កងពលកាំជ្រួចមីស៊ីលការពារដែនអាកាសដ៏ទំនើបបំផុតរបស់រុស្ស៊ី S-400 Triumph ទី៤ហើយបានទៅកាន់ទីក្រុង Dzhankoyភាគខាងជើងតំបន់គ្រីមៀ ក្នុងពេលដែលមានការប្រឈមមុខតានតឹងជាមួយអ៊ុយក្រែន ។ ការបញ្ជូនប្រព័ន្ធមីស៊ីលទៅកាន់ទីក្រុងខាងលើ គឺជាគម្រោងដែលបានអនុវត្តតាំងពីខែមករា ឆ្នាំ២០១៧ ដោយរុស្ស៊ីត្រូវដាក់ពង្រាយមីស៊ីលការពារ នៅក្នុងទីក្រុងFeodosia, Sevastopol និង Yevpatoria ស្ថិតនៅតំបន់ស្វយ័តគ្រីមៀ។
កាលពីថ្ងៃទី២៩ ខែវិច្ឆិកា កងពល មីស៊ីលការពារS-400 Triumph ទី៤បាន ដាក់ពង្រាយនៅទីក្រុង Dzhankoy។ តាមការបញ្ជាក់របស់ក្រសួងការពារជាតិរុស្សី ប្រព័ន្ធមីស៊ីលការពារនឹងដំណើរការនៅ ចុងឆ្នាំ២០១៨នេះ។ សកម្មភាពរបស់រុស្ស៊ី កើតឡើង ក្រោយពេលមានភាពតានតឹងជាមួយអ៊ុយក្រែន ក្រោយពីរុស្ស៊ីចាប់នាវា ចម្បាំងអ៊ុយក្រែន៣គ្រឿងរួចមក ។
ជាមួយនឹងការបញ្ជូនប្រព័ន្ធមីស៊ីលការពារដ៏ទំនើបខាងលើទៅកាន់តំបន់គ្រីមៀ បានបង្កជាក្តីបារម្ភយ៉ាងខ្លាំងពីបណ្តាប្រទេសនៅក្នុងតំបន់ ដោយខ្លាចមានសង្គ្រាមកើត ឡើង រវាងអ៊ុយក្រែននឹងរុស្ស៊ី ។ ជាមួយ គ្នានេះដែរ ប្រធានាធិបតីអ៊ុយក្រែន ក៏បាន ស្នើសម្ពន្ធមិត្តណាតូ បញ្ជូនកម្លាំងទាហាននិងអាវុធក្នុងនោះមានទាំងនាវាចម្បាំងផង ទៅកាន់សមុទ្រខ្មៅ។
រុស្ស៊ីនិងអ៊ុយក្រែន ធ្លាប់ប៉ះទង្គិចគ្នា ប្រយុទ្ធគ្នាអស់រយៈពេលជាង៤ឆ្នាំកន្លង មកនេះ នៅឯតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែន បានផ្ដាច់ជីវិតមនុស្សជាង ១០,០០០នាក់ ហើយវាបានបណ្ដាលឱ្យសេដ្ឋកិច្ចអ៊ុយក្រែនរងការខូចខាតយ៉ាង ដំណំ ខណៈរុស្ស៊ីត្រូវជាប់ទណ្ឌកម្មសេដ្ឋ កិច្ចយ៉ាងសន្ធាប់ ពីសំណាក់បណ្ដាប្រទេស លោកខាងលិច ជាពិសេសគឺសហរដ្ឋអាមេ រិក។ ប៉ុន្តែបច្ចុប្បន្នជម្លោះដោយប្រយោល រវាងរុស្ស៊ី នឹងអ៊ុយក្រែន ត្រូវបានមជ្ឈដ្ឋាន ខ្លះយល់ថា អាចផ្ទុះឡើងជាសង្រ្គាមដោយ បើកចំហ បន្ទាប់ពីនាវាចម្បាំងជាច្រើនគ្រឿងរបស់ប្រទេសទាំងពីរប៉ះទង្គិចគ្នា នៅឯដែន សមុទ្រនៃឧបទ្វីបគ្រីមៀ។
