ព័ត៌មានទាន់ហេតុការណ៍៖

ប្រធានាធិបតីអ៊ុយក្រែន ស្នើណាតូ បញ្ជូននាវាចម្បាំង ទៅកាន់សមុទ្រ Azov ជួយដល់អ៊ុយក្រែន

ចែករំលែក៖

សារព័ត៌មានAFPបានផ្សាយថា ប្រធានាធិតី អ៊ុយក្រែន លោក Petro Poroshenko បានស្នើដល់ ប្រទេសជាសមាជិកណាតូ ក្នុងនោះមាន អាល្លឺម៉ង់់ បញ្ជូន នាវាចម្បាំង ទៅកាន់ដែនសមុទ្រ Azov ដើម្បីជួយដល់ទីក្រុង គីវ ក្នុងពេលដែលមាន បញ្ហាប្រឈមមុខជាមួយរុស្ស៊ី ។

ឆ្លើយតបទៅនឹងបទសម្ភាសន៍ជាមួយសារព័ត៌មាន Bild របស់អាល្លឺម៉ង់់ ប្រធានាធិបតី អ៊ុយក្រែន បញ្ជាក់ថា«អាល្លឺម៉ង់គឺជាសម្ពន្ធមិត្ត ដ៏ជិតស្និទ្ធបំផុត របស់យើង ហើយយើងសង្ឃឹមថា បណ្តាប្រទេសជាសមាជិក ណាតូ នឹងចូលរួមបញ្ជូន នាវា ចម្បាំងទៅកាន់ដែនសមុទ្រ Azov ដើម្បីជួយការពារសន្តិសុខដល់ប្រទេសអ៊ុយក្រែន» ។

ជាមួយគ្នានេះ ប្រធានាធិបតីរុស្ស៊ី លោក ពូទីន បានបញ្ជាក់ថា ពិតជារឿងត្រឹមត្រូវ ដែលរុស្ស៊ីបានចាប់នាវាចម្បាំងអ៊ុយក្រែន កាលពីចុងសប្តាហ៍កន្លងមក ។ នៅពេលនោះ អ៊ុយក្រែន បានចោទប្រកាន់រុស្ស៊ីថា មានបំណងគ្រប់គ្រងដែនសមុទ្រ Azov ទាំងមូល ។ អ្វីដែលត្រូវធ្វើនាពេលនេះ គឺលោកខាងលិចសាមគ្គីប្រឆាំងសត្រូវ ។

លើសពីនេះទៅទៀត ប្រធានាធិបតី អ៊ុយក្រែនរូបនេះ ក៏បានអះអាងដែរថា អ៊ុយក្រែន មិនអាចទទួលយកបានឡើយ ចំពោះទង្វើឈ្លានពានរបស់រុស្ស៊ីនៅក្នុងតំបន់គ្រីមៀ តំបន់ភាគខាងកើត ប្រទេសអ៊ុយក្រែន និងនៅតំបន់សមុទ្រ Azov រីឯអាល្លឺម៉ង់់វិញ គួរតែសួរខ្លួនឯងថា តើលោក ពូទីន នឹងធ្វើអ្វីបន្តទៀត បើសិនជាយើងមិនបញ្ឈប់លោកទេនោះ ។

គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅ អ៊ុយក្រែនបានចោទប្រកាន់រុស្ស៊ីថា បានបើកការបាញ់ប្រហារ និងរឹបអូសនាវារបស់ខ្លួនចំនួនបីគ្រឿង ព្រមទាំងចាប់ខ្លួននាវិកជាច្រើននាក់ នៅក្នុងការប៉ះទង្គិចគ្នា នៅឯច្រកសមុទ្រ Kerch ស្ថិតនៅចន្លោះសមុទ្រខ្មៅ និងសមុទ្រ Azov នៃតំបន់ឧបទ្វីបគ្រីមៀ ។ មិនតែប៉ុណ្ណោះ ប្រឈមមុខនឹងរុស្ស៊ី, អ៊ុយក្រែនបានប្រកាសដាក់ឲ្យប្រើប្រាស់ច្បាប់ អាជ្ញាសឹករយៈពេល ៣០ថ្ងៃនៅក្នុងតំបន់ ។ ចំណែកឯអង្គការណាតូវិញ បានបង្ហាញការគំាទ្រដល់រដ្ឋាភិបាលទីក្រុង គីវ ដោយអំពាវនាវឲ្យទីក្រុង ម៉ូស្គូ ដោះលែងនាវិក ២៤នាក់ និងនាវាបីគ្រឿងរបស់អ៊ុយក្រែនមកវិញ ។

ប៉ុន្តែព្រមពេលជាមួយគ្នា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀ ពូទីន បានចោទលោក Poroshenko កំពុងប្រើប្រាស់សកម្មភាពបង្ករឿងនៅសមុទ្រ Azov និងច្បាប់អាជ្ញាសឹក ក្នុងចេតនាបង្កើនប្រជាប្រិយភាពរបស់ខ្លួន នៅមុនការបោះឆ្នោតក្នុងប្រទេសអ៊ុយក្រែន នៅឆ្នាំ២០១៩ តែប៉ុណ្ណោះ៕ ម៉ែវ សាធី


ចែករំលែក៖