ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន អញ្ជើញចូលរួមបើកកិច្ចប្រជុំកំពូលក្រៅផ្លូវការ អាស៊ាន-អូស្រ្តាលី

ចែករំលែក៖

សិង្ហបុរី៖ នៅព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការ (អាស៊ាន-អូស្ត្រាលី) ដែលបានប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរី។ កិច្ចប្រជុំនេះមានការចូលរួមពីប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលនៃបណ្ដាប្រទេសអាស៊ាន និងនាយករដ្ឋមន្រ្តីអូស្រ្តាលី។

ប្រមុខរដ្ឋ,ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះ ឯឧ ស្កុត ម៉ូរីសុន (Scott Morrison) ដែលជានាយករដ្ឋមន្រ្តីថ្មីរបស់អូស្រ្តាលី ដែលបានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលីថ្ងៃនេះ។ ទន្ទឹមនឹងនេះ មេដឹកនាំប្រទេសអាស៊ានបានកត់សំគាល់នូវលទ្ធផលជាផ្លែផ្កានៃកិច្ចប្រជុំកំពូលពិសេស អាស៊ាន-អូស្រ្តាលី កាលពី ខែ មិនា ឆ្នាំ២០១៨ នៅទីក្រុងស៊ីដនី (Sydney) ដែលប្រទេសដៃគូទាំងអស់ត្រូវបន្តជំរុញការអនុវត្តអោយបានពេញលេញ និងប្រកបដោយប្រសិទ្ធភាពបំផុត។

មេដឹកនាំនៃប្រទេសអាស៊ាន និងអូស្រ្តាលី មានសេចក្តីរំភើបរីករាយចំពោះកំណើននៃទំហំពាណិជ្ជកម្មរវាងតំបន់ទាំងពីរ ដោយគិតត្រឹមឆ្នាំ២០១៧ ទំហំពាណិជ្ជកម្មអាស៊ាន និងអូស្រ្តាលី មានទំហំ ៥៩ប៊ីលានដុល្លារអាមេរិក គឺកើនជាង(១១,៧%) ប្រៀបធៀបនិងឆ្នាំ២០១៦ ហើយការវិនិយោគដោយផ្ទាល់របស់អូស្រ្តាលី មកកាន់តំបន់អាស៊ាន គឺកើនឡើងប្រមាណ (៣៣,៤%)។ នេះគឺជាសញ្ញាវិជ្ជមានមួយដែលអាស៊ាន និងអូស្រ្តាលី ត្រូវតែបន្តជំរុញនិងគាំទ្របន្ថែមទៀត តាមរយះការលើកកម្ពស់សកម្មភាពនៃការផ្សព្វផ្សាយធុរកិច្ច និងការពង្រឹងការតភ្ជាប់រវាងវិស័យឯកជន និងឯកជន ក៏ដូចជាវិស័យសាធារណៈ និងឯកជនដោយផ្តោតជាពិសេសលើសហគ្រាសធុនតូច និងមធ្យម។

នៅក្នុងហកិច្ចប្រជុំកំពូលក្រៅផ្លូវការព្រឹកនេះ បណ្តាមេដឹកនាំអាស៊ានក៏បានស្វាគមន៍ចំពោះការពង្រីកផែនការកូឡំបូថ្មីរបស់អូស្រ្តាលី ដល់បណ្តាប្រទេសសមាជិកអាស៊ានទាំងអស់ ដើម្បីលើកកម្ពស់ថែមទៀត នូវការតភ្ជាប់រវាងប្រជាជន និងប្រជាជនឲ្យកាន់តែទូលំទូលាយដោយជួយគាំទ្រដល់សិស្ស និស្សិតអូស្រ្តាលីមកសិក្សា និងអនុវត្តការងារនៅក្នុងបណ្តាប្រទេសសមាជិកអាស៊ាន។

ដូចគ្នានឹងបណ្តាមេដឹកនាំអាស៊ាន-អូស្រ្តាលី សម្តេចតេជោនាយករដ្ឋមន្រ្តីបានធ្វើបទអន្តរាគមន៍ក្នុងកិច្ចប្រជុំកំពូលក្រៅផ្លូវការអាស៊ាន-អូស្រ្តាលី ដោយបានសង្កាត់ធ្ងន់ពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងតំបន់ទាំងពីរ អាស៊ាន-អូស្រ្តាលី ពិសេសគឺការជំរុញកំណើនសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការតភ្ជាប់ពីគ្រប់ផ្នែកទាំងអស់ រវាងអាស៊ាននិងអូស្រ្តាលី។

នៅក្នុងកិច្ចប្រជុំក្រៅផ្លូវការថ្ងៃនេះ គឺអង្គប្រជុំទាំងមូលបានឯកភាពគ្នាក្នុងការចេញសេចក្តីប្រកាសព័ត៌មានរួមរបស់ប្រធាននៃកិច្ចប្រជុំក្រៅផ្លូវការ ជាមួយនឹងពិធីទទួលទានអាហារការងារពេលព្រឹកនៃមេដឹកនាំអាស៊ាន-អូស្រ្តាលីផងដែរ៕


ចែករំលែក៖