ព័ត៌មានទាន់ហេតុការណ៍៖

ក្រុមបំផ្លាញព្រៃឈើក្នុងស្រុកឱរ៉ាល់ ចាប់ផ្តើមសហការជាមួយមន្រ្តីបរិស្ថានខេត្តពោធិសាត់ បំផ្លាញឈើក្នុងស្រុកវាលវែង

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ ប្រភពព័ត៌មានច្បាស់ការណ៍ បានឲ្យដឹងថា មុខសញ្ញាដដែលៗ ដែលជាក្រុមបំផ្លាញព្រៃឈើយ៉ាងរង្គាល នៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅពេលនេះចាប់ផ្តើមសហការជាមួយមន្រ្តីបរិស្ថានខេត្តពោធិសាត់ ដើម្បីឃុបឃិតគ្នាជាប្រព័ន្ធកាប់បំផ្លាញឈើប្រណីតៗ នៅក្នុងស្រុកវាលវែង រួចដឹកចូលមកក្នុងទឹកដីស្រុកឱរ៉ាល់ តាមច្រកអូរត្រាវ និងតាមផ្លូវជាតិលេខ៥ ដោយគ្មានការបង្ក្រាបនោះទេ ព្រោះអ្នកតាធំៗប្រចាំខេត្តពោធិសាត់ ក៏ទទួលសំណែនហើយដែរ ។

ក្រុមទាំងនោះមានដូចជាក្រុមលោក ប្រាក់ អ៊ីឡេង ប្រធានគ្រប់គ្រងស្នាក់ការបរិស្ថានខេត្តពោធិសាត់ និងក្រុមឈ្មួញមានលោក អុន លោក សុខ លោក ណុប ឌី (មេក្លោងធំ)និងប្អូនប្រុសលោក ជឿង ថេង ជាដើម ហើយក្រុមនេះប្រើរថយន្តជាច្រើនគ្រឿង ដើម្បីដឹកឈើចេញ ដូចស្រមោចមកពីតំបន់វាលវែង ខណៈដែលជំនាញមិនក្រោម១០ស្ថាប័ន ប្រចាំការនៅទីនោះ បានសម្ងំសុខនៅច្រកអូរត្រាវ ដែលជាច្រកចេញបទល្មើសព្រៃឈើដ៏ធំមួយរវាងខេត្តពោធិសាត់ និងខេត្តកំពង់ស្ពឺ ។

ប្រភពដដែលបានឲ្យដឹងទៀតថា ឈើដែលគេកាប់ ត្រូវចែកគ្នាដឹកជញ្ជូនជាពីរច្រក មួយចេញពីតំបន់ខាងលើតាមភូមិសាស្ត្រ ខេត្តពោធិសាត់ តាមផ្លូវជាតិលេខ៥ និងមួយច្រកទៀត គឺច្រកអូរត្រាវ ដែលជាច្រកបទល្មើសធំជាងគេ សម្រាប់ឆ្លងកាត់ទឹកដីខេត្តកំពង់ស្ពឺ មុននឹងបន្តចែកចាយទៅតាមគោលដៅផ្សេងទៀត ក្នុងប្រទេស និងក្រៅប្រទេស ។

ទាក់ទងនឹងការលើកឡើងនេះដែរ មិនទាន់សុំការបំភ្លឺពីលោក ប្រាក់ អ៊ីឡេង ប្រធានគ្រប់គ្រងស្នាក់ការបរិស្ថានខេត្តពោធិសាត់ បាននៅឡើយ ។

ចំណែកលោក ខន សុខុន នាយកដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានយកលេសដោះសារថា ដោយភូមិសាស្ត្រច្រកចេញចូលពីខេត្តពោធិសាត់មានច្រើន ហើយកម្លាំងជំនាញមានកំណត់ ទើបមន្ត្រីរបស់លោកពេលខ្លះ ក៏ពិបាក់ក្នុងការបង្ក្រាប ជាពិសេសនៅពេលយប់ ទោះបីជាកម្លាំងរបស់លោកក៏បានប្រឹងប្រែងណាស់ដែរ ក្នុងការទប់ស្កាត់បទល្មើសខាងលើទៅតាមគោលដៅដែលបានកំណត់៕

 


ចែករំលែក៖