រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo កាលពីថ្ងៃទី៤ ខែធ្នូ បានបញ្ជាក់ថា ទីក្រុងវ៉ាស៊ីនតោន នឹងមិនអាចទទួលយកបាននូវគំនាប ដោយសារតែសន្ធិសញ្ញាអាវុធ INF ប្រសិនបើរដ្ឋាភិបាលទីក្រុងមូស្គូ នៅតែបន្តអភិវឌ្ឍន៍ មីស៊ីលទំនើបៗ ថ្មីៗជាច្រើនដែលមានសម្ថភាពខ្ពស់ ចំណែកអាមេរិក មិនអាចផលិតបាន។ អាមេរិកបានព្រមានថា ក្នុងរយៈពេល ៦០ថ្ងៃ រុស្ស៊ីត្រូវតែ ផ្អាក់ដាក់ពង្រាយប្រពន្ធមីស៊ីល 9M729 ប្រសិនបើមិនចង់ឲ្យសន្ធិសញ្ញាអាវុធបរមាណូ ទ្វេភាគីត្រូវបានលុបចោលនោះ ។
លោក Mike Pompeo បានបញ្ជាក់ ក្រោយជំនួបពិភាក្សាជាមួយបណ្តាប្រទេស សមាជិកណាតូថា «អាមេរិកបានបញ្ជាក់ថា រុស្ស៊ី បានបំពានលើសន្ធិសញ្ញា ហើយយើងនឹង បញ្ចប់ការគោរពទៅតាមសន្ធិសញ្ញានោះ ក្រោយរយៈពេល៦០ថ្ងៃ ប្រសិនបើ រុស្ស៊ី មិនគោរពយ៉ាងពេញលេញ នៅសន្ធិសញ្ញាទាំងនោះ ។ អាមេរិកនឹងមិនដកខ្លួនចេញពី INF លើកលេងតែរុស្ស៊ីអនុវត្តពេញលេញ ដែលអាចទទួលយកបាន»។
រដ្ឋមន្ត្រីអាមេរិក បានបន្តចោទប្រកាន់រុស្ស៊ីថា« រាល់សកម្មភាព របស់រុស្ស៊ីនឹងធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង ដល់ សន្តិសុខជាតិអាមេរិកក៏ដូចជាបណ្តាប្រទេសជាសម្ព័ន្ធមិត្ត ។ ជារឿងមិនសមហេតុផល ប្រសិនបើរុស្ស៊ី នៅតែបន្តសកម្មភាពបំពានINF ចំណែកអាមេរិកត្រូវ បន្តអនុវត្ត»។
លោកMike Pompeo បញ្ជាក់ថា អាមេរិកនិងមិនបន្ធូបន្ថយ ដល់ប្រទេស មហាអំណាចយោធា ដែលជាគូប្រជេងទៀតឡើយ ។ប្រសិនបើរុស្ស៊ីមិនវិលត្រឡប់ ទៅគោរពINF ក្នុងរយៈពេល ៦០ថ្ងៃ នោះទេ អាមេរិក និង ចាប់ផ្តើមដំណើរការដកខ្លួនចេញពីសន្ធិសញ្ញាអាវុធ ក្នុងរយៈពេល៦ខែ កន្លងមក ។ អាមេរិកបានសន្យាថា នឹងមិនធ្វើការសាកល្បង ឬផលិត ដាក់ពង្រាយ ប្រភេទអាវុធណាដែលបំពានសន្ធិសញ្ញា INF មុនពេលអាមេរិក ដកខ្លួនចេញឡើយ។
អាមេរិក និងណាតូ បានចោទប្រកាន់ប្រព័ន្ធ មីស៊ីឡ 9M729 របស់រុស្ស៊ី គឺជាការបំពាន INF ដែលអាមេរិកនិងស៊ូវៀតបានចុះហត្ថលេខាកាលពីឆ្នាំ ១៩៧៨ ដើម្បីបញ្ចប់ការប្រគួតប្រជេង អាវុធបរមាណូ។
ក្រុមអ្នកឯកទេសវិភាគរបស់ណាតូ បានលើកឡើងថា ប្រភេទមីស៊ីលថ្មីរបស់រុស្ស៊ីមានសម្ថភាពខ្ពស់ ពិបាកក្នុងការចាប់បានរបស់រាដា ហើយមានសម្ថភាពវាយប្រហារ ទៅលើទីក្រុងធំៗនៅ អឺរ៉ុប ដោយមិនដឹងខ្លួន ។ណាតូបង្ហាញពីក្តីបារម្ភយ៉ាងខ្លាំង នៅប្រភេទមីស៊ីល 9M729 នឹងធ្វើឲ្យបាត់បង់ទល្យភាព សន្តិសុខនៅក្នុងតំបន់ ហើយណាតូគំាទ្រទីក្រុងវ៉ាស៊ីនតោនទាំងស្រុង។
អគ្គលេខាណាតូ លោក Jens Stoltenberg បានបញ្ជាក់ថា នេះជាឧកាសចុងក្រោយដើម្បីឲ្យរុស្ស៊ីវិលត្រឡប់មកគោរព តាមសន្ធិសញ្ញា INF ។
