ភ្នំពេញ៖ នៅព្រឹកថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០១៨ លោក កូយ សៅចៅក្រមស៊ីបសួរសាលាដំបូង រាជធានីភ្នំពេញ បានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួនបុរសជនជាតិចិនបែកថ្នាំ ដែលធ្វើសកម្មភាពកាប់មន្រ្តីនគរបាលម្នាក់និងអ៊ុំស្រីលក់ទឹកអំពៅឲ្យរងរបួស ដាក់ពន្ធនាគារព្រៃសរជាបណ្តោះអាសន្ន ពីបទហឹង្សាដោយ ចេតនាមានស្ថានទំងន់ទោស បទបញ្ញាត្តិមានចែងតាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ។
គួររំលឹកផងដែរថា ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង២រសៀល ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខមន្ទីរពេទ្យរុស្ស៊ី តាមផ្លូវលេខ៤៣២ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីសមត្ថកិច្ចខណ្ឌចំការមន បានឲ្យដឹងថា ជនសង្ស័យដែលបែកថ្នាំញៀនអុកឡុកតាមទីសាធារណៈនិងបង្កការភិតភ័យដល់ប្រជាពលរដ្ឋខាងលើនេះ មិនទាន់ស្គាល់ពីអត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថាជាជនជាតិចិន(កាប់ខ្លួនឯងរបួសធ្ងន់)។ ចំណែកស្ត្រីដែលត្រូវជនសង្ស័យចាប់ក្រៀកធ្វើចំណាត់ខ្មាំងមានឈ្មោះ មាស សានី អាយុ៧០ឆ្នាំ មានមុខរបរដើរលក់អំពៅសាង ស្នាក់នៅផ្ទះជួលបឹងត្របែកសង្កាត់បឹងត្របែក ខណ្ឌចំការមន (រងរបួសក្បាលនិងជើង) និងសមត្ថកិច្ចម្នាក់ទៀតដែលរងរបួសកដៃខាងស្តាំ គឺជាលោកអនុសេនីយ៍ទោ ម៉ៅ សំណាងនៅផ្នែកកម្លាំងអន្តរាគមន៍ ។ អ្នកទាំង៣នាក់ មានទាំងជនសង្ស័យ សមត្ថកិច្ច និងជនរងគ្រោះ ត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យរុស្ស៊ី។
ប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេមិនបានដឹងថាបុរសខាងលើនេះបានដើរមកពីណានោះទេ ដោយដៃមានកាន់កាំបិត ហើយកាប់ខ្លួនឯងប្រឡាក់សុទ្ធតែឈាម បានដើរអុកឡុកប្រជាពលរដ្ឋពេញផ្លូវ និងគំរាមកាប់ទៀតផង បង្កការភិតភ័យយ៉ាងខ្លាំង លុះដល់ចំណុចកើតហេតុ ស្រាប់តែជនសង្ស័យដែលបែកថ្នាំខាងលើនេះ បានចាប់ក្រៀកស្ត្រីវ័យចំណាស់ម្នាក់ ដែលជាអ្នកលក់អំពៅតាមរទេះមកធ្វើជាចំណាត់ខ្មាំង បណ្តាលឲ្យរងរបួសក្បាលនិងជើង ភ្លាមៗសមត្ថកិច្ចបានចុះមកអន្តរាគន៍រំដោះស្ត្រីរងគ្រោះ ដោយភ្លាមនោះលោកអនុសេនីយ៍ទោ ម៉ៅ សំណាង បានស្ទុះចូលទៅវាយដៃជនសង្ស័យដើម្បីឲ្យជ្រុះកាំបិត ហើយរំដោះយកស្ត្រីរងគ្រោះចេញ តែក៏ត្រូវជនសង្ស័យកាប់ចំដៃបណ្តាលឲ្យរងរបួសកដៃខាងស្តាំទើបកងកម្លាំងសមត្ថកិច្ចចូលទៅក្រៀកចាប់បានជនសង្ស័យតែម្តង ។
បច្ចុប្បន្ន បុរសជនជាតិចិនបែកថ្នាំខាងលើនេះ ត្រូវបានលោកកូយ សៅ ចៅក្រមស៊ីបសួរសាលាដំបូង រាជធានីភ្នំពេញបានសម្រេចចេញដីកាបង្គាប់ឲ្យឃុំខ្លួន ដាក់ពន្ធនាគារព្រៃសរជាបណ្តោះអាសន្ន ពីបទហឹង្សាដោយ ចេតនាមានស្ថានទំងន់ទោសបទបញ្ញាត្តិមានចែងតាមមាត្រា២១៨នៃក្រមព្រហ្មទណ្ឌ ៕សតារា