ជម្លោះរវាងរុស្ស៊ី នឹងអ៊ុយក្រែនក្នុងការដណ្ដើមគ្រប់គ្រងសមុទ្រ Azov Sea និង ច្រកសមុទ្រ Kerch ដែលតភ្ជាប់ផ្លូវទឹកដ៏ សំខាន់ទៅកាន់សមុទ្រខ្មៅ មិនមែនជារឿង ថ្មីថ្មោងនោះទេ។ ពោលគឺវាបានផ្ទុះឡើងតាំងតែពីឆ្នាំ២០០៣ ជាឆ្នាំដែលលោក ពូទីន ជាប់ឆ្នោតជាប្រធានាធិបតីរុស្សុីជាលើកដំបូងមកម្ល៉េះ តែវាបានធូរស្រាល ឡើងវិញក្នុងឆ្នាំដដែល ក្រោយពីមានកិច្ចព្រមព្រៀងទ្វេភាគីមួយដែលចែងថា ប្រទេសទាំងពីរអាចប្រើច្រកសមុទ្រ Kerch និង Azov សម្រាប់ការដឹកជញ្ជូនពាណិជ្ជ កម្ម និងត្រូវជូនដំណឹងគ្នាជាមុនក្នុងករណីមានការបញ្ជូន នាវាយោធាណាមួយនៅ ក្នុងតំបន់។
ប៉ុន្តែភាពតានតឹងរវាងអ៊ុយក្រែន នឹង រុស្ស៊ី ចេះតែកើនឡើងជាលំដាប់ក្នុងឆ្នាំ២០១៨នេះ បានចាប់ផ្ដើមបិទច្រកសមុទ្រ Kerch និង Azov រារាំងដល់ការធ្វើចរា ចរណ៍របស់កប៉ាល់ធំៗ ចូលទៅកាន់កំពង់ ផែ Mariupol និង Berdyanskរបស់អ៊ុយ ក្រែន តាមរយៈការដាក់កប៉ាល់ដឹកប្រេងដ៏ធំមួយ នៅពីក្រោមស្ពានដែលជាច្រកចូលតែមួយគត់។ ចំណែកឯរុស្ស៊ីក៏បានចោទប្រកាន់វិញដែរថា អ៊ុយក្រែនបានរំលោភ បំពានលើនាវារុស្ស៊ី ហើយថាការត្រួត ពិនិត្យរាល់នាវា ឬកប៉ាល់អ៊ុយក្រែនគឺជាការត្រឹមត្រូវតាមផ្លូវច្បាប់ និងចាំបាច់ត្រូវធ្វើដើម្បីការពារសន្តិសុខសមុទ្រ។
យ៉ាងណាក៏ដោយ រដ្ឋាភិបាលទីក្រុង គៀវបានអះអាងថា ការបិទច្រកសមុទ្រ Kerch ពីសំណាក់ទីក្រុងមូស្គូបានធ្វើឱ្យខ្លួនខាតបង់សេដ្ឋកិច្ច ៣០ភាគរយ ស្របពេល ការនាំចេញតាមរយៈកំពង់ផែ Mariupol ធ្លាក់ចុះអស់ ៦ភាគរយ ហើយការនាំចេញ នៅឯកំពង់ផែ Berdyanskធ្លាក់ចុះអស់ ១២.៣ភាគរយ។ លើសពីនេះទៅទៀត ទីក្រុងគៀវបានថ្កោលទោសទីក្រុងមូស្គូយ៉ាងខ្លាំង សម្រាប់ការសាងសង់ស្ពានមួយ តភ្ជាប់ពីរុស្ស៊ីទៅកាន់តំបន់គ្រីមៀ ហើយ ដែលស្ពាននេះទៀតសោតត្រូវបានគេមើលឃើញថា មានកម្ពស់ទាប ពិបាកនឹងឱ្យ កប៉ាល់ធំៗខ្លះឆ្លងកាត់ទៀតផង។
