វរនីញ៉ា បានព្យាយាមស្នើសុំជំនួយពីតំបន់ដែលនៅក្បែរខាងខ្លួន ប៉ុន្តែស្ថានភាពកាន់តែអាក្រក់ខ្លាំងនៃភ្លើងឆេះព្រៃដ៏មហាប្រល័យនេះ បានបង្ខំឲ្យអាជ្ញាធរកាលីហ្វរនីញ៉ា ស្វែងរកជំនួយពីទីភ្នាក់ងារពន្លត់អគ្គិភ័យនៅរដ្ឋឆ្ងាយៗថែមទៀត រួមមានអាឡាស្កាជាដើម ។ មិនតែប៉ុណ្ណោះ ក្នុងចំណោមភ្នាក់ងារអគ្គិភ័យរាប់ពាន់នាក់ ដែលបានចូលរួមប្រឹងប្រែងពន្លត់ភ្លើងឆេះព្រៃនេះ ក៏មានមួយចំនួនបានទទួលរងរបួសផងដែរ ។

តួលេខមនុស្សស្លាប់ខាងលើនេះ បានកើនឡើងពី ២៩នាក់ កាលពីថ្ងៃចន្ទម្សិលមិញ នៅពេលដែលអាជ្ញាធរអាមេរិកបញ្ជាក់ថា មានមនុស្សចំនួន ២២៨នាក់បានបាត់ខ្លួន គិតចាប់តាំងតែពីភ្លើងឆេះព្រៃ Camp Fire បានលេចរូបរាងឡើងកាលពីថ្ងៃព្រហស្បតិ៍ សប្តាហ៍មុន ។ សម្រាប់មនុស្សស្លាប់ទាំង៤២នាក់នេះ គឺជាចំនួនច្រើនបំផុតមិនធ្លាប់មាននោះឡើយ ក្នុងប្រវត្តិសាស្ត្រនៃគ្រោះមហន្តរាយភ្លើងឆេះព្រៃក្នុងរដ្ឋដែលមានសេដ្ឋកិច្ចលំដាប់ទី ៥ នៅលើពិភពលោកមួយនេះ ។

គួរជម្រាបថា បច្ចុប្បន្ននេះភ្លើងឆេះព្រៃធំៗដល់ទៅ ០៣ កំពុងតែលុកលុយរដ្ឋកាលីហ្វរនីញ៉ា ដោយភ្លើងឆេះព្រៃ Camp Fire កំពុងបង្កការបំផ្លិចបំផ្លាញនៅភាគខាងជើង ខណៈភ្លើងឆេះព្រៃ ០២ទៀត គឺ Woolsey Fire និង Hill Fire កំពុងវាយប្រហារភាគខាងត្បូង ។ ភ្លើងឆេះព្រៃ Woolsey Fire ក៏ត្រូវគេរាយការណ៍ថា បានសម្លាប់មនុស្ស ០២នាក់ផងដែរ ខណៈគ្រោះមហន្តរាយភ្លើងឆេះព្រៃទាំង ០៣នេះ បានដុតបំផ្លាញសំណង់អគាររាប់ពាន់ខ្នង និងផ្ទៃដីរាប់ម៉ឺនហិកតា ព្រមទាំងបង្ខំឲ្យប្រជាជនអាមេរិកជម្លៀសខ្លួនរាប់សែននាក់៕ ម៉ែវ សាធី


ចែករំលែក៖