ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនចោរឆក់ទូរស័ព្ទដៃ២នាក់នៅខណ្ឌព្រែកព្នៅ

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យ២នាក់ ត្រូវប្រជាពលរដ្ឋក្របួចជាប់រួចនាំគ្នាវាយម្នាក់មួយដៃឡើងទ្រមខ្លួន ហើយប្រគល់ឲ្យសមត្ថកិច្ចប៉ុស្ដិ៍នគរបាលព្រែកព្នៅ ចាត់ការតាមច្បាប់ បន្ទាប់ពីពួកគេធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីបុរសម្នាក់ បានសម្រេចព្យាយាមរត់គេចខ្លួនតែគេចមិនផុត ។

ករណីឃាត់ខ្លួនចោរឆក់ទូរស័ព្ទដៃខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីព្រឹក ថ្ងៃពុធ ១២រោច ខែកត្តិកឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៥ នៅចំណុច មុខវត្តពោធិ៍មង្គលភូមិផ្សារលិច សង្កាត់ព្រែក ព្នៅ ខណ្ឌព្រែក ព្នៅ រាជធានីភ្នំពេញ ។

យោងតាមប្រភពពីមន្ត្រីនគរបាលខណ្ឌព្រែកព្នៅ បានឲ្យដឹងថាជនសង្ស័យទាំង២នាក់នោះ ទី១ឈ្មោះ សន រស្មី ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិធំសង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ និងទី២ឈ្មោះ សឿន វុទ្ធី ភេទប្រុស អាយុ២០ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកព្នៅសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។ ចំណែកជនរងគ្រោះឈ្មោះហែម វុទ្ធី ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ ទូរស័ព្ទដែលជនសង្ស័យឆក់យកបានសម្រេចហើយគេចមិនរួចនោះសាំស៊ុង ។

បើតាមសម្ដីបុរសរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាវ៉េវ ពណ៌ក្រហម លាយខ្មៅ អត់ស្លាកលេខ ជិះតែម្នាក់ឯង ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៥ក្នុងទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចមុខវត្តពោធិ៍មង្គល ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូមួយគ្រឿងម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ1HI-5540 ជិះក្នុងទិសដៅស្របគ្នា បានធ្វើសកម្មភាពឆក់ទូរសព្ទ័ដៃពីហោប៉ៅអាវរបស់គាត់បានសម្រេច រួចព្យាយាមជិះម៉ូតូគេចខ្លួន ដោយបត់ចូលតាមផ្សារព្រែកព្នៅ ក៏ត្រូវប្រជាពលរដ្ឋព័ន្ធចាប់បាននាំគ្នាវាយម្នាក់មួយដៃឡើងទ្រមខ្លួន រួចប្រគល់ឲ្យសមត្ថកិច្ច ប៉ុស្តិ៍នគរបាលព្រែកព្នៅនាំយកមក ធ្វើការសាកសួរ ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់រួមនឹងវត្ថុតាងត្រូវបានសមត្ថកិច្ចធ្វើការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ អធិការរដ្ឋាននគរបាលខណ្ឌព្រែកព្នៅចាត់ការបន្តតាមនិតិវិធី ៕ស តារា


ចែករំលែក៖