ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តហាយប្រីដ បោះពួយលឿន មិនប្រយ័ត្នបុកក្បាលនាគ លាន់ដូចរន្ទះ រងការខូចខាត

ចែករំលែក៖

ភ្នំពេញ៖ ស្រីស្រស់ម្នាក់មិនស្គាល់អត្តសញ្ញាណ បានបើករថយន្តបង្កមួយគ្រឿង ម៉ាកកាម៉ារីហាយប្រីដ ពណ៌ទឹកប្រាក់ បើកក្នុងល្បឿនយ៉ាងលឿន ហើយខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវបណ្តាលឲ្យ រងការខូចខាតអស់មួយកំណាត់ខាងមុខ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៣ និង១៥នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមបណ្តោយផ្លូវព្រះសីហនុ កែងផ្លូវ១៦៣ នៅចំណុច ស្តុបគីរីរម្យ ស្ថិតនៅក្នុងសង្កាត់បឹងព្រលឹត ខណ្ឌ៧មករា ។

តាមប្រភពព័ត៌មានពីសាក្សី ដែលឃើញហេតុការណ៍ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញស្ត្រីវ័យក្មេងម្នាក់ មិនត្រូវបានស្គាល់អត្តសញ្ញាណបើករថយន្តមួយគ្រឿង ម៉ាកកាំម៉ារីហាយប្រីដពណ៌ទឹកប្រាក់ពាក់ ស្លាកលេខ ភ្នំពេញ2V-7998 បើកបរតាមបណ្តោយផ្លូវព្រះសីហនុ ក្នុងទិសដៅពីកើតទៅលិច បើកក្នុងល្បឿនយ៉ាងលឿនដូចហោះ ខ្វះការប្រុងប្រយ័ត្ន បានជ្រុលទៅបុកក្បាលនាគ ពុះចែកទ្រូងផ្លូវចំពីមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតមួយកំណាត់ខាងមុខ បាក់កញ្ចក់ទាំងសងខាង តែម្ចាស់រថយន្តរងរបួសស្រាល ហើយភ្លាមនោះដែរ ក៏មានជនឆ្លៀតឱកាសលួចយកទូរស័ព្ទដៃរបស់ស្ត្រីរងគ្រោះទៅបាត់ ។

នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រថយន្តបុកទ្រូងផ្លូវនោះ មិនមានបង្កទៅឲ្យអ្នកដទៃមានគ្រោះថ្នាក់នោះឡើយ គ្រាន់តែខូចខាតរថយន្ត និងរងរបួសស្រាលខ្លួនឯងតែប៉ុណ្ណោះ ។

ក្រោយពេលកើតហេតុរថយន្តបង្កត្រូវបានសមត្ថកិច្ចវាសវែង ស្ទូចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំដោះស្រាយគ្នានៅពេលក្រោយ ៕ ចាន់ធឿន


ចែករំលែក៖