កាលពីថ្ងៃអាទិត្យសប្តាហ៍មុន រុស្ស៊ីបានរឹបអូសនាវាអ៊ុយក្រែនចំនួន៣គ្រឿង និង ឃុំខ្លួននាវិកចំនួន ២៤នាក់ ដោយចោទ ប្រកាន់ពួកគេថា បានចូលក្នុងដែនទឹក របស់រុស្ស៊ីដោយខុសច្បាប់នៅឯច្រកសមុទ្រ Kerch ដែលតភ្ជាប់សមុទ្រ Azov ជាមួយសមុទ្រខ្មៅ នៃតំបន់ឧបទ្វីបគ្រីមៀ។ តែ អ៊ុយក្រែនបានបដិសេធ និងស្នើឱ្យអន្តរជាតិបង្កើនការដាក់សម្ពាធ ព្រមទាំងទណ្ឌកម្ម បន្ថែមទៀតប្រឆាំងនឹងទីក្រុងមូស្គូ។ លើស ពីនេះទៅទៀត ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko ថែមទាំងបានប្រកាសដាក់យោធាឱ្យស្ថិតនៅក្នុងស្ថានភាពប្រុង ជើងការខ្ពស់ ជាមួយការដាក់ឱ្យប្រើច្បាប់អាជ្ញាសឹករយៈពេល៣០ថ្ងៃ នៅតាមតំបន់ព្រំដែនជាប់ជាមួយរុស្សុី។
ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បានស្នើឱ្យអង្គការណាតូបញ្ជូននាវាចម្បាំង មកកាន់តំបន់សមុទ្រ Azov ដើម្បីជួយកងកម្លាំងអ៊ុយក្រែនទប់ទល់ជាមួយរុស្ស៊ី។ លោក Poroshenko បានលើក ឡើងនូវសំណើនេះ ក្នុងបទសម្ភាសន៍ជា មួយសារព័ត៌មានអាល្លឺម៉ង់ Bild newspaper នៅក្នុងសប្ដាហ៍នេះ។ លើសពីនេះ ទៅទៀត ប្រធានាធិបតីអ៊ុយក្រែនរូបនេះ ក៏បានអះអាងដែរថា អ៊ុយក្រែនមិនអាច ទទួលយកបានឡើយ ចំពោះទង្វើឈ្លាន ពានរបស់រុស្ស៊ី នៅក្នុងតំបន់គ្រីមៀ តំបន់ ភាគខាងកើតប្រទេសអ៊ុយក្រែន និងនៅ តំបន់សមុទ្រ Azov រីឯអាល្លឺម៉ង់ វិញគួរតែ សួរខ្លួនឯងថា តើលោក ពូទីន នឹងធ្វើអ្វី បន្តទៀត បើសិនជាយើងមិនបញ្ឈប់គាត់ ទេនោះ។
ប៉ុន្តែព្រមពេលជាមួយគ្នានេះ ប្រធា នាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាន ចោទលោក Poroshenko ថា កំពុងប្រើ ប្រាស់សកម្មភាពបង្ករឿងនៅសមុទ្រ Azov និងច្បាប់អាជ្ញាសឹក ក្នុងចេតនាបង្កើនប្រជាប្រិយភាពរបស់ខ្លួន នៅមុនការបោះឆ្នោតក្នុងប្រទេសអ៊ុយក្រែន នៅឆ្នាំ២០១៩ តែ ប៉ុណ្ណោះ ហើយថារុស្ស៊ីនឹងចាត់វិធានការចំាបាច់នានា ដើម្បីការពារបូរណភាពទឹកដីរបស់ខ្លួន។
* តើសង្គ្រាមអាចនឹងផ្ទុះឡើងដែរឬទេ រវាងប្រទេសទាំងពីរ?
