ភ្នំពេញ ៖ ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានទទួលជនជាតិអាមេរិកម្នាក់ និងនីហ្សេរីយ៉ាម្នាក់ ពីសមត្ថកិច្ចខណ្ឌដូនពេញនិងខណ្ឌចំការមន កាលពីវេលាម៉ោង១រសៀលថ្ងៃអង្គារ ១២រោច ខែកក្ដិកឆ្នាំច សំរិទ្ធិស័ក ព.ស ២៥៦២ ត្រូវថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០១៨ ។
លោកវរសនីយ៍ទោ ជា ចិត្រា នាយការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថាជនបរទេស ទី១-ឈ្មោះ ESUA TOMASZSANKARA ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិនីហ្សេរីយ៉ា ពីកម្លាំងនគរបាលប៉ុស្តិ៍ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ ពីបទ រវើរវាយ ចូលសម្រាកមន្ទីពេទ្យរុស្សី និងគ្មានលិខិតឆ្លងដែនជាប់និងខ្លួន។បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជា នៅថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៤ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ តាមការសាកសួរ បានអោយដឹងថា លិខិតឆ្លងដែនរបស់គេបានផុតទិដ្ឋារស្នាក់នៅ (នៅថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៦) រយៈកាលស្នាក់នៅប្រទេសកម្ពុជាគ្មានការងារធ្វើ និងទីកន្លែងស្នាក់នៅមិនពិតប្រាកដ។ ជនបរទេសទី២-ឈ្មោះ BOWEN DAVIDWAINEAN THONY ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិអាមេរិក ពីកម្លាំងនគរបាលប៉ុស្តិ៍ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទ គ្មានលិខិតឆ្លងដែនជាប់និងខ្លួន និងមានសតិមិនប្រក្រតី។
បន្ទាប់មកកម្លាំងការិយាល័យបានធ្វើការសាកសួរ ឃើញថាជននេះចូលមក ប្រទេសកម្ពុជា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៦ តាមព្រលានយន្តហោះអន្តរជាតិភ្នំពេញ។ ស្នាក់នៅផ្ទះលេខ៤១E1 ផ្លូវលេខ៤៣ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូពេញ រយៈកាលស្នាក់នៅប្រទេសកម្ពុជា គ្មានការងារធ្វើ គ្មានលិខិតឆ្លងដែនជាប់នឹងខ្លួននិងមានសតិមិនប្រក្រតី។ ត្រូវបានឃាត់ខ្លួនបញ្ជូនទៅអគ្គនាយកដ្ឋានដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕ស រស្មី