នៅថ្ងៃទី២៦ ខែវិច្ឆិកានេះ ទីក្រុងហូជីមិញ បន្តលិចលង់ដោយសារតែភ្លៀងធ្លាក់ខ្លាំង បង្កឡើងដោយព្យុះ Usagi ឬហៅថព្យុះ លេខ៩ ។ សាលារៀន នៅទូទាំងទីក្រុង ត្រូវបិទទ្វារនៅថ្ងៃច័ន្ទទី ២៦ ខែវិច្ឆិកា នេះ ដោយសិស្សមិនអាចធ្វើដំណើរទៅសាលាបាន ។
បរិមាណទឹកភ្លៀងធ្លាក់នៅទីក្រុងហូជីមិញ ដោយតំបន់ខ្លះ មានរហូតដល់ទៅ១៥០មីល្លីលីត្រ មិនតែប៉ុណ្ណោះ មានខ្យល់ខ្លាំង ធ្វើឲ្យដំបូលផ្ទះ និងដើមឈើជាច្រើនដួលរលំ ។ នៅរសៀលថ្ងៃទី២៥ ខែវិច្ឆិកា នៅទូទាំងទីក្រុងហូជីមិញ មានភ្លៀងខ្លាំង ផ្លូវថ្នល់ស្ទើរតែទាំងអស់ ត្រូវលិចលង់ បង្កផលលំបាកយ៉ាងខ្លាំងដល់ការធ្វើដំណើរ ។
មន្ទីរចរាចរណ៍ទីក្រុង ហូជីមិញ បានប្រកាសថា នៅវេលាម៉ោង១៧ ថ្ងៃទី២៥ ខែវិច្ឆិកា កម្រិតទឹកភ្លៀងធ្លាក់រហូតដល់ ១៥៣មីល្លីលីត្រ បណ្តាលឲ្យខណ្ឌជាច្រើននៅក្នុងក្រុង ដូចជា Binh Tan, Go Vap , ខណ្ឌទី៩, ខណ្ឌទី២, ខណ្ឌទី១២…ជាដើម រងការលិចលង់យ៉ាងខ្លាំង ។
នៅខេត្តឆ្នេរសមុទ្រ Vung tau ភ្លៀង និងខ្យល់ខ្លំាង ធ្វើឲ្យដើមឈើរធំៗ ដែលមានអាយុកាលជាង ១០០ឆ្នាំ ក៏ត្រូវដួលរលំ ។ ទីក្រុងទាំងមូល លិចលង់ក្នុងទឹក កប៉ាល់ ទូកនេសាទតូច ជាច្រើនរបស់ពលរដ្ឋត្រូវលិចលង់ ។
មកទល់ពេលនេះ មិនទាន់មានរបាយការណ៍ស្តីពីការស្លាប់ រងរបួស និងខូចខាតទ្រព្យសម្បត្តិ នៅឡើយទេ ។ តាមទិដ្ឋភាពជាក់ស្តែង នឹងមានការខាត់បង់ទ្រព្យសម្បត្តិជាច្រើន ដោយសារតែព្យុះភ្លៀងខាងលើ ៕ ម៉ែវ សាធី