ព័ត៌មានទាន់ហេតុការណ៍៖

សម្ពន្ធមិត្តសហរដ្ឋអាមេរិកនឹងរងផលប៉ះពាល់ខ្លាំងជាងគេបើលោកត្រាំដំឡើងពន្ធនាំចូលរថយន្ត

ចែករំលែក៖

ការនាំចូលរថយន្តទៅកាន់អាមេរិក ភាគច្រើនគឺជាសម្ពន្ធមិត្តរបស់អាមេរិក នៅអឺរ៉ុប និងអាស៊ី ក្នុងនោះមាន អាល្លឺម៉ង់ ជប៉ុន និងកូរ៉េខាងត្បូង… ជាដើម ដែលជា ប្រទេស នាំរថយន្តទៅកាន់អាមេរិក ។ ចំណែកចិន វិស័យរថយន្ត នៅអាមេរិក មិនទាន់ពេញនិយមនៅឡើយ។

នៅក្នុងបណ្តាញសង្គម Tweeter ប្រធា នាធិបតីអាមេរិក ដូណាល់ ត្រាំ បាន បញ្ជាក់ថា សហរដ្ឋអាមេរិក មានបំណង ចង់ដំឡើងពន្ធចំនួន ២៥% លើរថយន្ត ដែលនាំចូលអាមេរិក។ ការដំឡើងពន្ធ ក្នុងគោលដៅ ចង់ការពារឧស្សាហកម្ម រថយន្តរបស់អាមេរិកក្នុងពេលដែលក្រុមហ៊ុន General Motors ប្រកាសពីគម្រោងកាត់បន្ថយបុគ្គលិក។ ឧស្សាហកម្មរថយន្តអឺរ៉ុបត្រូវបានគេមើលឃើញថា ជាផ្ទាំងស៊ីបនៃការវាយប្រហាររបស់លោកត្រាំ ពិសេសប្រទេសអាល្លឺម៉ង់ដែលឧស្សាហកម្មរថយន្តជាដង្ហើមសេដ្ឋកិច្ចមួយយ៉ាងសំខាន់ របស់ ប្រទេសនេះ ។

ផែនការរបស់លោកដូណាល់ ត្រាំ ដែលចង់ដំឡើងពន្ធ២៥ភាគរយ លើរថយន្តនាំចូលអាមេរិកមិនមែនជារឿងថ្មីទេ។ មិនមែនជារឿងថ្មីព្រោះនៅដំណាច់ខែឧសភាកន្លងទៅ សេតវិមានធ្លាប់បានបញ្ជាក់ពី ជំហរដូចគ្នានេះម្តងហើយដើម្បីការពារ ឧស្សាហកម្មរថយន្តរបស់អាមេរិក។ តែផែនការណ៍មួយនេះត្រូវបានផ្អាកវិញ បន្ទាប់ពីមានកិច្ចព្រមព្រៀងរវាងលោកដូណាល់ ត្រាំ នឹងលោកប្រធានគណៈកម្មការអឺរ៉ុប Jean-Claude Juncker ក្នុងខែកក្កដា។ តែអ្វីជាការកត់សម្គាល់ ការដែលលោកត្រាំបានត្រឡប់មកនិយាយជាថ្មីពីបញ្ហានេះក៏ដោយសារថា ក្រុមហ៊ុនផលិតរថយន្តអាមេ រិក General Motors កំពុងជួបវិបត្តិ និង គ្រោងលុបចោល ១៥ ០០០ការងារនៅ អាមេរិក។

ព័ត៌មានមួយនេះបានបញ្ឆេះកំហឹងលោកដូណាល់ ត្រាំដោយលោកបាន សរសេរច្បាស់ៗនៅក្នុងបណ្តាញសង្គម Tweeter នាថ្ងៃពុធ ទី២៨ វិច្ឆិកាថា បើរថយន្តនាំចូលអាមេរិកនឹងត្រូវដំឡើងពន្ធ ២៥% នោះក្រុមហ៊ុនផលិតរថយន្តអាមេរិក General Motors នឹងមិនបិទទ្វារទេ។ គួររម្លឹក ថាក្នុងឆ្នាំ ២០១៧ មានរថយន្តជាង៨ លាន គ្រឿងក្នុងចំណោមរថយន្តប្រមាណ ១៧លានគ្រឿងបាននាំចូលពីបរទេស។ ទន្ទឹមនឹងចង់ដំឡើងពន្ធលើរថយន្តនាំចូលអាមេរិក លោកត្រាំក៏ឆ្លៀតបរិហារចិនដែលបានយកពន្ធលើរថយន្តអាមេរិកនាំចូល ចិនដល់ទៅ ៤០% ហើយបែរជាយកពីអ្នក ផ្សេងតែ ១៥% ប៉ុណ្ណោះ។បើតាមកាសែតអាល្លឺម៉ង់បានផ្សាយថា សហភាពអឺរ៉ុបអាចនឹងក្លាយជាផ្ទាំងស៊ីបនៃការដំឡើងពន្ធលើរថយន្តនាំចូលអាមេរិករបស់លោកត្រាំ ហើយវិធានការមួយនេះនឹងអាចប្រកាសនៅសប្តាហ៍ក្រោយ ពោលបន្ទាប់ពីជំនួប កំពូល G២០ ក្នុងប្រទេសអាហ្សង់ទីន៕ ម៉ែវ សាធី


ចែករំលែក៖