ព័ត៌មានទាន់ហេតុការណ៍៖

បុរសវ័យ៦៨ឆ្នាំម្នាក់ ដេកស្លាប់ក្នុងមន្ទីរពេទ្យវេជ្ជបណ្ឌិតយីហោគីមសាន រហូតមានក្លិនស្អុយភាយសាយ

ចែករំលែក៖

ភ្នំពេញ៖ បុគ្គលិកមន្ទីរពេទ្យ វេជ្ជបណ្ឌិត នៅ គីមសាន ពិនិត្យ និងព្យាបាល ទឹកនោមផ្អែម និងជំងឺទូរទៅ ប្រទះឃើញសាកសពជនបរទេសវ័យ៦៨ឆ្នាំម្នាក់ ដេកស្លាប់នៅក្នុងបន្ទប់ បង្កការភ្ងាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យភ្លាមៗ ។

ករណីមនុស្សខាងលើនេះ បង្កការភ្ងាក់ផ្អើលឡើងកាលពីវេលាម៉ោង៨ព្រឹក ថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធស័កព.ស២៥៦២ ត្រូវនឹងថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៨ ចំណុចមន្ទីរពេទ្យវេជ្ជបណ្ឌិត នៅ គីមសាន ពិនិត្យ និង ព្យាបាល ស្ថិតនៅផ្ទះលេខ២២ បន្ទប់លេខ៨ ជាន់ទី២ ផ្លូវលេខ១១៣ ក្រុម៨ ភូមិ២សង្កាត់បឹងព្រលិត ខណ្ឌ៧មករា ។

ជនរងគ្រោះ (សព) ឈ្មោះ Wagemann Reinhard ភេទប្រុសអាយុ៦៨ឆ្នាំ កាន់លិខិតឆ្លងដែនលេខ C1VC2X8G5 ។

តាមប្រភពព័ត៍មានពីបុគ្គលិកមន្ទីរពេទ្យខាងលើ បានឲ្យដឹងថាបុរសរងគ្រោះជាជនជាតិបរទេស បានចូលមកជួលបន្ទប់ស្នាក់នៅកាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៨ មួយរយៈ បើគិតមកដល់ថ្ងៃកើតហេតុ គឺមានរយៈពេលជាង៣ខែមកហើយ ប៉ុន្មានថ្ងៃចុងក្រោយនេះ ជនរងគ្រោះមិនបាន ចុះមកខាងក្រោមរកបាយទឹកនោះទេ ក៏ស្រាប់តែមានក្លិនស្អុយភាយសាយ ក៏នាំគ្នាដើរកមើលស្មានតែមានសត្វងាប់ រហូតទៅដល់បន្ទប់ជនរងគ្រោះ ក៏ភាយក្លិនស្អុយកាន់តែខ្លាំង ស្រាប់តែឃើញបុរសជនបរទេសខាងលើស្លាប់បាត់ទៅហើយ រួចក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានតែម្តង ។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញផ្នែកបច្ចេកទេសវិទ្យាសាស្ត្រនិង គ្រូពេទ្យជំនាញកោសលវិច័យបានបង្កើតគណៈកម្មាការត្រួតពិនិត្យលើសព រួចបញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារជំងឺគាំងបេះដូង ។ ចំណែកសពសមត្ថកិច្ចជំនាញបានដឹកយកទៅរក្សាទុកនៅសាលតម្កល់សពនៅមន្ទីរពេទ្យរុស្ស៊ីរង់ចាំប្រគល់ឲ្យខាងស្ថានទូតចាត់ការតាមនីតិវិធី ៕ស រស្មី


ចែករំលែក៖