ភ្នំពេញ៖ តារាសម្តែង លី ណូរ៉ា ទទួលបានឱកាសការងារសិល្បៈថ្មីៗបន្តបន្ទាប់ ក្រោយពីផលិតករបានសំឡឹងមើលឃើញពីសមត្ថភាពសម្តែងរបស់តារារូបនេះ ។ ថ្មីៗនេះបទចម្រៀងថ្មីរបស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា គឺបទ ខឹងគេតិចៗ នឹកគេខ្លាំងៗ ដែលកំពុងឆក់បានការចាប់អារម្មណ៍ពីក្រុមយុវវ័យ ក៏លេចមានវត្តមានតារារូបនេះសម្តែងរួមគ្នាក្នុងតំណែងតួឯកផងដែរ ។
ទោះមិនទាន់លេចធ្លោរខ្លាំងក្នុងការសម្តែង ប៉ុន្តែ តារាសម្តែង លី ណូរ៉ា ទទួលបានការងារថ្មីមិនដាច់ ពិសេសការសម្តែងក្នុងបទចម្រៀងជាច្រើន ។ តារារូបនេះបញ្ជាក់ថា កន្លងមកថ្មីៗនេះលោកទទួលបានការសម្តែងក្នុងបទចម្រៀងជាច្រើនបន្តបន្ទាប់ដូចជាសម្តែងរួមជាមួយកញ្ញា ទៀង មុំសុធាវី ក្នុងបទ ទៅលេងបុណ្យកឋិន សម្តែងក្នុងបទ ពីឯការទៅឯការបំផុត បទ ស្ទោងកំពង់ធំ របស់ផលិតកម្មថោន និងថ្មីៗនេះគឺការសម្តែងរួមជាមួយតារាចម្រៀង ឈិត សុវណ្ណបញ្ញាគឺបទ ខឹងគេតិចៗ នឹកគេខ្លាំងៗ ដែលជាបទពេញនិយម និងធ្វើឲ្យលោកពេញចិត្តជាខ្លាំង ។ ពេញចិត្តព្រោះតែបានរួមការងារជាមួយក្រុមការងារ ពិសេសតារាចម្រៀងស្រីល្បីឈ្មោះខាងលើ ។
លោកថាបទចម្រៀងនេះបង្កប់ដោយអត្ថន័យចាក់ចំបេះដូងយុវវ័យ និងបានផ្តិតយករូបភាពទេសភាពស្រស់ត្រកាលនៃតំបន់ទេសចរណ៍ភូមិភាគឥសានរបស់កម្ពុជាផងដែរ ។ តារារូបនេះបញ្ជាក់ថា ទោះបីជាលើកដំបូងនៃការសម្តែងរួនគ្នាជាមួយតារាស្រីរូបនេះ ប៉ុន្តែលោកសរសើរពីសមត្ថភាពសម្តែង របស់តារារូបនេះថាមានភាពស៊ីចង្វាក់គ្នាល្អ អ្វី ដែលកាន់តែធ្វើឲ្យលោកសរសើរនោះគឺអត្តចរិករួសរាយរាក់ទាក់របស់តារាស្រីរូបនេះ ។
លី ណូរ៉ា រំពឹងថាសម្រាប់ដើមឆ្នាំក្រោយលោកនឹងបន្តទទួលបានឱកាសការងារសិល្បៈថ្មីៗបន្ថែមទៀត ហើយលោកក៏កំពុងពិចារណាចេញថតភាពយន្តមួយចំនួន ដែលផលិតករបានទំនាក់ទំនងមកលោកផងដែរ ៕ វឌ្ឍនា