ភ្នំពេញ៖ ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទតឃើញថា ស្ថានភាព ជនមានពិការភាពក្នុងប្រទេសកម្ពុជា មានភាពល្អប្រសើរគ្រប់បែបយ៉ាង ទាំងក្នុងស្ថាប័នរដ្ឋ និង ឯកជន ។
ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា “ខ្ញុំព្រះករុណា ខ្ញុំមានហឫទ័យសប្បាយរីករាយ ដោយបានឃើញនូវការវិវត្តន៍ថ្មីៗ តាមរយៈសកម្មភាពជាច្រើនទាំងក្នុងស្ថាប័នរដ្ឋនិងឯកជន ដូចជា ៖ ការផ្តល់របបគោលនយោបាយ សម្ភារៈបរិក្ខារ មធ្យោបាយគ្រប់បែបយ៉ាង ដើម្បីស្តារលទ្ធភាពពលកម្ម កាយសម្បទា និង បញ្ញាសម្បទា សំដៅឱ្យជនមានពិការភាពទទួលសេវាសង្គមគ្រប់ផ្នែកនិងអាចចូលរួមសកម្មភាពសង្គមគ្រប់វិស័យ រួមទាំងវិស័យនយោបាយផងដែរ ទៅតាមសមត្ថភាព ស្របតាមការអភិវឌ្ឍន៍នៃប្រទេសជាតិនាពេលបច្ចុប្បន្ន ។
ព្រះរាជបន្ទូលរបស់ព្រះមហាក្សត្រនាពេលនេះ ធ្វើឡើងនៅថ្ងៃទី៣ ខែធ្នូ តាមរយៈព្រះរាជសារ ចូលរួមអបអរសាទរ ទិវាជនមានពិការភាពកម្ពុជាលើកទី២០ និង ទិវាជនមានពិការភាពអន្តរជាតិលើកទី៣៦ ក្រោមប្រធានបទ”លើកកម្ពស់ជនមានពិការភាព ធានាដល់ការធ្វើបរិយាប័ន្ននិងសមភាព”ដែលរៀបចំឡើងដោយក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព និង ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា សហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និង អង្គការមិនមែនរដ្ឋាភិបាលនានា ដែលធ្វើសកម្មភាពលើវិស័យពិការភាព ។
ជាមួយគ្នានេះ ព្រះមហាក្សត្របានថ្លែងកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឆ្នើមរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនមានពិការភាព និង សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែផ្តល់សេចក្ដីអាណិតស្រលាញ់ សន្តោសប្រណីចំពោះជនមានពិការភាពដែលជួបទុក្ខលំបាកនាពេលកន្លងមក ។
ដោយឡែក សម្តេចតេជោផ្ទាល់វិញ ក៏បានអបអរសាទរ ទិវាជនទិវារជនពិការអន្តរជាតិ ៣ធ្នូ លើក ទី៣៦ ឆ្នាំ២០១៨ នេះផងដែរ ។
សម្តេចតេជោ មានប្រសាសន៍ថា ទិវាជនពិការ ថ្ងៃ៣ធ្នូ ត្រូវប្រារព្ធឡើង ដើម្បីបង្កើនការយល់ដឹងអំពីបញ្ហាពិការភាព ដោយផ្តោតលើការបង្កលក្ខណៈងាយស្រួលដល់ជនពិការនូវលទ្ធភាពប្រើប្រាស់បាននៅតាមទីសាធារណៈ និងឯកជន ក៏ដូចជាការបំផុសឲ្យគ្រប់ក្រសួង ស្ថាប័ន និងវិស័យឯកជនអនុវត្តការជ្រើសរើសជនពិការឲ្យចូលបម្រើការងារ ការហ្វឹកហ្វឺនផ្នែកផ្សេងៗជាច្រើន៕ចេស្តា