កន្លងមក ប្រធានាធិបតីអាមេរិក ដូណាលត្រាំ បានប្រកាសថា អាមេរិក និងដកខ្លួនចេញពី INF ហើយបង្កើនការផលិតអាវុធ បរមាណូ ដើម្បីធ្វើឲ្យមានទល្យភាពសព្វាវុធ ជាការឆ្ពោះទៅរកការប្រគួតប្រជេងសព្វាវុធ ។ ប៉ុន្តេ ក្រោយមកអាមេរិក មានបំណងចង ពិភាក្សាជាមួយរុស្ស៊ី និងចិន ដើម្បីបញ្ចៀសការប្រគួតប្រជេងអាវុធដែលអាចឈានដល់ដំណាក់កាលលើសពីសម្ថភាពគ្រប់គ្រង ។
ការប្រកាសដកខ្លួនរបស់អាមេរិកចេញពីសន្ធិសញ្ញានុយក្លេអ៊ែរទ្វេភាគីជាមួយរុស្ស៊ី ប្រាកដណាស់នឹងជំរុញឲ្យមានការប្រកួតប្រជែង សព្វាវុធ នៅក្នុងពិភពលោកកាន់តែខ្លាំង។ នៅពេលប្រកាសដកអាមេរិកចេញពីសន្ធិសញ្ញា លោកដូណាល់ ត្រាំ បានបញ្ជាក់ហើយថា បើសិនរុស្ស៊ី អាចផលិតមីស៊ីលរយៈចម្ងាយមធ្យម ផ្ទុកក្បាលគ្រាប់នុយក្លេអ៊ែរ នោះអាមេរិកមិនអាចនៅឈរឱបដៃ គោរពតាមកិច្ចព្រមព្រៀងតែម្នាក់ឯងទេ។ អាមេរិកនឹងដកខ្លួនចេញពីសន្ធិសញ្ញា ដើម្បីមានសិទ្ធិផលិតមីស៊ីលចម្ងាយមធ្យមដែរ។
នៅភាគីរុស្ស៊ី វិញ អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី បានវាយបក វិញដែរថា បើសិនអាមេរិក នៅតែសម្រេចចិត្តឯកតោភាគី ដកខ្លួនចេញពីសន្ធិសញ្ញាអន្តរជាតិ នោះ រុស្ស៊ី គ្មាន ជំរើសអ្វីផ្សេង ក្រៅតែ ចាត់វិធានការទប់ទល់វិញ ដែលនៅក្នុងនោះមានផងដែរ ខាងបច្ចេកវិទ្យាយោធា។
សម្រាប់អនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី ការដកខ្លួនអាមេរិកចេញពីសន្ធិសញ្ញា នុយក្លេអ៊ែរជាមួយ រុស្ស៊ីគឺជាជំហានមួយដ៏គ្រោះថ្នាក់។ សម្រាប់មន្រ្តីរុស្ស៊ី រុស្ស៊ីបានគោរពយ៉ាងទៀងទាត់ ពោល គឺមិនបានរំលោភសន្ធិសញ្ញាដូចការចោទប្រកាន់នោះទេ។ ប៉ុន្តែ គឺភាគីអាមេរិកទេ ដែលបានរំលោភកិច្ចព្រមព្រៀង កន្លងមក តាមរយៈការផលិតមីស៊ីលរយៈចម្ងាយមធ្យម សម្រាប់ធ្វើជាខែលមីស៊ីល និងដាក់ពង្រាយ នៅក្នុងប្រទេសអឺរ៉ុប ដូចជានៅប៉ូឡូញ ដែលអាចគំរាមគ្រប់ពេលវេលា សន្តិសុខរុស្ស៊ី។
សម្រាប់សមាជិកព្រឹទ្ធសភារុស្ស៊ី អាមេរិកដកខ្លួនចេញពីសន្ធិសញ្ញាស្តីពីអាវុធនុយក្លេអ៊ែររយៈចម្ងាយមធ្យម គឺស្តែងឲ្យឃើញពីចេតនាធំទី ២របស់អាមេរិកដែលចង់គំរាមកំហែងស្ថិរភាពពិភពលោក។ នៅឆ្នាំ ២០០១ អាមេរិករបស់លោកប្រធានាធិបតីប៊ូសធ្លាប់បានដកអាមេរិកចេញពីសន្ធិសញ្ញាដែលហាមឃាត់ការផលិតមីស៊ីល ប្រឆាំងមីស៊ីលអន្តរទ្វីប ឬដែលគេហៅឈ្មោះម្យ៉ាងថា ប្រព័ន្ធខែលមីស៊ីល។
អ្នកវិភាគមួយចំនួនវាយតម្លៃថា រដ្ឋបាលលោកដូណាល់ ត្រាំ ដឹងហើយថា រុស្ស៊ី បានលួចផលិតមីស៊ីលចម្ងាយមធ្យម បានសម្រេចតាំងពីយូរហើយ។ ប៉ុន្តែ លោកដូណាល់ ត្រាំ បានសម្រេចដកអាមេរិកចេញពីសន្ធិសញ្ញាស្តីពី អាវុធនុយក្លេអ៊ែរចម្ងាយមធ្យម នៅពេលនេះ គឺមិនមែនដោយសារតែរុស្ស៊ីនោះទេ ប៉ុន្តែ គឺដោយសារតែចិនទៅវិញទេ។ ចិនដែលមិនត្រូវបានចងដៃ ដោយសន្ធិសញ្ញាស្តីពីនុយក្លេអ៊ែរ ចម្ងាយមធ្យម បានបង្កើនការផលិតមីស៊ីលបាញ់រយៈចម្ងាយមធ្យម កាន់តែច្រើន និងបានបែរតម្រង់រួចហើយ សម្រាប់ទីតាំងយោធាយុទ្ធសាស្រ្តរបស់អាមេរិក នៅតំបន់អាស៊ី ប៉ាស៊ីហ្វិក៕ ម៉ែវ សាធី