ព័ត៌មានទាន់ហេតុការណ៍៖

អង្គការណាតូទីពីរអាចនឹងកើតឡើងនៅតំបន់អារ៉ាប់

ចែករំលែក៖

អាមេរិកមានការមិនពេញចិត្តទៅលើ អង្គការណាតូ ដោយអាមេរិកចំណាយ ថវិកាច្រើន លើសលប់ទៅលើ អង្គការ មួយនេះ ចំណែកប្រទេសជាសមាជិក មានការចំណាយតិចតួច ។ កន្លងមក លោកត្រាំបានស្នើឲ្យប្រទេសជាសមាជិក បង្កើនការចំណាយទៅលើយោធា ។

ការចំណាយច្រើនបានធ្វើឲ្យអាមេរិក ក្រោមការដឹកនាំរបស់លោកត្រាំ មាន គម្រោងបង្កើន អង្គការយោធាថ្មីមួយទៀត ដូចទៅនឹងអង្គការណាតូដែរ នៅតំបន់ ប្រទេសសេដ្ឋីប្រេង គឺនៅតំបន់អារ៉ាប់ ក្នុង នោះ មានប្រទេសកាតារជាដើម ។

សារព័ត៌មាន Sputnik នៅថ្ងៃទី ១៥ ខែវិច្ឆិកាបានផ្សាយថា រដ្ឋមន្រ្តីការបរទេស អាមេរិក លោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) និងឧបនាយករដ្ឋមន្រ្តីកាតារ លោក ខាលីដ អាល់អាត់ទីយ៉ាហ៍ (Khalid Al-Attiyah) បានជួបមុខគ្នានៅរដ្ឋធានីវ៉ាស៊ីនតោនដើម្បីពិគ្រោះគ្នាអំពីសំណើរបស់រដ្ឋាភិបាលលោក ដូណាល់ ត្រាំ ជុំវិញការបង្កើតអង្គការការពារសន្តិសុខមួយ នៅ តំបន់អារ៉ាប់ ដែលដូចទៅនឹងក្រុមប្រទេស អង្គការ NATO ដែរ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសអាមេរិក លោក Pompeo បានជួបជាមួយលោក Al-Attiyahនិងពិភាក្សាគ្នានៅវ៉ាស៊ីនតោន អំពីការរៀបចំឆ្ពោះទៅរកការបង្កើតអង្គការ Middle East Strategic Alliance (MESA) ដែលឈរលើមូលដ្ឋាននៃក្រុមប្រឹក្សាកិច្ចសហការរវាងប្រទេសនៅតំបន់ឈូងសមុទ្រពែក្ស៍ ហៅកាត់ថា GCC ដែលរួបរួមគ្នាមួយ ដើម្បីលើកស្ទួយវិបុលភាព សន្តិសុខ និង ស្ថិរភាពនៅក្នុងតំបន់។

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានស្នើឡើងនូវការបង្កើត អង្គការសន្តិសុខប្រចាំតំបន់មជ្ឈិមបូព៌ា ដែលជាទូទៅត្រូវគេហៅថា «អង្គការ NATO អារ៉ាប់» ដោយរួមមានរដ្ឋអារ៉ាប់ ចំនួន៦ ដែលជាសមាជិករបស់ GCC រួមជាមួយអេហ្ស៊ីប និងហ្ស៊កដានី។

គួរជម្រាបថា បើតាមការធ្លាប់លើកឡើងរបស់ក្រុមមន្រ្តីអាមេរិក គោលដៅខាង លើនេះ គឺដើម្បីទប់ទល់ការកើនឡើងនៃ ឥទ្ធិពលរបស់អុីរ៉ង់នៅក្នុងតំបន់។ ពីមុន មកកិច្ចផ្តួចផ្តើមស្រដៀងគ្នាបែបនេះរបស់អាមេរិក ក៏ធ្លាប់បរាជ័យប៉ុន្មានលើករួចមកហើយផងដែរ ខណៈកិច្ចប្រឹងប្រែងនាពេល នេះ បាននិងកំពុងប្រឈមមុខភាពរាំងស្ទះ ដោយសារតែបញ្ហាវិវាទរវាងកាតារ នឹង បណ្តាប្រទេសអារ៉ាប់ដទៃទៀតនៅក្នុងក្រុមប្រឹក្សា GCC៕ ម៉ែវ សាធី


ចែករំលែក៖