ព័ត៌មានទាន់ហេតុការណ៍៖

ស្ថានទូតចិន រងការបាញ់ប្រហារ សម្លាប់មនុស្ស៧នាក់ ទំាងជនដៃដល់ ជាការវាយប្រហារភេរវកម្ម

ចែករំលែក៖

ការបាញ់ប្រហារ បណ្តាលឲ្យមនុស្ស ស្លាប់៧នាក់ ក្នុងនោះមានជនដៃដល់ ៣នាក់ ជាការវាយប្រហារភេរវកម្ម សំដៅទៅលើពលរដ្ឋចិន ។

សារព័ត៌មាន SCMP បានផ្សយាថា មនុស្ស៧នាក់ស្លាប់ ក្នុងហេតុការណ៍វាយប្រហារទៅលើស្ថានទូតចិន នៅក្នុងទីក្រុង ការ៉ាជី ប្រទេសប៉ាគីស្ថាន ហើយក្រុមភេរវកម្មនៅក្នុងតំបន់ បានប្រកាសទទួលស្គាល់ថា ជាសកម្មភាពរបស់ខ្លួន ។

រដ្ឋាភិបាលទីក្រុងប៉េកាំង បានថ្កោលទោសយ៉ាងខ្លាំង ដល់ការវាយប្រហារ ទៅលើស្ថានទូតនៅទីក្រុង ការ៉ាជី កាលពីថ្ងៃទី២៣ ខែវិច្ឆិកា បានសម្លាប់មនុស្ស៧នាក់ ក្នុងនោះមានប៉ូលិស២នាក់ និងពលរដ្ឋ២នាក់ ។

ខ្មាន់កាំភ្លើង ៣នាក់ បំពាក់ដោយកាំភ្លើងយន្តបានព្យាយាមចូលក្នុងស្ថានទូតចិន នៅវេលាម៉ោង៩និង៣០នាទីព្រឹក ម៉ោងនៅក្នុងតំបន់ ។ ខ្មាន់កំាភ្លើងទាំងនោះ ត្រូវបានកម្លាំងសន្តិសុខរារាំង ហើយមានការបាញ់ប្រហារគ្នាកើតឡើង ។ ជនដៃដល់៣នាក់ ត្រូវបានបាញ់សម្លាប់ ចំណែកបុគ្គលិកសន្តិសុខ ២នាក់ ជាជនជាតិប៉ាគីស្ថាន ក៏បានស្លាប់ផងដែរ ។ ចំណែក មន្ត្រីស្ថានទូត និងគ្រួសារមានសុវត្ថិភាព។

រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី បានឲ្យដឹងថា រាល់ការខិតខំដើម្បីបំផ្លាញទំនាក់ទំនង ដ៏ល្អរវាងចិន នឹងប៉ាគីស្ថាន នឹងត្រូវបរាជ័យ ។ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទ ក្រោយហេតុការណ៍បាញ់ប្រហារភ្លាមៗ រវាងរដ្ឋមន្ត្រីការបរទេសចិន នឹងប៉ាគីស្ថាន ភាគីចិនបង្ហាញពីទំនុកចិត្តទៅលើ សមត្ថភាព រក្សាសន្តិសុខ ស្ថេរភាព នៅក្នុងប្រទេសប៉ាគីស្ថាន ។

ក្រុមឧទ្ទាម រំដោះ Balochistan បានប្រកាសទទួលខុសត្រូវពីការវាយប្រហារខាងលើ ។ ក្រុមភេរវកម្មខាងលើ ចាត់ទុកថា ទីក្រុងប៉េកាំងជាអ្នករៀបចំ ចង់បំផ្លាញអនាគតរបស់ Balochistan ។

នេះជាការវាយប្រហារលើកទីពីរហើយ សំដៅពលរដ្ឋចិន នៅក្នុងទីក្រុង ការ៉ាជី ក្នុងពេល៤ខែកន្លងមក ។ កាលពីខែសីហា ឆ្នាំ២០១៨ ក៏មានការវាយប្រហារទៅលើ រថយន្តដឹក ក្រុមវិស្វករជនជាតិចិន បណ្តាលឲ្យរងរបួស ៦នាក់ ក្នុងនោះមានជនជាតិចិន៣នាក់ ។

តំបន់ Balochistan គឺជា មជ្ឈមណ្ឌុល សេដ្ឋកិច្ច ចិន-ប៉ាគីស្ថាន ។ បច្ចុប្បន្ន មានពលរដ្ឋចិន ជាង ៣ម៉ឺននាក់កំពុងធ្វើការនៅទីនោះ ដោយមួយចំនួនធំ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ធំៗ ដែលរដ្ឋាភិបាលទីក្រុងប៉េកាំងវិនិយោគមានទឹកប្រាក់រាប់សិបពាន់លានដុល្លារ ។

ចិនគឺជាសម្ព័ន្ធមិត្តយ៉ាងជិតស្និទ្ធជាមួយប៉ាគីស្ថាន បានចំណាយប្រាក់រាប់សិបពាន់លានដុល្លារទៅលើប្រទេសនេះ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្នុងនោះមានការកសាងកំពង់ផែសមុទ្រ ផងដែរ ៕ ម៉ែវ សាធី


ចែករំលែក៖