ព័ត៌មានទាន់ហេតុការណ៍៖

ករណីចោរកាត់សោលួចរថយន្តរហូតមកដល់ពេលនេះ មិនទាន់មានតម្រុយសោះ

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ រថយន្ដ២គ្រឿង ត្រូវចោរមួយក្រុមចូលលួច​នៅវេលាម៉ោង២ទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨កន្លងទៅ ពោលរហូតមកដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ មិនទាន់មានពន្លឺណាមួយនៃការស្រាវជ្រាវ ដើម្បីតាមប្រមាញ់ក្រុមចោរនោះទេ ខណៈម្ចាស់ទីតាំងបានព្យាយាមបង្ហាញនូវវីដេអូដែលថតបាន តាមរយៈកាមេរ៉ាសុវត្ថិភាព។

តាមរយៈសារដែលបង្ហោះលើបន្តាញសង្គមនាថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ម្ចាស់ទីតាំងដែលមានគណនី Facebook ឈ្មោះ «Aec Garage» បានរៀបរាប់ថា កន្លែងកើតហេតុ គឺស្ថិតនៅក្នុងយានដ្ឋានរបស់ខ្លួន តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចគីឡូម៉ែត្រលេខ៤៨ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។

ជនរងគ្រោះក៏បានបង្ហាញថា ឡានរបស់ខ្លួនដែលចោរលួចទៅបាត់ ដោយកាត់សោររបងចូលនោះ ម៉ាក Highlander ពាក់ស្លាកលេខភ្នំពេញ 2AH-5274 និងមួយគ្រឿងទៀត ម៉ាក Lexus ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ2G-5850។ ជនរងគ្រោះបានបន្ថែមថា ប្រសិនបើប្រជាពលរដ្ឋណាប្រទះឃើញ ខ្លួននឹងជូនផ្តល់រង្វាន់ នូវឡាន១ ជាទឹកប្រាក់ចំនួន៥,០០០ដុល្លារ។

ជាមួយគ្នានេះ ជនរងគ្រោះដែលប្រើប្រាស់ គណនី Facebook ឈ្មោះ Aec Garage ក៏សូមអំពាវនាវយ៉ាងទទូច ដល់កម្លាំងមានសមត្ថកិច្ចទាំងអស់ នៅក្រុងច្បារមន និងខេត្តកំពង់ស្ពឺ ជួយអន្ដរាគមន៍ និងស្រាវជ្រាវលើករណីនេះផង ខណៈគិតមកដល់ថ្ងៃនេះមិនទាន់មានតម្រុយបន្ដិចណាសោះ ជុំវិញករណីនេះ ៕​ សេនាស័ក្តិ


ចែករំលែក៖