មជ្ឈដ្ឋានខ្លះយល់ថា ជម្លោះបច្ចុប្បន្ន រវាងអ៊ុយក្រែន នឹងរុស្ស៊ីអាចនឹងបង្កឱ្យ សង្រ្គាមផ្ទុះឡើង។ តែតាមការណ៍ពិតរុស្សុី និងអ៊ុយក្រែន បានធ្វើសង្រ្គាមដោយ ប្រយោលជាមួយគ្នា អស់រយៈពេលជាង ៤ឆ្នាំកន្លះមកហើយ ចាប់តាំងពីឆ្នាំ២០១៤ មកម្ល៉េះនៅឯភាគខាងកើតប្រទេសអ៊ុយក្រែន។ សង្រ្គាមដោយប្រយោលនេះ កើតមានឡើងរវាងរដ្ឋាភិបាលទីក្រុងគៀវ នឹង ក្រុម ឧទ្ទាមបំបែករដ្ឋគាំទ្រដោយរុស្ស៊ី ដែលបានផ្ដល់អាវុធ និងទីប្រឹក្សាយោធា ជួយដល់ក្រុមឧទ្ទាម។ មិនតែប៉ុណ្ណោះ បើ ទោះជារុស្សុីបដិសេធក៏ដោយ ក៏សហរដ្ឋអាមេរិកបានចោទត្រង់ៗតែម្ដងថា ក្រុម ឧទ្ទាមបំបែករដ្ឋនៅភាគខាងកើតប្រទេសអ៊ុយក្រែន គឺស្ថិតនៅក្រោមការបញ្ជា និង គ្រប់គ្រងដោយផ្ទាល់ពីរុស្ស៊ី។
ទោះជាយ៉ាងនេះក្ដីមជ្ឈដ្ឋានខ្លះទៀតយល់ថា ជម្លោះបច្ចុប្បន្ននឹងមិនអាចឱ្យ សង្រ្គាមផ្ទុះឡើងនោះទេ ព្រោះរុស្ស៊ីដឹង យ៉ាងច្បាស់ថា បើវាយប្រហារលើអ៊ុយក្រែននោះមានន័យស្មើនឹងប្រឆាំងដោយផ្ទាល់ជាមួយសហរដ្ឋអាមេរិក អង្គការណាតូ និងអឺរ៉ុបដែលជាខ្នងបង្អែករបស់អ៊ុយក្រែន។ ម្យ៉ាងវិញទៀត អ្វីដែលទីក្រុងមូស្គូព្រួយ បារម្ភ គឺទណ្ឌកម្មសេដ្ឋកិច្ច ពោលគឺបើ សង្រ្គាមផ្ទុះអាមេរិក អង្គការណាតូ និងអឺរ៉ុប ក៏ទំនងជានឹងមិនឈរឱបដៃមើលឡើយ ហើយប្រហែលជាមានលេសប្រមូលផ្ដុំ កម្លាំងអន្តរជាតិដាក់ទណ្ឌកម្មរហូតដល់ ជាន់សេដ្ឋកិច្ចរុស្ស៉ីឱ្យរាបដល់ដីក៏ថាបាន។
សព្វថ្ងៃសហរដ្ឋអាមេរិកតែងតែអះអាងថា រុស្ស៊ីគឺជាប្រទេសគំរាមកំហែងដល់ សណ្ដាប់ធ្នាប់អន្តរជាតិ ដូច្នេះចង់ ឬមិនចង់ ក្នុងនាមជាមហាអំណាចពិភពលោកធំ មួយដែរ រុស្ស៉ីប្រហែលជានឹងមិនប្រើប្រាស់កម្លាំងយោធាធំដុំណាមួយលើអ៊ុយក្រែននោះទេ ដើម្បីបង្ហាញប្រាប់ ពិភពលោកថា អ្វីដែលអាមេរិកនិយាយគឺជារឿងកុហក។ អាចនិយាយម្យ៉ាងទៀតថា រុស្ស៊ី ណាតូ អឺរ៉ុប និងសហរដ្ឋអាមេរិកសុទ្ធតែមានការញញើតគ្នាទៅវិញទៅមក ហើយសុទ្ធតែ ដឹងយ៉ាងច្បាស់ថា ការខូចខាតនឹងមាន ទំហំធំធេងប៉ុនណា នៅពេលសង្រ្គាមផ្ទុះ ឡើង ដែលមិនអាចកំណត់ទំហំត្រូវកើត និងពេលវេលាត្រូវបញ្ចប់បានឡើយ៕ ម៉ែវ សាធី