ព័ត៌មានទាន់ហេតុការណ៍៖

ឡាយ លក្ខិណា បង្ហើបដំណឹងរៀបការមុនចេញទៅកាណាដា

ចែករំលែក៖

ភ្នំពេញ៖ តារាសម្តែងស្រីសាច់ទ្រលុកទ្រលន់អ្នកនាងឡាយ លក្ខិណា បានសម្រេចចិត្តវិលរកការងារសិល្បៈជាថ្មីបន្ទាប់ពីផ្អាកសម្តែងមិនតិចជាង១០ឆ្នាំ ។ ក្រៅពីទទួលបានការងារសិល្បៈច្រើនហូរហែតារាស្រីរូបនេះក៏បង្ហើបដំណឹងរីករាយសម្រាប់ជីវិតគូស្នេហ៍ដែលអាចនឹងឈានដល់ការចូលរោងការក្នុងពេលដ៏ខ្លីខាងមុខផងដែរ ។

ក្រោយផ្អាកការងារសិល្បៈ និងរស់ក្នុងឈ្មោះជាស្រ្តីមេម៉ាយប្រមាណមួយទសវត្សរិ៍ តារាសម្តែងឡាយ លក្ខិណា បានវិលរកការសម្តែងជាថ្មីរយៈពេល១ឆ្នាំចុងក្រោយនេះវិញ ។ វិលវិញនាងទទួលបានការសម្តែងជាច្រើនបន្តបន្ទាប់ ទោះបីគេមិននឹកស្មានការសម្តែងនោះមិនស្ថិតក្នុងតំណែងតួឯក ឬតួរងក្តី ។ នាងក៏ទើបនឹងទទួលបានឱកាសចេញទៅច្រៀងរាំនៅលើទឹកដីនៃប្រទេសកាណាដាផងដែរ ។

មុនពេលចាកចេញទៅនោះ តារាស្រីរូបនេះបង្ហើបថា នាង កំពុងសំឡឹងមើលចិត្តបុរសម្នាក់ ដែលនាងបញ្ជាក់ថា ជាមនុស្សសាមញ្ញ មានជីវភាពមធ្យម និងចេះផ្តល់តម្លៃឲ្យនាង និងការងារសិល្បៈ ។

នាងថា ការស្វែងយល់ចិត្តគ្នានេះមិនមែនទើបនតែកើតមានទេ គឺយូរគួរសមដែរមុនពេលនាងបង្ហើបប្រាប់នេះ ។ នាងបន្តថា អាចនឹងមានដំណឹងល្អឆាប់ ប៉ុន្តែនាងនៅមិនទាន់អាចបញ្ជាក់ថ្ងៃច្បាស់លាស់នៅឡើយ ។

នាងថានឹងអាចមានពិធីនានាតាមទំនៀមទម្លាប់ខ្មែរដើម្បីជម្រះភាពសៅហ្មង និងពាក្យចចាមអារ៉ាមជាច្រើនដែលវាយបក់មកលើនាងក្រោយពេលនាងក្លាយជាស្ត្រីមេម៉ាយ ។ នាងថាកន្លងមករឿងអតីតស្វាមី បានធ្វើឲ្យគេយល់ខុសច្រើនមកលើនាងហើយនាងក៏មិនចង់បកស្រាយអ្វីច្រើនដែរ ។ នាងថា គូស្នេហ៍ថ្មីនាងចេះយល់ចិត្តច្រើន និងជាមនុស្សសាមញ្ញ ដែលយល់ពីការងារសិល្បៈ គោរពស្រលាញ់ក្រុមគ្រួសារនាង ដែលនាងរំពឹងថានឹងអាចកសាងគ្រួសារកក់ក្តៅមួយបាននៅពេលអនាគត ។

តារាស្រីរូបនេះ និង លោក នៅ ស៊ីនឿន តារាចម្រៀងប្រចាំផលិតកម្មហង្សមាស បានដឹកដៃគ្នាចេញទៅសម្តែងរួមគ្នានៅទឹកដីប្រទេស កាណាដា ជិត២ខែ ហើយពេលនេះពួកគេកំពុងទទួលបានការគាំទ្រច្រើនពីទស្សនិកជន ពិសេសពលរដ្ឋខ្មែររស់នៅទីនោះ៕ វឌ្ឍនា


ចែករំលែក៖